ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ចាត់ទុក មហាសន្និបាត ព្រឹកមិញ ជាការបង្ហាញ នូវសមិទ្ធផល ដែលខ្លួនសម្រេចបាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:28 ល្ងាច អ្នកអាន 332

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា មហាសន្និបាតនេះ ក៏ជាឱកាស ដែលសមាគមជាតិក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ខេត្តកំពង់ចាម បង្ហាញនូវសមិទ្ធផល ដែលខ្លួនសម្រេចបាន ក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក ក្រុមប្រឹក្សា បន្ទាប់ពីត្រូវបានបង្កើតឡើង។

លោកបានបញ្ជាក់ដែរថា មហាសន្និបាតអាណត្តិទី៣ ត្រូវបានរៀបចំឡើងក្នុងគោល បំណងសំខាន់ គឺពិនិត្យកែសម្រួល និង អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ សមាគម និងដំណើរការបោះឆ្នោត ជ្រើសរើស អង្គ អភិបាលកិច្ច របស់សមាគម សម្រាប់ អាណត្តិទី៣ មានជាអាទិ៍ ប្រធាន អនុប្រធាន សមាជិក ក្រុម ប្រឹក្សាសមាគម និងសមាជិក គណៈកម្មាធិការប្រតិបត្តិសមាគម។ អ្វីដែលសំខាន់ទៀតនោះ នៅពេលបញ្ចប់ មហាសន្និបាតនេះ ក៏នឹងមានកិច្ចប្រជុំ ក្រុមប្រឹក្សា លើកទី១ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម អាណត្តិទី៣ផងដែរ។

ការថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសបើកមហាសន្និបាត អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុកឃុំសង្កាត់ ខេត្តកំពង់ចាមនៅថ្ងៃទី២៤ខែតុលាព្រឹកមិញ ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោកមាស ទួក ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ចាម លោកលោកស្រ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាល អភិបាលក្រុង ស្រុក តំណាងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និង ប្រតិភូ មហាសន្និបាត ជាច្រើនរូបទៀត។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា មហាសន្និបាតអាណត្តិទី៣ នេះគឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ក្នុងការបន្តនូវចីរភាពដល់អង្គការមួយ ដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួម របស់ ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈ អភិបាលកិច្ច តាមបែប វិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,290 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,460 នាក់