ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តបាត់ដំបង ល្បីកំពុងពង្រឹងអំណាច តែងតាំងភរិយា និងសាច់ញាតិ ឲ្យកាន់តំណែង សំខាន់ៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 12:33 ល្ងាច អ្នកអាន 1279

 ភ្នំពេញ៖យោងតាមប្រភពមន្ត្រីសាលាខេត្តបាត់ដំបងបានទម្លាយឱ្យដឹងថា លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រើឥទ្ធិពល របស់ខ្លួនក្នុងការតែងតាំង ភរិយារបស់ខ្លួនឈ្មោះ ហុង ផានី ជាអនុប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបងរួមទាំងសាច់ញាតិ ជាច្រើននាក់ទៀត ឲ្យកាន់តំណែងសំខាន់ៗ ដើម្បីពង្រឹងអំណាចរបស់ខ្លួនដោយមានភាពមិនប្រក្រតី។ បញ្ហានេះបានធ្វើឲ្យមន្ត្រីមួយចំនួន មានការមិនសប្បាយចិត្ត។ ប៉ុន្តែលោកអភិបាលខេត្តបានបញ្ជាក់ថា ពេលនេះលោកកំពុងរៀបចំ ឯកសារបំភ្លឺ ជូនសម្តេច ក្រឡាហោម ស ខេង អំពីបញ្ហានេះពីព្រោះការស្នើតែងតាំងនោះ បានកើតឡើងតាំងពី លោកមិនទាន់កាន់ តំណែងជាអភិបាលខេត្ត មកម្ល៉េះ។

ប្រភពដដែលបានបន្តថា តួនាទីសំខាន់ៗ ដែលភរិយា និងសាច់ញាតិ របស់អភិបាលខេត្តបាត់ដំបង មានដូចជាទី១.ភរិយារបស់អភិបាលខេត្តបាត់ដំបងឈ្មោះ ហុង ផានី ជាអនុប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង ដោយចេញដីកាតែងតាំងកាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៩។ ចំពោះការស្នើតែងតាំងភរិយា របស់លោកអភិបាលខេត្តបាត់ដំបង ងួន រតនៈ នេះមិនត្រឹមត្រូវតាមតារាងពិពណ៌នាមុខដំណែងនោះទេ។
ព្រោះលោកស្រី ហុង ផានី មានតែសញ្ញាបត្រឆ្មបមធ្យមមួយតែប៉ុណ្ណោះផ្ទុយនឹងអនុក្រឹត្យ១១៤ស្តីពីកាកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខដំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលបានចុះហត្ថលេខាដោយសម្តេចកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ។
នៅត្រង់មាត្រា៥ ចំណុចលេខ២ ត្រេទី២ បានចែងថា អនុប្រធានមន្ទីរជំនាញរាជធានី ខេត្ត ឬថ្នាក់ប្រហាក់ប្រហែល ត្រូវមានចំនួនច្រើនបំផុតត្រឹម៣(បី)រូប ។
ឥឡូវនេះ អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង រួមទាំងប្រពន្ធលោក ងួន រតន: មានដល់ចំនួន៤រូបលើសពីចំនួនដែលច្បាប់ជាតិកំណត់។ ទី២. ឈ្មោះ ងួន វិបុល ជាអភិបាលរងនៃគណៈអភិបាល ស្រុកបាណន់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ទី៣. ឈ្មោះ សយ សេរី ជាប្រធានការិយាល័យភូមិបាលស្រុកកំរៀង។ទី៤. ឈ្មោះ ស៊ី ដារ៉ូ ជាប្រធានការិយាល័យរដ្ឋបាលនៅមន្ទីរដែនដី នគររូបនីយកម្មនិងសំណង់ ខេត្តបាត់ដំបង។ ៥. ឈ្មោះ ទី គឹមហេង ជាអនុប្រធានការិយាល័យភូមិបាលក្រុងបាត់ដំបងនិង
៦. ឈ្មោះ ហូ លន់សីហា ជាប្រធានការិយាល័យភូមិបាលស្រុកបាណន់។

មន្ត្រីបានឲ្យដឹងថា ក្រៅមានការតែងតាំងប្រពន្ធ និងសាច់ឈាមដូចដែលមានឈ្មោះ ខាងលើនោះ គឺនៅមានការស៊ុមគ្រលុំគ្នាតែងតាំងមន្ត្រីរាជការទ្បើង តោងតាមជើងខោ អភិបាលខេត្តបាត់ដំបង ជាច្រើននាក់ទៀត។
ពាក់ព័ន្ធជុំវិញភាពមិនប្រក្រតីនេះ អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ បកស្រាយពីលោកងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅឡើយទេ។ ប៉ុន្តែ ទាក់ទងករណីខាងលើនេះ លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រាប់រស្មីកម្ពុជា ថា ចំពោះករណីនេះ លោកកំពុងរៀបចំធ្វើការបំភ្លឺជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
លោកបានបញ្ជាក់ថា ចំពោះការតែងតាំងនេះ គឺអ្នកខ្លះតែងតាំងតាំងពីលោកមិនទាន់ឡើងជាអភិបាលខេត្ត ម្ល៉េះ។

អភិបាលខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំកំពុងរៀបចំឯកសារធ្វើការបំភ្លឺទៅក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធទាំងអស់លើរឿងនេះ ពីព្រោះការប្រើពាក្យមិនប្រក្រតីវាប៉ះពាល់ដែរ ។ រាល់ការតែងតាំង គឺមានការសុំគោលការណ៍ ទៅក្រសួងសុខាភិបាល ក្រសួងមុខងារសាធារណៈ តែប៉ះសាច់ញាតិទៅវាអ៊ីចឹងឯង។ អ្នកខ្លះតែងតាំងតាំងពី២០១០ និងអ្នកខ្លះតែងតាំងតាំងពីឆ្នាំ២០១៦ តាំងពីខ្ញុំមិនទាន់ឡើងជាអភិបាលខេត្ត។ តែងតាំងខ្លះប្រាំឆ្នាំមុនក៏មាន ១០ឆ្នាំមុនក៏មាន តាំងពីខ្ញុំនៅមិនទាន់ឡើងមកម្ល៉េះ”។

លោកងួន រតនៈ បានបញ្ជាក់ថា ការបំភ្លឺលើករណីខាងលើនេះ គឺលោកធ្វើការបំភ្លឺជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,906 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,564,133 នាក់