ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព្រះសង្ឃ កាប់ដើមឈើ យកមក កសាងគុដ្ឋ រោងដាំបាយ ត្រូវបានមន្ត្រីខេត្តសៀមរាប ចុះបង្ក្រាបនិង រឹបអូសគ្មានសល់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 07:00 ល្ងាច អ្នកអាន 10221

ខេត្តសៀមរាប៖ព្រះសង្ឃ គង់នៅវត្តប្រាសាទាអធ្វារ បានអាររលំដើមឈើ ច្រៀក នៅក្នុងបរិវេណវត្ត ទាំងកណ្ដាលយប់
ដើម្បីយកទៅប្រើប្រាស់ ដូចជាការ កសាងគុដ្ឋ និងរោងដាំបាយ ត្រូវបានមន្ត្រីចម្រុះខេត្តសៀមរាប ចុះបង្ក្រាបនិងរឹបអូស គ្មានសល់មួយសន្លឹកឡើយ។
ដែលករណីនេះ មន្ត្រីសមត្ថកិច្ចបានអះអាងថា ការអារកាប់ដើមឈើនេះ មិនបានជូនដំណឹងដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។
ការចុះពិនិត្យនិងរឹបអូសនេះធ្វើឡើងនៅវេលាម៉ោង២២ និង២៦នាទីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។
មន្ត្រីបានឲ្យដឹងថា ប្រតិបត្តិការនេះ មានកម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយ ជំនាញរដ្ឋបាលព្រៃឈើ។ ជាក់ស្ដែងសមត្ថកិច្ចចម្រុះ បានរកឃើញមានឈើដូចខាងក្រោម៖ឈើអាររួច ចំនួន ៤៦សន្លឹក,ឈើហ៊ុបមូលចំនួន ០២ដើម,ជំនៀឈើមួយចំនួន។
មន្ត្រីបន្តថា ចំពោះវត្ថុតាងទាំងអស់ កម្លាំងជំនាញ បានសម្រេចស្ទូចដឹកយក ទៅរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ដើម្បីបន្តនីតិវិធី ដោយអនុលោមតាមច្បាប់ស្តីពីព្រៃឈើ។

យោងតាមមន្ត្រីថា ករណីនេះបានបន្តទៅជួបព្រះសង្ឃព្រះនាម ភ្លឿន រ័ត្ន ព្រះគ្រូសូត្រស្តាំ ព្រះអង្គបានបំភ្លឺដូចខាងក្រោម៖កាប់រលំដើមឈើ បានប្រព្រឹត្តដោយព្រះសង្ឃពិតមែន ដើម្បីយកឈើមកកសាងគុដ្ឋ និងរោងដាំបាយ។ ដើមឈើកាប់រួចមាន ០១ដើម ហើយមិនបាន យកមកធ្វើអាជីវកម្ម ដូចការចុះផ្សាយ ក្នុងបណ្តាញសង្គម Facebook នោះទេ។ ដើមឈើនេះ កាប់បានរយៈពេល ១សប្តាហ៍ហើយ។

ពាក់ព័ន្ធករណីនេះ ក្រុមការងារចម្រុះពិនិត្យឃើញថា ការកាប់ ពុះច្រៀកឈើ ពុំបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ។ ប៉ុន្តែបានជម្រាបជូនព្រះសង្ឃ និគណៈកម្មការវត្ត នៅពេលកាប់រលំដើមឈើ នាពេលក្រោយៗទៀតត្រូវ ដាក់ពាក្យស្នើសុំទៅអង្គភាពពាក់ព័ន្ធ ឲ្យបានត្រឹមត្រូវជាមុនសិន។ ជាមួយគ្នានេះក៏បានធ្វើកំណត់ហេតុដកហូតម៉ាស៊ីនង៉ោង យកទៅរក្សាទុកបណ្តោះអាសន្នផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,357 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,807,851 នាក់