ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ដកតំណែង លោកណុប វុទ្ធី តែងតាំង កូនផ្កាយបួន ឃឹម ប៊ុនសុង ជាអភិបាលស្រុកបន្ទាយស្រី ជំនួស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 08:00 ព្រឹក អ្នកអាន 1425

ខេត្តសៀមរាប៖នៅទីបំផុត លោក ឃឹម ហ្វីណង់ ឋានន្តរសកិ្តវរៈមន្ត្រីថ្នាក់លេខ៣ នាយករងរដ្ឋបាលសាលាខេត្តសៀមរាប និងជាកូនប្រុសបង្កើត នាយឧត្តមសេនីយ៍ឃឹម ប៊ុន សុង រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាលខេត្តសៀមរាប ត្រូវបានធ្វើការ ប្រកាសចូលកាន់ តំណែងជាអភិបាលស្រុកបន្ទាយស្រី ជំនួសលោក ណុប វុទ្ធី អតីតអភិបាលស្រុក ដែលត្រូវផ្ទេរភារកិច្ចពីអភិបាលស្រុកបន្ទាយស្រី ឲ្យទៅបំរើការនៅសាលាខេត្តសៀមរាប វិញ។

ការប្រកាសលោក ឃឹម ហ្វីណង់ ជាអភិបាលស្រុកបន្ទាយស្រី នេះ ធ្វើឡើងនៅថ្ងៃទី៤ខែតុលាម្សិលមិញ ក្រោមវត្តមានលោកទៀ សីហា អភិបាលខេត្តសៀមរាប។

លោកទៀ សីហា បានថ្លែងថា ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកថ្មីនេះ គឺមានការជឿជាក់យ៉ាងច្បាស់ ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ។ ម៉្យាងទៀតក៏ជាគោលការណ៍ របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីដឹកនាំថ្នាក់ក្រោមជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងការបម្រើដល់តម្រូវការ ផលប្រយោជន៍របស់ប្រពលរដ្ឋ។

អភិបាល បានក្រើនរំលឹកដល់ អភិបាលស្រុកបន្ទាយស្រី ដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋ ឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ពិសេសត្រូវបន្តដោះស្រាយ បញ្ហាទំនាស់ដីធ្លី ដែលនៅសេសសល់ ឲ្យបានលឿន និងមានប្រសិទ្ធភាព និងត្រូវគោរពច្បាប់ រដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកបន្តថា កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន គឺជាភារកិច្ចស្នូល សុខទុក្ខប្រជាពលរដ្ឋជាបញ្ហាចំបង ការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់ ហើយការស្រឡាញ់ជាតិមាតុភូមិ រួមគ្នាថែរក្សាសន្តិភាព បន្តនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,984 នាក់
ម្សិលមិញ : 83,209 នាក់
សរុប : 83,416,427 នាក់