ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន សម្រេចឲ្យមាន ចំណតរថយន្ត ក្រោមដី នៅទីក្រុងភ្នំពេញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:28 ល្ងាច អ្នកអាន 254

ភ្នំពេញ៖ក្នុងពេលអញ្ជើញ ប្រគល់សញ្ញាបត្រ ដល់និស្សិត មកពីសាកលវិទ្យាល័យ បៀលប្រាយ នៅកោះពេជ្រ នាព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន

បានមានប្រសាសន៍អំពីបញ្ហាកកស្ទះធំៗ ពីរក្នុងរាជធានីភ្នំពេញ គឺ ១)បញ្ហាកកស្ទះសំរាម និង ២) បញ្ហាកកស្ទះចរាចរណ៍។
ចំពោះដំណោះស្រាយទី១ លើបញ្ហាកកស្ទះសំរាម គឺ សម្តេច ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជន ចូលរួមទទួលខុសត្រូវសម្អាតសំរាម របស់ខ្លួនឯងផ្ទាល់ កុំចោលពាសវាលពាសកាល។ ទន្ទឹមនឹងនោះ គឺរាជរដ្ឋាភិបាលបានសម្រេច ដកយកក្រុមហ៊ុនសំរាមស៊ីនទ្រី មកគ្រប់គ្រង ហើយនឹងបើកឱកាសឲ្យ ក្រុមហ៊ុនមានសមត្ថភាពចំនួន៤ ចូលរួមដេញថ្លៃប្រមូល និងគ្រប់គ្រងសំរាមឲ្យមានសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានល្អ។

ចំពោះដំណោះស្រាយទី២ ក្នុងការសម្រួលដល់បញ្ហា កកស្ទះចរាចរណ៍ ក្នុងទីក្រុងភ្នំពេញ ដូចដែលយើងបានឃើញស្រាប់រាល់ថ្ងៃ គឺមានរថយន្តតូចធំ ចតពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ លើចញ្ចើមថ្នល់ និង លើផ្លូវសម្រាប់សាធារណ ជនដើរឆ្លងកាត់ ឬលើផ្លូវថ្នល់សម្រាប់ រថយន្តបើកបរ ដែលបណ្តាល ឲ្យកកស្ទះចរាចរណ៍ តែម្តង។ ដើម្បីដោះស្រាយសម្រួល លើបញ្ហានេះ សម្តេច ហ៊ុន សែន បានយល់ព្រម សម្រេចឲ្យមានការវិនិយោគ ពីវិស័យឯកជន កសាងសង់ចំណតរថយន្តក្រោមដី (៤ឬ៥ជាន់ចុះទៅក្រោម) គឺអាចសាងសង់ បាននៅពីក្រោមសួនច្បារក្នុងរាជធានីភ្នំពេញ រួមទាំងសួនច្បារ សម្តេច ហ៊ុន សែន ផងដែរ។

ចំពោះទីតាំងចំណតក្រោមដី គឺមិនត្រូវប៉ះពាល់ នៅទីតាំងព្រះបរមរាជវាំងឡើយ។ ចំពោះការសាងសង់វិញ គឺត្រូវធ្វើប្រកបដោយគុណភាព និងបច្ចេកទេសខ្ពស់ ជាមួយនឹងការទទួលខុស ត្រូវខ្ពស់លើសុវត្ថិភាពជាចម្បង។ ចំណតរថយន្តក្រោមដី មិនត្រឹមតែជួយសម្រួល ដល់សណ្តាប់ធ្នាប់ ចរាចរណ៍ ប៉ុន្តែនឹងជួយលើកសោភ័ណភាពក្រុងឲ្យកាន់តែស្រស់ស្អាត មួយកម្រិតថែមទៀត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,331 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,413 នាក់