ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីជំនាញអះអាងថា សត្វជ្រូករបស់ ក្រុមហ៊ុនស៊ីភី នៅស្រុកបន្ទាយស្រី ចំនួន២កន្លែង ពុំមានជំងឺនោះទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:38 ល្ងាច អ្នកអាន 459

ខេត្តសៀមរាប៖មន្ត្រីជំនាញខេត្តសៀមរាបអះអាងថា កសិដ្ឋានចិញ្ចឹមជ្រូក របស់ក្រុមហ៊ុនស៊ីភីCP នៅស្រុកបន្ទាយស្រីចំនួន២កន្លែង មិនមានជំងឺអ្វីនោះទេ។

មន្ត្រីចម្រុះ ខេត្តសៀមរាប នៅថ្ងៃទី៨ខែតុលា ម្សិលមិញ រួមមាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីបសុពេទ្យនិងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនិតិវិធី ដោយលោក ជួន សុបញ្ញា ព្រះរាជអជ្ញារង អមសាលាដំបូង ខេត្តសៀមរាប បានចុះពិនិត្យ នូវទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក របស់ក្រុមហ៊ុនស៊ីភី។

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាបបានឲ្យដឹងថា ការចុះត្រួតពិនិត្យ កសិដ្ឋានចិញ្ចឹមជ្រូក ០១កន្លែង នៅភូមិអូរម្នាស់ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៤៥នាទី ដែលមានម្ចាស់កសិដ្ឋានឈ្មោះ ជា ស៊ុយអាង ភេទប្រុស អាយុ៥៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងក្រុងសៀមរាប។ ក្នុងការចុះត្រួតពិនិត្យ ទីតាំងខាងលើ កម្លាំងចម្រុះបានពិនិត្យឃើញ ដូចខាងក្រោម៖ កសិដ្ឋានចិញ្ចឹមជ្រូកនេះមានអនាម័យល្អ ប្រព័ន្ធបង្ហូរកាកសំណល់ត្រឹមត្រូវ មានថ្នាំសម្លាប់មេរោគ មុនចូលកសិដ្ឋាន មិនមានក្លិនស្អុយធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរឆ្លងកាត់ កសិដ្ឋានមានជ្រូកសរុបចំនួន ១,៦៦០ក្បាល ជំនាញបសុពេទ្យបានធ្វើការបូមឈាមជ្រូក ដែលសង្ស័យមានជំងឺចំនួន ០៦ក្បាល យកទៅធ្វើពិសោធន៍ ដើម្បីរកមេរោគ ដែលអាចឆ្លង និងរាតត្បាតពីសត្វមួយ ទៅសត្វមួយទៀត ហើយអាចឆ្លងដល់មនុស្ស។

មន្ត្រីបន្តថានៅព្រឹកថ្ងៃទី៩នេះ បានបន្តចុះពិនិត្យទីតាំងចិញ្ចឹមជ្រូក មួយកន្លែងទៀតនៅ ក្នុងភូមិរំចេក ឃុំរំចេកស្រុកបន្ទាយស្រី។ ឆ្លងតាមការពិនិត្យ ក្នុងម៉ាស៊ីនធ្វើតេស្តិ៍ឈាមជ្រូក ដែលក្រសួងបាន យកមកទុកប្រចាំការ មួយគ្រឿងនៅស្រុកេជីក្រែង បានបង្ហាញថា ឈាមជ្រូក ចេញសញ្ញាដក មានន័យថាជ្រូកគ្មានជំងឺ អ្វីនោះទេ។

មន្ត្រីពេទ្យសត្វបន្តថា ឆ្លងតាមការបូមឈាមជ្រូក ក្នុងកសិដ្ឋានរបស់ក្រុមហ៊ុនស៊ី ភី យកមកត្រួតពិនិត្យ បានឃើញលទ្ធផលថា ជ្រូកទាំង២កសិដ្ឋានខាងលើនេះ គ្មានមេរោគអ្វីនោះទេ គឺមានសុខភាពល្អ។

បើតាមមន្ត្រីពេទ្យសត្វបានបញ្ជាក់ថា ទោះបីជានៅខេត្តសៀមរាប ជ្រូកមិនមានជំងឺ អ្វីក៏ដោយ សមត្ថកិច្ចជំនាញនៅតែបន្តការតាមដានចារៀងរាល់ថ្ងៃ ដោយមិនបង្អង់ដៃនោះឡើយ។ ពោលគឺរាល់ការដឹកជ្រូកចេញ ត្រូវតែបូមឈាមយកមកពិនិត្យសិន មុននឹងឲ្យចេញទៅលក់នៅទីផ្សារ។
គួបញ្ជាក់ថាការចុះពិនិត្យនេះ បន្ទាប់ពីមាន ព័ត៌មាន ថា នៅខេត្តបន្ទាយមានជ័យ មានអ្នកលក់សាច់ជ្រូកងាប់ នៅលើទីផ្សារ ត្រូវបានសមត្ថកិច្ចចាប់បាន។

មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តសៀមរាប បានឲ្យអ្នកកាសែត ដឹងនៅព្រឹកថ្ងៃទី០៩ខែតុលានេះថា ដំណឹងថា មានជ្រូកងាប់នោះ គឺចេញមកពី ខេត្តបន្ទាយមានជ័យ ទើបអាជ្ញាធរខេត្តសៀមរាប បង្កើតគណកម្មការមួយ ឲ្យចុះត្រួតពិនិត្យ៕SR
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,530 នាក់
ម្សិលមិញ : 91,969 នាក់
សរុប : 84,088,434 នាក់