ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នគរបាល ខេត្តកំពង់ធំ បន្តចាប់គ្រឿងញៀន បាន៥៣គីឡូ បន្ថែមទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:45 ព្រឹក អ្នកអាន 879

ខេត្តកំពង់ធំ៖គ្រឿងញៀនចំនួន៥៣ ដុំ ស្មើ នឹង ៥៣ គីឡូក្រាម ដែលជនល្មើសយកទៅលាក់ ទុកនៅ ស្រុកកំពង់ស្វាយ ត្រូវបាននគរបាល ខេត្តកំពង់ធំ ចាប់បានកាលពីរសៀលថ្ងៃទី២៣ខែតុលាម្សិលមិញ។

ការចាប់បានគ្រឿងញៀន ចំនួន៥៣គីឡូ នេះបន្ទាប់ពីចាប់បានគ្រឿងញៀន ចំនួន៤០ដុំស្មើហ្នឹង៤០គីឡូ កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០១៩ ដែលសរុបទាំងអស់ស្មើនឹង៩៣គីឡូក្រាម។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ គឺត្រូវបានបើកការស៊ើបអង្កេតជាច្រើនខែមកហើយ ដោយមានការគាំទ្រនិងចង្អុលបង្ហាញ ពីសំណាក់ លោក សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារគ្រឿងញៀន និងលោកសុខ លូ អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ និងការដឹកនាំសហការពីកម្លាំងជំនាញ និងបានសម្របសម្រួលដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ទើបឈានដល់ការបង្ក្រាបគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំនេះ រហូតទទួលបានជោគជ័យ និងសុវត្ថិភាព។

កិច្ចសហប្រតិបត្តិការ រុករកទីតាំងលួចលាក់ស្តុកគ្រឿងញៀននេះ ធ្វើឡើងនៅរសៀលថ្ងៃម្សិលមិញ ដោយមានការចូលរួមពីកម្លាំងអធិការស្រុកកំពង់ស្វាយ និងអាជ្ញាធរ ភូមិឃុំ ដឹកនាំ ឆែកឆេររុករកវត្ថុតាងដោយ លោកអ៊ិត សុធា ព្រះរាជអាជ្ញា និងស្នងការនគរបាលខេត្តកំពង់ធំ នៅចំណុចផ្ទះមួយខ្នង ស្ថិតនៅក្នុងភូមិសានគរ (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រង់ចំណុចខាងកើតប្រឡាយទំនប់៣០កញ្ញា ជាកន្លែង ដែលជនសង្ស័យបានលាក់ថ្នាំញៀន ប្រភេទមេតមហ្វេតាមីន ( ម៉ាទឹកកក) នៅក្នុងផ្ទះធ្វើអំពើ ស័ង្កសី សង់ជាប់នឹងដី។

ទិដ្ឋភាពនៃការឆែកឆេរ គឺត្រូវបាននាំជនសង្ស័យទាំង៤នាក់ មកចង្អុលបង្ហាញនូវវត្ថុតាង ក្រោយពីបើកសោ សមត្ថកិច្ចជំនាញបានរកឃើញ វ៉ាលិសក្រណាត់ចំនួន៣ មានពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ខៀវ ដែលបានលាក់ទុកនៅក្រោមគ្រែ សមត្ថកិច្ចក៏បាននាំយកវ៉ាលិសទាំង៣ មកឆែកឆេរប្រទះឃើញ ថ្នាំញៀនដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ ដែលមានពណ៌ទឹកមាស មានរូបសញ្ញាផ្កាយចំនួន៥ ដើម្បីបំភាន់ភ្នែកមហាជន ចំនួន៥៣ដុំ ស្មើនឹង៥៣គីឡូក្រាម

លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់ បានសំណូមពរដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ គោរពទៅតាមច្បាប់ពិនិត្យអតិថិជន សុំអត្តសញ្ញាណប័ណ្ណកត់ចម្លងនូវឈ្មោះភ្ញៀវមកស្នាក់នៅឲ្យបានត្រឹមត្រូវ និងត្រូវចូលរួមទប់ស្កាត់ការពារ ការជួញដូរ និងចែកចាយ ការសេព នៅក្នុងមូលរដ្ឋរបស់ខ្លួន ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,569 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,739 នាក់