ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលរងខេត្តសៀមរាបថា សុំកុំឲ្យការជួសជុល ទំនប់អាងទឹក ធ្វើឲ្យមានការ កាប់បំផ្លាញ ព្រៃលិចទឹក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:00 ល្ងាច អ្នកអាន 441

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានឲ្យអាជ្ញាធរស្រុក ឃុំ គ្រប់បណ្តាមន្ទីរ អង្គភាពជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ មានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការងារនេះ ជៀសវាងការជួសជុលទំនប់អាងទឹកខាងលើ ធ្វើឲ្យមានការកាប់បំផ្លាញព្រៃលិចទឹក ប៉ះពាល់ដល់តំបន់ការពារ អភិរក្សធនធានធម្មជាតិ និងការឈូសឆាយព្រៃលិចទឹកធ្វើជាកម្មសិទ្ធិ។

លោកអភិបាលរងខេត្តបញ្ជាក់បែបនេះ នាពេលអញ្ជើញដឹកកិច្ចប្រជុំត្រួតពិនិត្យ គម្រោងស្នើសុំជួសជុល ទំនប់អាងទឹក ០៧ភូមិ ស្ថិតនៅក្នុងសហគមន៍ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកមិញ នៅសាលាខេត្តសៀមរាប។

កិច្ចប្រជុំនេះ គឺសម្ដៅត្រួតពិនិត្យគម្រោងស្នើ សុំជួសជុលទំនប់អាងទឹក ០៧ភូមិ ប្រវែង ៥០០ម៉ែត្រ ខ្នងលើ ០៣ម៉ែត្រ ស្ថិតនៅក្នុងសហគមន៍ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងលោក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត តំណាងអាជ្ញាធរស្រុក ឃុំ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បី ឲ្យអាជ្ញាធរស្រុក ឃុំ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ចូលរួមជាមតិយោបល់លើគម្រោងស្នើសុំជួសជុលទំនប់អាងទឹក ០៧ភូមិនេះ ដែលបច្ចុប្បន្នទំនប់ មានលក្ខណៈទាប ទឹកហូរច្រោះដាច់ មិនអាចស្តុកទឹកបានច្រើនគ្រប់ តាមតម្រូវការប្រជាកសិករក្នុ ងការបង្កបង្កើនផល និងជាពិសេស មានការលំបាក ក្នុងការដឹកជញ្ជូនផល ស្រូវ និងការធ្វើដំណើរ របស់ ប្រជាសហគមន៍ផ្ទាល់។

លោកអភិបាលរងខេត្តក៏បានឲ្យក្រុមការងារ សហការគ្នា កំណត់កាលបរិច្ឆេទ ដើម្បីចុះពិនិត្យទីតាំងស្នើ សុំជាក់ស្តែង ធ្វើរបាយការណ៍ និងថតរូបភ្ជាប់ជាឯកសារ ដើម្បីមានមូលដ្ឋានស្នើ សុំការសម្រេច ពីអភិបាលខេត្ត ក្នុងការជួសជុលទំនប់នេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,647 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,817 នាក់