ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ ធនាគារវឌ្ឍនៈ សាខាទី១៥ នៅខេត្តកំពង់ចាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 05:45 ល្ងាច អ្នកអាន 364

ខេត្តកំពង់ចាម៖លោកហ៊ុន ម៉ាណែត អគ្គបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៩ខែតុលាព្រឹកមិញ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក សម្ពោធជាផ្លូវការ ធនាគារវឌ្ឍនៈ សាខាទី១៥ ខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក លោកស្រី ម្ចាស់ សហគ្រាស ក្រុមហ៊ុននានា និង អតិថិជន ជាច្រើនរូប។

លោកស្រី សយ ស៊ុនណារី ជាប្រធានសាខា និងលោកស្រី ហោ ធីតា ជាអនុប្រធានសាខា សុទ្ធតែជាអ្នកស្រុក នៅក្នុង ខេត្តកំពង់ចាម ដែលជាអ្នកគ្រប់គ្រងលើដំណើរការប្រតិបត្តិការធនាគារប្រចាំថ្ងៃ របស់សាខាផ្ទាល់។ ដោយ សាខាថ្មីនេះមានទីតាំងស្ថិតនៅចំកណ្តាលទីរួមខេត្តកំពង់ចាម ដែលមានអគារកម្ពស់១៤ជាន់ និងមានទីធ្លាធំទូលាយតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោកស្រីបានបន្តថា សាខាថ្មីនេះ នឹងផ្តល់សេវាកម្មធនាគារគ្រប់ប្រភេទជូន លោកលោកស្រី ដែលជាអតិថិជន ឬអាជីវកររស់នៅខេត្តកំពង់ចាមផ្ទាល់ ជាពិសេសធនាគារវឌ្ឍនៈ មាន ផ្តល់សេវាកម្ម បង់ប្រាក់ពន្ធ-អាករគ្រប់ប្រភេទ កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។ ព្រមទាំង ទទួល ស្វាគមន៍ និងគាំទ្រសហគ្រាសអាជីវកម្មខ្នាតតូច-មធ្យមនៅខេត្តកំពង់ចាម ដើម្បីជួយបង្កើនទុន និងជំរុញសហគ្រាសអាជីវកម្ម ទាំងនេះឲ្យកាន់តែមានការរីកចម្រើនផងដែរ។ ទន្ទឹមនឹងនោះ ធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ចាម មានសាលផ្តល់ សេវាកម្ម ធនាគារប្រកបដោយផាសុកភាព និងទីធ្លាចំណតធំទូលាយ ងាយស្រួលសម្រាប់អតិថិជនមកធ្វើប្រតិបត្តិការធនាគារ ហើយក៏មាន ការិយាល័យផ្តល់សេវាកម្មពិសេស "សេវាកម្មមាស។ រង់ចាំបម្រើជូន លោក លោកស្រី ជាអតិថិជនរបស់ធនាគារវឌ្ឍនៈផងដែរ។

សូមបញ្ជាក់ថា ធនាគារវឌ្ឍនៈ គឺជាធនាគារដែលមានភាគទុនិកក្នុងស្រុកសុទ្ធ បង្កើតឡើងនៅក្នុងឆ្នាំ២០០២។ ដោយ ធនាគារ មានទីស្នាក់ការកណ្តាលនៅជាន់ទី២ នៃវិមានវឌ្ឍនៈ កាពីតាល នៅរាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ មានផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជគ្រប់ប្រភេទ ដែលមាន៩សាខានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា សាខាខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តតាកែវ និងខេត្តកំពង់ចាម ដែលជាសាខាថ្មី ទី១៥ បើកសម្ពោធនាពេលនេះ។ ដោយ ធនាគារវឌ្ឍនៈ ទទួលបាននូវទំនុកចិត្ត និងការជឿទុកចិត្តពីអតិថិជន ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់ ហើយទទួលបាននូវកិត្តិសព្ទល្អ ក្នុងការផ្តល់សេវាអតិថិជនល្អឥតខ្ចោះ និងមានអភិបាលកិច្ចសាជីវកម្មល្អតាមរយៈការទទួលស្គាល់ពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិ ក្នុងរយៈពេលនៃប្រតិបត្តិការរបស់ខ្លួនជាច្រើនឆ្នាំកន្លង មក នេះ ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,122 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,292 នាក់