ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សិស្សនិទ្ទេសA៤៤៣នាក់ បានជួប មេដឹកនាំ កម្ពុជា នៅវិមានសន្តិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:07 ល្ងាច អ្នកអាន 600

ភ្នំពេញ៖សិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស(A)ចំនួន៤៤៣នាក់ បានជួប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មេដឹកនាំកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី ៧ ខែតុលា ព្រឹកមិញនេះ។

ការផ្តល់ឱកាសឱ្យសិស្សនិទ្ទេស (A) ចួលជួបសំណេះ សំណាល ដោយផ្ទាល់នេះ គឺជាការផ្តល់តម្លៃ និងលើកទឹកចិត្តដ៏ឧត្តុង្គឧត្តម មួយពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល សម្រាប់អ្នកសិក្សា ជាពិសេសក្មួយៗ ចៅៗ សិស្សានុសិស្ស ដែលបានខិតចំប្រឹងប្រែរៀនសូត្រ។ ឆ្នាំ២០១៩ នេះគឺជាឆ្នាំទី៦ហើយ។

ក្នុងឱកាសនេះផងដែរ នាយករដ្ឋមន្ត្រី បានក៏ផ្តាំផ្ញើនូវព្រះរាជបណ្តាំ របស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះចៅៗដែលបានទទួលបាននិន្ទេស (A) ទាំងអស់។ ហើយសម្រាប់ប្រាក់រង្វាន់នាឆ្នាំនេះ គឺមានប្រាក់កាក់ ដែលជាព្រះរាជអំណោយ ដ៏វិសេសវិសាលបំផុតរបស់ព្រះអង្គផងដែរ ដែលកម្ពុជា បានបោះពុម្ពផ្សាយ ដើម្បីអបអរសាទរខួប ១៥ឆ្នាំនៃការឡើងគ្រោងរាជសម្បត្តិរបស់ព្រះអង្គ (២០០៤-២០១៩) ហើយនៅថ្ងៃនេះផងដែរ កម្ពុជាយើងក៏បានអនុញ្ញាតឲ្យធ្វើចរាចរនូវក្រដាសប្រាក់១៥,០០០រៀល ដែលជាក្រដាសប្រាក់ទើបចេញថ្មី។

រង្វាន់ លើកទឹកចិត្តដល់កូនក្មួយនិងចៅៗ ដែលទទួលបាននិទ្ទេស (A) ទាំង៤៤៣នាក់ គឺក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល, សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) , iPad ម្នាក់មួយគ្រឿង ដែលជាអំណោយ របស់ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ និងប្រាក់កាក់មាស ដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងម្នាក់ទទួលបាន១ផងដែរ។

ចំពោះលោកគ្រូអ្នកគ្រូដែលជា នាយកសាលា បានអញ្ជើញចូលរួមសរុបចំនួន ១៨៨នាក់ ដែលម្នាក់ៗទទួលបាន ថវិការចំនួន ១លានរៀល ជាមួយសៀវភៅអប់រំទូន្មាន២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១គ្រឿង និងប្រាក់កាក់មាសដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ម្នាក់១ផងដែរ ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) គឺក្នុងមួយសាលាទទួលបានថវិការ ៣លានរៀល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 87,244 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,073,231 នាក់