ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មុខសញ្ញាចាស់ លួចម៉ូតូដ៍សកម្ម នៅក្រុងសៀមរាប ត្រូវបានចាប់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 06:47 ល្ងាច អ្នកអាន 4397

ខេត្តសៀមរាប៖ជនសង្ស័យចំនួន២នាក់ មុខសញ្ញាចាស់ លួចម៉ូតូដ៍សកម្ម នៅក្រុងសៀមរាប ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ខេត្តសៀមរាប ដើម្បីអនុវត្តតាមវិធីច្បាប់ ក្រោយសមត្ថកិច្ច បានធ្វើការសាកសួរចម្លើយរូច។

ហេតុការណ៍ ធ្វើនៅវេលាម៉ោងជាង០២ទាបភ្លឺ ថ្ងៃទី០៧ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចខាងត្បូងរង្វង់មូលវត្តដំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ប្រតិបត្តិការ បង្ក្រាបបាន ជោគជ័យនេះ ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាល ក្រុងសៀមរាប ខណ:ជនសង្ស័យ ដែលកំពុងជិះម៉ូតូឆ្វែល បំរ៉ុងធ្វើសកម្មភាព កាច់សោរកម៉ូតូ។

នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្តសៀមរាប លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅព្រលប់ថ្ងៃទី៧ខែតុលានេះថា ជនសង្ស័យទី១ឈ្មោះអុល រ៉ាត់ ហៅក្រៅអាញ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប។ ទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
-ទី២ឈ្មោះ ហាច ហ៊ូន ហៅហ៊ូន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិរោងគោ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ទីលំនៅស្នាក់នៅបន្ទប់ជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានថ្លែងបន្តថាក្រោយកម្លាំងនគរបាលចម្រុះ ធ្វើការធ្វើឆែកឆេរ រកឃើញវត្ថុតាងដូចជា៖១.ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម១W៣៦២១ លេខតួនិងលេខម៉ាស៉ីន៥៤២៧៤៩០(មិនប្រក្រតី)។
២.កាំភ្លើងខ្លីម៉ាកK៥៤ លេខ៥៥០០៣០៣៨ បង់ចំនួន០១ គ្រាប់ចំនួន០៥គ្រាប់។
៣.ក្បាលគ្រាប់សោរកាច់កម៉ូតូចំនួន០៣គ្រាប់ និងដងកាច់សោរចំនួន០២។
៤.សោរម៉ាឡែតលេខ៨ ប្រវែង២០មីលីម៉ែត្រចំនួន០១។
៥.កូនសោរចំនួន០៣គ្រាប់។
៦.សោរកំប្ល៉េរមួយឈុត។
៧.បារឡុងសំរាប់មួរស្លាកលេខម៉ូតូចំនួន០៤គ្រាប់។
៨.កាំបិតឆ្នៃឆ្កឹះសោរដងពណ៌លឿងចំនួន០២ និងអត់ដងចំនួន០១។
៩.ម្ចុលខ្ទាស់សំរាប់តខ្សែភ្លើងចំនួន០៥។
១០.គ្រាប់ឆក់សំរាប់បើកគំរបសោរម៉ូតូចំនួន០៣គ្រាប់។
១១.ទួរឡឺវីសដងជ័រចំនួន០១។
១២.សៀវភៅកត់លេខទូរស័ព្ទចំនួន០១។
១៣.ផ្លែឡាមសំរាប់ជៀខ្សែភ្លើងចំនួន០១។
១៤.កូនកាបូបដាក់ប្រាក់ពណ៌លឿងចំនួន០១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អុល រ៉ាត់ បានសារភាពថា៖ ខ្លួនធ្លាប់ពន្ធនាគារ ពីបទលួច(ម៉ូទ័បូមទឹក) ហើយចេញពីពន្ធនាគារក្នុងឆ្នាំ២០១៥។ ក្រោយមកខ្លួនបានធ្វើស្គាល់ឈ្មោះ វ៉ា ភេទប្រុស អាយុ អាយុប្រហែល៤០ឆ្នាំ ហើយឈ្មោះ វ៉ា បានឲ្យខ្លួនដើរលួចម៉ូតូកាច់សោរកម៉ូតូ យកទៅលក់ឲ្យខ្លួនគេ ទាំងបានឲ្យសម្ភារ:មួយចំនួន សំរាប់ធ្វើសកម្មភាព លួចកាច់សោរកម៉ូតូមានដូចជា៖ក្បាលសោរកាច់, ដងសោរកាច់, កូនសោរក្បាលគ្រាប់កាច់, សោរម៉ាឡែត។ ហើយម៉ូតូសេរីឆ្នាំ២០១៦ តម្លៃ៥០០$, ម៉ូតូសេរីឆ្នាំ២០១៧ តម្លៃ៦០០$, ម៉ូតូសេរីឆ្នាំ២០១៨ ឆ្នាំ២០១៩ តម្លៃ៨០០$, ម៉ូតូZoomerX តម្លៃ៥០០$ កន្លងមកខ្លួនបានធ្វើសកម្មភាពលួច កាច់សោរកម៉ូតូ ក្នុងក្រុងសៀមរាប បានចំនួនប្រហែលប្រាំមួយគ្រឿង។ ចំណែកកាំភ្លើងខ្លីម៉ាកK៥៤ លេខ៥៥០០៣០៣៨ ខ្លួនទិញពីឈ្មោះ វ៉ា តម្លៃ៥០០$។

ចំណែកចម្លើយរបស់ឈ្មោះ ហាច ហួន ហៅឡាម បានសារភាពថា៖ ខ្លួនធ្លាប់ជាប់ពន្ធនាគារ កាលពីថ្ងៃទី២៣ខែមិនា ឆ្នាំ២០១៩ ពីបទលួច(កាច់សោរកម៉ូតូ) ហើយចេញពីពន្ធនាគារ ខែសីហា ឆ្នាំ២០១៩។

ដោយកន្លងមក ថ្ងៃទី០៤ខែតុលាឆ្នាំ២០១៩ ២៣និង០០នាទី នៅចំណុចមុខវត្តកេសរ៉ារាម ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខ្លួននិងឈ្មោះ អុល រ៉ាត់ បានធ្វើសកម្មភាព កាច់សោរកម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាZoomerX ពណ៌ក្រហម បិទស្គត់ខ្មៅ សេរីឆ្នាំ២០១៨ ហើយយកទៅលក់ឲ្យឈ្មោ វ៉ា បានតម្លៃ៥០០$។ នៅថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទី នៅចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខ្លួននឹងបក្ខពួក បានធ្វើសកម្មភាព កាច់សោរកម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌សលាយខ្មៅ សេរីឆ្នាំ២០១៩។
ជាក់ស្តែងនៅវេលាម៉ោងប្រហែលជាងពីរទាបភ្លឺ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ខ្លួននិងឈ្មោះ អុល រ៉ាត់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម១W៣៦២១ បំរ៉ុងធ្វើសកម្មភាព លួចកាច់សោរក ម៉ូតូបន្ត តែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,435 នាក់
ម្សិលមិញ : 91,969 នាក់
សរុប : 84,093,339 នាក់