ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តព្រះវិហារ អំពាវនាវ ឲ្យមានចលនា លែងកូនត្រី នៅតាមមូលដ្ឋាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 12:48 ល្ងាច អ្នកអាន 283

ខេត្តព្រះវិហារ៖អភិបាលខេត្តព្រះវិហារ អំពាវនាវ ដល់អាជ្ញាធរដែនដីមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និងអង្គភាពនានា សូមចូលរួមសកម្មថែមទៀត ក្នុងចលនា លែង កូនត្រីនេះ នៅគ្រប់កន្លែងតាមមូលដ្ឋាន ដើម្បីឱ្យក្លាយទៅជាប្រពៃណី លែងកូនត្រី ដូចជាការពញ្ញាក់ស្មារតី អភិរក្សជលផលដល់ប្រជាពលរដ្ឋ ក៏ដូចជា ការបង្កើនផលត្រីផងដែរ។

ថ្លែងក្នុងទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ ២០១៩ នៅស្រះជម្រកត្រីសហគមន៍ទំនប់៩៥ ភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ថ្ងៃចន្ទ ទី២៣ខែកញ្ញាព្រឹកមិញលោកប្រាក់ សុវណ្ណ អភិបាល អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា វិស័យជលផល ក្នុងការចូលរួមចំណែក កសាងសេដ្ឋកិច្ចជាតិ និងបំពេញសេចក្តីត្រូវការរបស់ប្រជាជនទូទៅ ជាពិសេសប្រជាជនរស់នៅតាមជនបទ ទើបប្រជាពលរដ្ឋ យើង តែងតែមានប្រពៃណី ចូលរួមថែរក្សាការពារធនធានធម្មជាតិគ្រប់ប្រភេទ ដូចជាមច្ឆជាតិ ព្រៃលិចទឹក ព្រៃឈើ សត្វព្រៃ និងរ៉ែក្នុងដី ជាដើម។

លោកប្រាក់ សុវណ្ណ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពខ្ពស់បំផុត មួយសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ទាំងមូល ក្នុងនោះ ក៏មានការកែទម្រង់វិស័យជលផល និងវិស័យព្រៃឈើផងដែរ។ ដូច្នេះ ត្រូវតែចូលរួមទាំងអស់គ្នា ដោយត្រូវចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព បានផ្សារភ្ជាប់ទៅនឹងការធ្វើអាជីវកម្មសមស្រប ហើយក៏ត្រូវគិតគូរពីការអភិរក្សជលផល និងការការពារបរិស្ថានជលផល ដែលនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងមានតម្លៃបំផុតសម្រាប់ទ្រទ្រង់ជីវិត មនុស្ស សត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន សម្រាប់បម្រើឱ្យការប្រើប្រាស់ ក្នុងពេលបច្ចុប្បន្ន និងកូនចៅ ជំនាន់ក្រោយៗទៀត ។

លោកបានបន្ថែមទៀតថា សម្រាប់ខេត្តព្រះវិហារ ដើម្បីពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍ វិស័យជលផលឱ្យមានចីរភាព មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុតបន្ថែមទៀតចំពោះការប្រើប្រាស់ប្រភេទឧបករណ៍នេសាទខុសច្បាប់ ដូចជា ការនេសាទ ដោយ ឧបករណ៍ឆក់ និងឧបករណ៍ស្បៃមុងជាដើម។ ពង្រឹង និងជំរុញឡើងវិញ ចំពោះស្រះ ជម្រកត្រីសហគមន៍ ដែលបានបង្កើតហើយ និងបន្តបង្កើតថ្មីបន្ថែមទៀត ឲ្យបានច្រើនដល់មូលដ្ឋានភូមិឃុំក្នុងទូទាំងខេត្ត នេះជាវិធីសាស្រ្តធ្វើឱ្យត្រីសំបូរឡើងវិញ ជំរុញឱ្យមានកន្លែងអភិរក្សពូជត្រី នៅក្នុងសហគមន៍នីមួយៗ ដើម្បីជួយបង្កើនត្រីមេពូជឲ្យបានច្រើនសម្រាប់ពងកូនបន្តពូជ។

មន្ទីរកសិកម្ម ត្រូវអប់រំ និងផ្តល់សេវាបច្ចេកទេសដល់ប្រជាពលរដ្ឋ ដែលចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងសហគ្រាសបន្ថែមទៀត។ បន្តកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការគ្រប់គ្រងកន្លែងអភិរក្សជលផល ឱ្យបានល្អប្រសើរ និងបន្តការបង្ក្រាបបទល្មើស ជលផល តទៅទៀត និងជាប្រចាំ ដោយចាត់វិធានការគ្រប់បែបយ៉ាងសហការ វាងអ្នកពាក់ព័ន្ធ ហើយត្រូវធ្វើឱ្យបានគ្រប់ទីកន្លែង ដូចភ្លៀងរលឹមដោយផ្តោតជាសំខាន់លើបទល្មើស ដែលបំផ្លិចបំផ្លាញខ្លាំងដូចជា ឧបករណ៍ឆក់ និងឧបករណ៍ស្បៃមុងជាដើម។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានខណ្ឌរដ្ឋបាលជលផល ជាសេនាធិការត្រូវបំផុសលើកទឹកចិត្តដល់វិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ឱ្យវិនិយោគលើការងារចិញ្ចឹមត្រី និងចែករំលែកការងារបច្ចេកទេសទៅវិញទៅមក ជាពិសេសការចិញ្ចឹម និងបង្កាត់ភ្ញាស់ប្រភេទត្រីក្នុងស្រុកដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដើម្បីបម្រើឱ្យទីផ្សារ និងបង្កើនប្រាក់ចំណូល ជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនធម្មជាតិផង និងអនុវត្តន៍យុទ្ធសាស្រ្តភូមិមួយផលិតមួយផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 85,372 នាក់
ម្សិលមិញ : 93,784 នាក់
សរុប : 83,563,599 នាក់