ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចតេជោ ចង់ឃើញ អាមេរិក និងអាស៊ាន មានការសហការគ្នា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:11 ព្រឹក អ្នកអាន 313

 ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដូច្នេះសម្តេចចង់ឃើញអាមេរិក និងអាស៊ានមានការសហការគ្នា។ ទាក់ទងទៅនឹងទំនាក់ទំនងនេះផងដែរ នៅឆ្នាំក្រោយនេះគឺជាខួបទី៧០ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដូច្នេះកម្ពុជា និងទូតអាមេរិក នឹងសហការគ្នាក្នុងការធ្វើកម្មវិធីមួយចំនួននៅខួបនៃទំនាក់ទំនងនេះ។

ការបញ្ជាក់នេះ នៅវិមានសន្តិភាព រសៀលថ្ងៃទី២៣ ខែតុលា ម្សិលមិញ ក្នុងពេល អនុញ្ញាតឲ្យលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ បានស្វាគមន៍ និងអបអរសាទរចំពោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានតែងតាំងមកបំពេញបេសកកម្ម ការងារនៅក្នុង ប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែងអំណរគុណចំពោះ នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យលោក បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅពេលនេះ។ លោកពិតជារីករាយ និងទទួលស្គាល់សម្រាប់ថ្ងៃនេះ២៣ តុលា ដែលជាប្រវត្តិសាស្ត្រ និងជាថ្ងៃឈប់សម្រាក របស់ប្រទេសកម្ពុជា ផងដែរ។

សម្ដេចតេជោបានបញ្ជាក់ថា អ្វីដែលជាការបន្តធ្វើនោះ គឺការបន្តពង្រីក និងពង្រឹងនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពី របន្ថែមទៀត។ សម្តេចបន្តថា ដោយសារកន្លងមកកម្ពុជា និងសហរដ្ឋអាមេរិកមានការសហការគ្នា លើគ្រប់វិស័យ ពិសេសកន្លងមកយើង មានចំណុចដែលបាន ឯកភាពគ្នាច្រើន ហើយយើងនឹងបន្តពេលវេលា ដើម្បីធ្វើការសហការគ្នាជាបន្តបន្ទាប់ទៀត។

កម្ពុជា និងអាមេរិកក៏មានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផងដែរ មានទាំងវិស័យអប់រំវិស័យ សុខាភិបាលជាដើម ហើយយើងនឹងបន្តធ្វើការងារ លើវិស័យសំខាន់ៗនេះជាបន្តទៀត ។ សម្ដេចតេជោមន្ត្រី ក៏បានជំរុញដល់ឯកអគ្គរដ្ឋទូតអាមេរិកផងដែរទាក់ទងទៅនឹងការបង្កើនកិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក្នុងក្របខណ្ឌអាស៊ាន និងសហរដ្ឋអាមេរិកផងដែរ។

ដូច្នេះតាមរយៈជំនួបនេះ គឺជាលើកដំបូងរបស់ ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ក្នុងការជួបសំដែងការគួរសមនិងពិភាក្សាការងារដោយផ្តោតសំខាន់ទៅលើការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,020 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,190 នាក់