ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អនុសាសន៍សំខាន់ៗ សម្តេច ហ៊ុន សែន ក្នុងពេលអញ្ជើញ ជាអធិបតីប្រារព្ធខួប ៤០ឆ្នាំ នៃការបង្កើតធនាគារជាតិ នៃកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:33 ព្រឹក អ្នកអាន 486

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញនេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩-១០ តុលា២០១៩)។ ពិធីនេះ ធ្វើឡើងនៅ សាលសន្និសីទចតុមុខ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងរាជរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អង្គទូត តំណាងអង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជាជាច្រើននាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា រូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងភាពធន់នៃសេដ្ឋកិច្ចទៅនឹងហានិភ័យនានា។ ដូច្នេះដើម្បីឱ្យធនាគារជាតិនៃកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដូចខាងក្រោម ៖

១)ធនគារាជាតិនៃកម្ពុជា រួមជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្ត រក្សារូបិយវត្ថុជាតិ ប្រកបដោយស្ថិរភាព និងទំនុកចិត្ត តាមរយៈការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់អត្តសញ្ញាណ និង អធិបតេយ្យជាតិ ជាមួយនឹងការបង្កើនប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ សារពើពន្ធ និងហិរញ្ញវត្ថុ ។ ស្នើឱ្យបង្កើតគោលនយោបាយថ្នាក់ជាតិរយៈពេលវែងមួយ សំដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលប្រកបដោយភាពប្រុងប្រយ័ត្ន មានសង្គតិភាព និងផ្អែកលើយន្តការទីផ្សារ ។

២)ធនាគារជាតិនៃកម្ពុជា ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគាំទ្រ និងអនុវត្តផែនការ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និងយុទ្ធសាស្ត្រស្តីពីបរិយាប័ន្ននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងសង្គតិភាពសំដៅគាំទ្រកំណើនសេដ្ឋកិច្ចជាតិ បន្តរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យ កាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។

៣)ធនាគារជាតិនៃកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវបន្តគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលធ្វើឱ្យសេវាហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានភាពទំនើប ងាយស្រួលទទួលបាន តម្លៃទាប និងប្រសិទ្ធភាពខ្ពស់។ត្រូវធ្វើការត្រួតពិនិត្យអំពីហានិភ័យនៃបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ ដើម្បីរក្សាបាននូវស្ថិរភាព និង ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។

៤)ធនាគារជាតិនៃកម្ពុជា ស្ថាប័នញក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ហើយត្រូវបន្តចូលរួមបង្កើនការយល់ដឹង និងពង្រឹងវប្បធម៌ឥណទានដល់អ្នកដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសនៅតាមជនបទ ដើម្បីទប់ស្កាត់នូវហានិភ័យនានាដែលឤចកើតឡើងជាយថាហេតុទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

៥)ធនាគារជាតិនៃកម្ពុជា, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធទាំងអស់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង ទប់ស្កាត់ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនូវការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីការពារវិស័យហិរញ្ញវត្ថុ ធនាគារ ប្រកបដោយតម្លាភាព និង អភិបាលកិច្ចល្អ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,529 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,768,023 នាក់