ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

តំណាងរាស្ត្រ សៀង ណាំ ចុះពិនិត្យ ស្ថានភាព ទឹកជំនន់ នៅស្រុកក្រឡាញ់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:55 ព្រឹក អ្នកអាន 2259

ខេត្តសៀមរាប៖តំណាងរាស្ត្រ មណ្ឌលសៀមរាប លោកឧកញ៉ា សៀង ណាំ បានចុះពិនិត្យស្ថានភាព ទឹកជំនន់ នៅស្រុកក្រឡាញ់ បន្ទាប់ពីភូមិឃុំ និងផ្លូវមួយចំនួនបានរងការលិចលង់។

អភិបាលស្រុកក្រឡាញ់ លោកស្រី ម៉ននី រង្សី បានប្រាប់អ្នកយកព័ត៌មានថា មានឃុំចំនួន៣ ក្នុងស្រុកក្រឡាញ់ រងគ្រោះដោយសារទឹក ជំនន់ ដែលបណ្ដាលធ្វើឲ្យប៉ះពាល់ដល់ដំណាំ ស្រូវរបស់ប្រជាពលរដ្ឋ និង ខូចខាតផ្លូវលំមួយចំនួន ក្នុងនោះ៖នៅឃុំក្រូចគរ បានដាច់ស្ពានចំនួន១កន្លែង មានប្រវែង ២០ម៉ែត្រ , ទឹកហូរកាត់ផ្លូវលំប្រវែង៣០០ម៉ែត្រ និង លិចស្រូវវស្សាចំនួន៤០០ហិកតា , ២.ឃុំស្នួល លិចស្រូវវស្សាប្រហែលចំនួន៥៥០ហិកតា និងទឹកហូរកាត់ផ្លូវប្រវែង ១.៣០០ ម៉ែត្រ និង នៅឃុំចន្លាស់ដៃ ទឹកជំនន់បានស្រកខ្លះវិញហើយ។

លោកស្រី ម៉ននី រង្សី បានបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលស្រុក បានកំពុងយកចិត្តទុកដាក់ តាមដានសភាពការណ៍គ្រោះ មហន្តរាយនានាក្នុងស្រុកនេះ។

ជាមួយគ្នានេះឧកញ៉ា សៀង ណំា ក៏បានដឹកនាំក្រុមការងារថ្នាក់ខេត្ត បានចុះដល់ទីតាំង ដែលជន់លិចផ្ទាល់ភ្លាមៗ នៅភូមិព្រៃខ្យង និងភូមិរើល ក្នុងឃុំក្រូចគរ និង បន្តចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិព្រៃល្ងៀង ក្នុងឃុំស្នួល ដើម្បីពិភាក្សាគ្នា និង រិ:រកវិធានការ ជួយដល់ប្រជាពលរដ្ឋ ក្នុងករណីចាំបាច់ ។

គួររម្លឹកថា នៅស្រុកអង្គរជុំ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗ គ្នាប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កឲ្យមានទឹកជំនន់កើតឡើងចាប់តាំងពីម៉ោង៨យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩ ដោយបានធ្វើឲ្យលិច សាលារៀន មន្ទីរពេទ្យ ផ្សារ ផ្ទះប្រជាពលរដ្ឋ និងផ្លូវ ពិសេសបានធ្វើឲ្យ ផ្ទះប្រជាពលរដ្ឋចំនួន៤២០ខ្នងនៅក្នុងឃុំដូនពេង ទទួលរងគ្រោះ។ ក្នុងនោះមានផ្ទះប្រមាណ៣០០ខ្នង នៅក្នុងភូមិបេង និងភូមិខ្ចាស់ មានការលិចខ្លាំងជាងគេ ខណៈអ្នកជំងឺចំនួន៦នាក់ដែលស្នាក់នៅព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកអង្គរជុំ ត្រូវបានបញ្ជូនចេញទៅកាន់មន្ទីរពេទ្យស្រុកពួក ក្នុងចំណោម៤៣នាក់។

ករណីនេះនៅថ្ងៃទីថ្ងៃទី២៤ខែកញ្ញាម្សិលមិញ លោក ពិន ប្រាកដ អភិបាលរងខេត្ត និង ជាតំណាង អភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យស្ថានភាព ផ្ទាល់នៅតំបន់មួយចំនួន ក្នុងស្រុកអង្គរជុំ ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,768 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,262 នាក់