ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មតិ! ការសាងសង់ ច្រាំងស្ទឹងសង្កែ ដូចបំផ្លាញលុយរដ្ឋ រាប់រយលានរៀល ក្នុងមួយឆ្នាំៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:05 ល្ងាច អ្នកអាន 874

ខេត្តបាត់ដំបង៖មានការលើកឡើងថា ការសាងសង់ ច្រាំងស្ទឹងសង្កែ ប្រៀបបីដូចបំផ្លាញលុយរដ្ឋ រាប់រយលានរៀល ក្នុងមួយឆ្នាំៗ ដោយសារតែការធ្វើនោះ មិនមានគុណភាព រឹងម៉ាំបានយូអង្វែង។

សារព័ត៌មានswiftnews បានចេញផ្សាយនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញថា ថវិកាជាតិ រាប់រយលានរៀល ចំណាយលើការសាងសង់ច្រាំងស្ទឹងសង្កែ នៅចំណុចក្បាលស្ពានវត្តគរ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានបំផ្លាញចោលទៅវិញ តាមទឹក ក្នុងរយៈពេលមួយឆ្នាំម្តងៗ ដោយសារតែច្រាំងស្ទឹងសង្កែ ដែលសាងសងរួចនោះ បានបាក់ស្រុតទៅវិញ នៅពេលទឹកឡើងម្តងៗ។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង លើកឡើងថា ច្រាំងស្ទឹងសង្កែ នៅទីរួមខេត្តបាត់ដំបងនេះ ធ្វើទៅតាមថវិកា ដែលក្រសួង ផ្តល់ឲ្យ។

ប្រជាពលរដ្ឋ លើកឡើងថា ជារៀងរាល់ឆ្នាំ ពួកគាត់តែងសង្កេតឃើញបុគ្គលិក និងមន្ត្រីខាងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង រៀបចំស្ថាបនាចាក់ទប់ច្រាំងស្ទឹងសង្កែ នៅចំណុចក្បាលស្ពានវត្តគរ ជាប្រចាំ ដែលការងារមួយនេះ ធ្វើហើយ ធ្វើទៀត ចាក់កាយ កាយចាក់កន្លែងដដែលៗ គឺចំណាយតែកម្លាំង និងថវិកាជាតិ រាប់រយលានរៀល ហើយដីច្រាំង នៅតែបាក់ស្រុតដដែល។ ធ្វើឲ្យប្រជាពលរដ្ឋ ព្រួយបារម្ភ ខ្លាចបាក់ស្រុតរាលដាលខូចខាត ដល់ស្ពានឆ្លង ស្ទឹងសង្កែទាំងស្រុងផងដែរ។

ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ នៅចំណុចក្បាលស្ពានវត្តគរ បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ថា ការជួសជុលចាក់ច្រាំងស្ទឹងសង្កែ នៅចំណុចគល់ស្ពានវត្តតាមិមនេះ បើសិនជាមន្ត្រីជំនាញធ្វើដោយបុកគ្រឹះ គឺមិនបាក់ស្រុត នៅពេលទឹកឡើងនោះទេ តែនេះចំណាយត្រឹមតែយកថ្ម មកចាក់ គឺមិនអាចជាប់នោះទេ ព្រោះទឹកវាហូរ ហើយការធ្វើរបៀបនេះ លោកឃើញស្តាយទាំងកម្លាំង និងស្តាយទាំងថ្មភ្នំ។

ជុំវិញការលើកឡើងខាងលើ លោកចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានប្រាប់អ្នកយកព័ត៌មាន តាមរយៈទូរសព្ទថា ខាងលោក នៅកំពុងតែបន្តធ្វើទៀត មិនទាន់ចប់ទេ ហើយការបាក់ស្រុតដដែលនេះ លោកថា គម្រោងពីឆ្នាំមុន ដែលធ្វើទៅ វាមិនជោគជ័យ ទើបរៀបចំកាយសម្រួលធ្វើឡើងវិញ ដោយសារតែគ្រឹះវាអន់ពេក ដែលពីមុនជើងវាតូច ឥលូវយើងពង្រីកវាដល់ធំ វារាងយឺតបន្តិច។ ដោយសារវាខូចវែងពេក វាហួសគម្រោង។ គម្រោងចាស់ គឺមានតែក្បាលស្ពានបន្តិចទេ។

ប្រធានមន្ទីរ បន្តថា ការចំណាយស្តារជួសជុលឡើងវិញ នូវច្រាំងស្ទឹងសង្កែនេះ កាលនោះ ចំណាយដូចជា ២០០លាន ឬក្រោម ២០០លានរៀល ហើយការលើកឡើងពីប្រជាពលរដ្ឋថា ចំណាយថវិកាជាតិច្រើននោះ គឺលោកប្រធានមន្ទីរ អះអាងថា មិនមែនទេ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង មិនបានយកថវិកាជាតិណា មកធ្វើទៀតទេ។ នេះជាទឹកចិត្តរបស់លោក ចេះតែបន្តជួយ កុំឲ្យមើលទៅ ថាយើងធ្វើបានប៉ុណ្ណឹង ទុកចោល។

ប្រធានមន្ទីរ បានបញ្ជាក់ថា បើសិនជាយើងចង់ឲ្យមាំ ហើយជាប់តែម្តង ទាល់តែយើងធ្វើរបៀបមាំទាំ ដូចច្រាំង នៅមុខពេទ្យ វាអស់ជាង ១លានដុល្លារ។ តែកន្លែង ដែលបាក់ច្រាំង នៅក្បាលស្ពានវត្តតាមិមនេះ ថវិកាមានត្រឹមតែ ២០០លានរៀល ស្មើនិងប្រហែល ៥ម៉ឺនដុល្លារប៉ុណ្ណោះ។
ប្រធានមន្ទីរ បន្តថា ជាធម្មតាទេ បងប្អូនប្រជាពលរដ្ឋ មិនដឹង។ គាត់ចេះតែលើកទៅ។ តាមពិតបច្ចេកទេសនៃការធ្វើវាផ្សេងៗគ្នា។ ធ្វើរបៀបមាំ វាថ្លៃ តែនេះយើងធ្វើគ្រាន់តែយកថ្ម យកសំណាញ់ មកចងដាក់ទៅតាមគម្រោងលុយប៉ុណ្ណោះ។

មហាជនថា បើការសាងសង់នេះ មិនយកថវិកាជាតិមក ធ្វើ តើមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ដែលគ្រប់គ្រង ដោយលោកចាន់ សំបូរ បានថវិកា មកពីណា? ឬមួយថវិកា ប្រាក់ខែរបស់លោក?

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,927 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,097 នាក់