ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ប្រកាស ដកយកហ៊ុនសំរាម ស៊ីនទ្រី មកឲ្យរដ្ឋ គ្រប់គ្រងវិញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:00 ល្ងាច អ្នកអាន 287

ភ្នំពេញ៖ក្នុងពេលអញ្ជើញ ចែកសញ្ញាបត្រ ដល់និស្សិតមកពី សាកលវិទ្យាល័យ បៀលប្រាយ នៅកោះពេជ្រ នាព្រឹកមិញ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ សង្កត់ធ្ងន់ ទៅលើក្រុមហ៊ុន សំរាមស៊ីនទ្រី ថាជាក្រុមហ៊ុនគ្មានសមត្ថភាព ប្រមូលនិងគ្រប់គ្រងសំរាម ដែលដល់ពេល ត្រូវរដ្ឋ ដកយកមកគ្រប់គ្រងវិញ ហើយបើកឱកាសដល់ក្រុមហ៊ុនផ្សេងៗ ដែលមានលទ្ធភាព និងសមត្ថភាពយ៉ាងហោចណាស់៤ ដើម្បីចូលរួមដេញថ្លៃវិនិយោគ លើការងារប្រមូល និងគ្រប់គ្រងសំរាម ក្នុងរាជធានីភ្នំពេញ ឲ្យបានល្អ។

នាយករដ្ឋមន្ត្រីអះអាងថា រាល់ថ្ងៃឮតែពលរដ្ឋ និយាយនិងរអ៊ូ តែពីក្រុមហ៊ុនសំរាមស៊ីនទ្រី គឺក្រុមហ៊ុននេះ គ្មានសមត្ថភាព ធ្វើការតទៅទៀតទេ។
នាយករដ្ឋមន្ត្រី បានចុះហត្ថលេខា ឲ្យប្រើប្រាស់ ទីតាំង៣នៅក្រៅក្រុងថែមទៀត ដើម្បីសម្រួល ដល់ការប្រមូលនិងគ្រប់គ្រងសំរាម តែក្រុមហ៊ុននេះមិនធ្វើ។

នាយករដ្ឋមន្ត្រីបន្តថា តាមពិតក្រុមហ៊ុនស៊ីនទ្រី បានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាល នៅអំឡុងឆ្នាំ ១៩៩៦ឬ១៩៩៧ ដែលមកទល់ពេលនេះ គឺជាង២០ឆ្នាំហើយ។ ពេលនោះ ផ្ទៃដីទីក្រុងភ្នំពេញមានទំហំតែ ៣០០គមក្រឡា តែពេលនេះផ្ទៃដី ក្រុង បានកើនឡើង រហូតដល់ ៦០០គមក្រឡា ដែលបានធ្វើឲ្យ ក្រុមហ៊ុនសំរាមស៊ីនទ្រីគ្មានសមត្ថភាពធ្វើ បានទុកសំរាមគរចោល ដែលធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាននិងអនាម័យ សោភ័ណភាពទីក្រុង។

នាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថា រដ្ឋាភិបាល នឹងដកយកក្រុមហ៊ុននេះ មកគ្រប់គ្រង រួមទាំងបុគ្គលិក ហើយនឹងទូទាត់សង ទៅក្រុមហ៊ុននូវអ្វីទាំងឡាយណា ដែលក្រុមហ៊ុន បានចំណាយលុយទិញ ដូចជាឡាន ដឹកសំរាមជាដើម គឺមិនឲ្យក្រុមហ៊ុនខាតទេ។ ក្រោយពីដកយកមក គ្រប់គ្រងហើយ រាជរដ្ឋាភិបាល នឹងបើកឱកាសដល់ក្រុមហ៊ុនយ៉ាងហោចណាស់៤ រួមទាំងក្រុមហ៊ុនសំរាមស៊ីនទ្រីខ្លួនឯង ក៏មានសិទ្ធិដាក់ឯកសារដេញថ្លៃដែរ។ ក្រុមហ៊ុនមួយ មានសិទ្ធិដេញថ្លៃតែមួយតំបន់ទេ ។ រដ្ឋនឹងកំណត់បែងចែកជា ៤តំបន់ ឲ្យក្រុមហ៊ុននីមួយៗ គ្រប់គ្រងទៅតាមតំបន់របស់ខ្លួន។

ទន្ទឹមនឹងនេះ ក៏ហាមមិនឲ្យបញ្ចូលគ្នា ជាសម្ព័ន្ធបានឡើយ។ ក្រោយពីការប្រមូល និងគ្រប់គ្រងសំរាម បានហើយ នាយករដ្ឋមន្ត្រី ក៏មានគម្រោង ដើម្បីកែច្នៃសំរាមនេះ ឲ្យទៅជាអគ្គីសនី សម្រាប់យកមកប្រើប្រាស់ ក្នុងរាជធានីភ្នំពេញ ទោះបីត្រូវចំណាយខ្ពស់បន្តិចក្តី គឺរាជរដ្ឋាភិបាល សុខចិត្តចូលរួមជាមួយ ក្រុមហ៊ុនអគ្គីសនីនេះផងដែរ។

បើតាមនាយករដ្ឋមន្ត្រី នឹងបញ្ជាឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ចាប់ធ្វើកិច្ចការនេះ ឲ្យបានឆាប់បំផុត។ អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់នូវព័ត៌មាន ក៏ដូចជាសំណូមពរ និងមតិយោបល់មកកាន់ នាយករដ្ឋមន្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍ ទីក្រុងយើងឲ្យកាន់តែ មានសោភ័ណភាព ស្រស់ស្អាតល្អ អនាម័យខ្ពស់ និងបរិស្ថានល្អ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,634 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,716 នាក់