ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នៅទីបំផុត មេព្រៃខេត្តសៀមរាប សម្រេចប្រគេនឈើ ជូនវត្តអធ្វារវិញ បន្ទាប់ពីរឹបអូស ទាំងកណ្ដាលអាធ្រាត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 12:35 ល្ងាច អ្នកអាន 1164

ខេត្តសៀមរាប៖នៅទីបំផុត រដ្ឋបាលព្រៃឈើ សៀមរាប បានសម្រេចយកឈើ ដែលបានរឹបអូស ទាំងអណ្ដាល អធ្រាត ប្រគេនជូន វត្តប្រាសាទអធ្វារ វិញ បន្ទាប់ពីរមានការរិះគន់ តាមបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គម មួយចំនួនកន្លងទៅថ្មីៗនេះ។

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ខែតុលានេះ បានដឹកនាំមន្ត្រីរដ្ឋបាលព្រៃឈើ នាំយកឈើ ដែលបានរឹបអូសពីយប់ថ្ងៃមុន ទៅប្រគេនជូនព្រះសង្ឍ នៃវត្តប្រាសាទអធ្វារ វិញ និងបានចូលរួមបច្ច័យជាថវិកា ចំនួន១លានរៀល ជូនព្រះសង្ឍ ដើម្បីរួមចំណែក កសាងវត្តអធ្វារផងដែរ។

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅវត្តអធ្វារ នាព្រឹកមិញថា ការប្រគេនឈើ ជូនព្រះសង្ឍនេះ គឺធ្វើតាមអនុសាស្ត្រ ណែនាំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកអភិបាលខេត្តសៀមរាប។

បើតាមប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបញ្ជាក់ថា ដោយមានសេក្ដីរាយការណ៍ ពីករណីកាប់ ដើមឈើ នៅវត្តអធ្វា កម្លាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច សហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យ ជាក់ស្ដែង។ ក្នុងនោះក្រុមមន្ត្រីបានប្រទះឃើញ ឈើអាររួច ប្រភេទឈើទាលចំនួន ៤៦សន្លឹកនិងឈើមូល ចំនួន០២កំណាត់ ។

លោកទា គឹមសុទ្ធ បញ្ជាក់ថា ដោយពេលវេលាយប់ជ្រៅ និងទីតាំងកើតហេតុ ក្រៅបរិវេណវត្ត ពុំមានអ្នកទទួលខុសត្រូវ។ សមត្ថកិច្ចសម្រេចដឹកជញ្ជូនវត្ថុតាង យកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅផ្នែករដ្ឋបាល ព្រៃឈើបន្ទាយស្រី។

លោកបានបញ្ជាក់បន្ថែមថា តាមការស្រាវជ្រាវ របស់មន្ត្រីនៅទីតាំងជាក់ស្តែង ព្រះសង្ឃព្រះនាម ភ្លឿន រ័ត្ន ព្រះគ្រូសូត្រស្តាំ តំណាងព្រះចៅអធិការវត្ត បានមានសង្ឃដីកាថា ការកាប់ដើមឈើទាល មួយដើមនេះ ដោយសារដើមឈើនេះ ត្រូវរន្ទះបាញ់ ចាប់ផ្តើមងាប់ និងមានមែកឈើមួយចំនួន បាក់ធ្លាក់មកដី អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ ប៉ុន្តែគណៈកម្មការអាចារ្យវត្ត ពុំបានជូនដំណឹង ទៅអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធនោះទេ។

លោកបានបញ្ជាក់បន្ថែមថា ដោយពិនិត្យឃើញថា វត្តកំពុងសាងសង់កុដិ និងដោយមានការស្នើ សុំបិណ្ឌបាតពីព្រះសង្ឃនិង គណៈកម្មការអាចារ្យវត្ត ក្រុមមន្ត្រីបានសម្រេច ប្រគេនឈើ ទៅព្រះសង្ឃវិញនិងបានចូលបច្ច័យសាងសង់កុដិចំនួនមួយលានរៀល។
សូមរម្លឹកថាហេតុការណ៍ក្រុមមន្ត្រីចុះរឹបអូសឈើនេះ ធ្វើនៅទី១៥ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២ និង២៦នាទី ស្ថិតក្នុង ភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,607 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,689 នាក់