ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី អញ្ជើញទៅចូលរួម ពិធីស្បថ ចូលកាន់តំណែងថ្មី របស់ប្រធានាធិបតី ឥណ្ឌូនេស៊ី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:09 ល្ងាច អ្នកអាន 290

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅរសៀលថ្ងៃនេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់លោក ចូកូ វីដូដូ (Joko Widodo) ជាប្រធានាធិបតី និង លោក ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជា អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងឱកាសនៃពីធីនោះផងដែរ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។ អញ្ជើញអមដំណើរ នាយករដ្ឋមន្ត្រីរួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។

នៅក្នុងពិធីនោះដែរ នាយករដ្ឋមន្ត្រី នឹងជួបដោយឡែកជាមួយ លោក ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនឹងធ្វើការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។

សូមបញ្ជាក់ថា លោក ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ២០១៩-២០២៤ ហើយការអញ្ជើញចូលរួមរបស់ នាយករដ្ឋមន្ត្រី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,804 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,974 នាក់