ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ជ្រុងនៃគំនិត៖ អ្នកត្រូវតែសួរខ្លួនឯងជាប្រចាំថ្ងៃថា តើខ្ញុំធ្វើយ៉ាងណាដើម្បី ឱ្យថ្ងៃស្អែកប្រសើរជាងថ្ងៃនេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 05:33 ល្ងាច អ្នកអាន 852

ជាទូទៅអ្វីក៍ដោយដែលកើតឡើងតែងតែមានហេតុ និងផលរបស់វា ដែលពេលខ្លះយើងអាចយល់បាន ពីព្រោះហាក់បីដូចជាយើងធ្លាប់បានជួបប្រទះ ហើយអាចព្យាករណ៍ នូវទុករឿងរ៉ាវដែលអាចកើតឡើងនៅពេលខាងមុខដែលជាទូទៅ តម្រូវឲ្យយើងត្រិះរិះពិចារណា និងស្វែងយល់នូវអ្វីដែលកើតឡើង តាមរយ:អ្វីដែលយើងឃើញ និងឮនៅពេលបច្ចុប្បន្ន ។

ក្នុងការចងក្រងអត្ថបទនេះ ខ្ញុំសូមលើកឡើងចំណុចគន្លឹះសំខាន់ៗចំនួន៣ ដើម្បីឲ្យអ្នកអានធ្វើការត្រិះរិះពិចារណា និងឲ្យមានការគិតទូលាយ ដើម្បីជាមធ្យោបាយ រៀនបន្ថែម នៅក្នុងការចងក្រង ដើម្បីប្រាស្រ័យ ទាក់ទងជាមួយមិត្តភក្តិ ឬ ការប្រាស្រ័យទាក់ទង ក្នុងសង្គមការងារ សង្គមគ្រួសារ ឬ ជំនួញ ។

(១)សូមរៀន និង អនុវត្តន៍ការបើកចិត្តឲ្យទូលាយ
មនុស្សគ្រប់រូបមាន ការចូលចិត្ត ស្រលាញ់ និងជំនឿរផ្សេងៗគ្នា ដោយសារតែភាពផ្សេងៗគ្នានេះហើយ ទើបយើងឃើញ វត្ថុ លទ្ធិផល ដែលត្រូវបានគេផលិតចេញផ្សេងគ្នាៗ នេះមានន័យថា អ្វីដែលត្រូវសម្រាប់អ្នក មិនមែនមានន័យថា ត្រូវសម្រាប់អ្នកគ្រប់គ្នាបានទេ ដោយសារភាពផ្សេងៗគ្នានេះហើយ ទើបមាន សាលារៀន សាកលវិទ្យាល័យ និងមុខវិជ្ជាផ្សេងៗគ្នាដើម្បីឲ្យអ្នកជ្រើសរើសយកមកសិក្សា មនុស្សជាច្រើន នៅក្នុងពិភពលោក បានសម្រេចចិត្ត ចាកចេញពីផ្ទះរបស់ពួកគេ ចាកចេញពីប្រទេសរបស់ពួកគេ ដើម្បីមិនចង់ជួប មិនចង់ប្រទះនូវភាពដដែលៗ ដើម្បីរុករកអាថ៌កំបាំងឆ្លុះបញ្ចាំង ដល់ខ្លួនរបស់ពួកគេតាមរយៈការឃើញវប្បធម៌ ជំនឿរផ្សេងៗ ឬតាមអាហារផ្សេងៗ ដែលពួកគេបានទទួលទាន តាមផ្លូវក្នុងការធ្វើដំណើរទេសចរណ៍របស់ពួកគេ។ តើផ្ទះរបស់គេស្រុករបស់គេ និងវប្បធម៌របស់គេ ខុសពីគ្នាដូចម្ដេចដែរ?

ខ្ញុំសូមលើកយកចំណុច ដ៏តូចមួយ នៃជ្រុង នៅក្នុងសង្គមគ្រួសារ ប្រសិនបើអ្នកជាមេគ្រួសារ ប្រសិនបើអ្នកចំណាយពេលស្ដាប់អ្នកជុំវិញខ្លួន របស់អ្នកហើយ និងមានក្តីសម្មនស្សរីករាយចំពោះទង្វើ ដែលពួកគេបានធ្វើទៅតាម សេរីភាពរបស់ពួកគេ ដោយគ្មានការប៉ុនប៉ង កែតម្រូវទៅតាមគំនិត របស់អ្នកគ្រួសារនោះ និងទទួលបាននូវ សុភមង្គល និងមានតម្លៃក្នុងការគោរពគ្នាទៅវិញទៅមក ។ សូមចងចាំថាជម្លោះ ដែលកើតឡើងមិនដែល នាំមកនូវសុភមង្គលនោះទេ ។ គ្រប់ពេលដែលពួកគេឈ្លោះគ្នាដោយសារតែអវត្ត មាននៃការគោរពគ្នាទៅវិញទៅមក រួមបញ្ចូលទាំងការបាត់បង់ ការគោរពខ្លួនឯង ។ ជាទូទៅធម្មជាតិរបស់មនុស្សចូលចិត្តនិយាយ ប៉ុន្តែពួកគេតែងតែភ្លេចគិតថា មានតែការស្តាប់ទេ ដែលឲ្យមានការពិចារណាត្រឹមត្រូវ និងជាការរៀនដ៏ល្អមួយ និងជួយលុបបំបាត់ចោល នូវការគិតអវិជ្ជមានផ្សេងៗដូចជា ការវិនិច្ឆ័យ ការប្រៀបធៀប ការបន្ទុះបង្អាប់មកលើខ្លួនឯងនិងអ្នកដ៏ទៃ ។ នៅពេលដែលអ្នកអនុវត្តន៍ជារៀងរាល់ថ្ងៃ នូវការបើកចិត្តឲ្យទូលាយតាមរយៈ ការស្ដាប់ ឬ ការសួរសំណួរចំពោះខ្លួនអ្នក ឬ សូរសំណួរដល់អ្នកដ៏ទៃ ដើម្បីពង្រីកនូវចំណេះដឹងសូមចាំថា អ្នកមិនអាចបើកចិត្តឲ្យទូលាយបានទេប្រសិនបើអ្នក អាក់ខានបង្កើតឱកាស ក្នុងការពង្រីកចំណេះដឹង ពីព្រោះមិត្តរបស់អ្នកមិនជឿរអ្នកទេ ហើយសត្រូវរបស់អ្នកមិនស្តាប់អ្នកឡើយ ។ ពួកគេចង់ ឮ អ្វីដែលពួកគេចង់ ឮតែប៉ុណ្ណោះ ប៉ុន្តែពួកគេអាចពិចារណា នៅពេលដែលយើងសួរជំនួសឲ្យការពន្យល់ នៅពេលដែលពួកគេឃើញ សកម្មភាពនិងផល ពួកគេអាចធ្វើដំណើររួមជាមួយយើងបាន សូមចំណាយពេលរីករាយជាមួយ និងការសួរនិងបង្ហាញជាឧទាហរណ៍ ដល់ពួកគេ ពិភពលោក ផ្លាស់ប្តូរតាមរយៈឧទាហរណ៍ របស់អ្នកមិនមែនតាមរយៈពាក្យនិយាយរបស់អ្នកទេ។

(២) រៀនស្រឡាញ់និងគាំទ្រគំនិតរបស់អ្នកដទៃ
ប្រសិនបើអ្នកជាមេដឹកនាំក្រុមហ៊ុន ឬ ស្ថាប័នផ្សេងៗប្រាកដណាស់ថា អ្នកមានគំនិតនៅក្នុងការដឹកនាំ ដើម្បីឲ្យស្ថាប័នរបស់អ្នករីកចម្រើន ប៉ុន្តែអ្វីៗទាំងអស់ អាចកើតឡើងបានដ៏រាបណា តែអ្នករៀនបង្កើតឱកាសរីករាយ នៅក្នុងក្រុមការងារឲ្យមាននូវភាពសាមញ្ញ ក្នុងការស្តាប់និងការទទួលយកនូវ គំនិតអ្នកដ៏ទៃ ឲ្យគំនិតនោះក្លាយ ជាគំនិតរបស់ពួកគេ នៅក្នុងភាពទទួលខុសត្រូវឲ្យដើរតាមដងផ្លួវ ដែលអ្នកបានបង្កើត។ ការសរសើរចំៗនូវស្នាដៃ និងលទ្ធផល ការដែលមើលឃើញ ចំណុចល្អៗមនុស្សជំវិញខ្លួន ការលើកទឹកចិត្តខ្លួនឯង និងអ្នកដ៏ទៃវាជាការអនុវត្តន៍ ប្រចាំថ្ងៃរបស់អ្នក ។ សូមអ្នកចាំថាពេលដែលអ្នកប្រកាន់យកគំនិតខ្លួនឯងគ្រប់ជ្រុងជ្រោយពេក នោះអ្នកដ៏ទៃមិនពេញចិត្តឥរិយាបទ កាយវិការរបស់អ្នកឡើយ អាចបង្កជាឧប្បសគ្គធំមួយដែលមិនអាច ឲ្យអ្នកទៅដល់កន្លែងអ្នកចង់ទៅបានឡើយ។

(៣)រៀនសន្យាចំពោះខ្លួនឯងដើម្បីគុណភាពការងាររបស់អ្នក
ភាពល្អប្រសើរ មិនមែនកើតឡើងដោយចិត្តឯងទេ អ្វីដែលអ្នកឃើញថ្ងៃនេះ ជាហេតុដែលពួកគេ កែច្នៃកែលម្អរ ជាបន្តបន្ទាប់ពីព្រោះពួកគេយល់ថា ការធ្វើជំនួញ ការដឹកនាំគឺ ជាការធ្វើដំណើរ ទៅរកផ្លូវមរណៈប្រសិនបើពួកគេ បញ្ឈប់ការកែលម្អរ ជារៀងរាល់ថ្ងៃ អ្នកត្រូវតែគិតនូវ ចំណុចវិជ្ជមាន កែលម្អរបរិស្ថាន ការងារជាចំណុចវិជ្ជមាន កែលម្អរ ទំនាក់ទំនង ជាចំណុចវិជ្ជមាន ហើយអ្នកត្រូវតែសួរខ្លួនឯងជាប្រចាំថ្ងៃថា តើខ្ញុំធ្វើយ៉ាងណា ដើម្បីឱ្យថ្ងៃស្អែក ប្រសើរជាងថ្ងៃនេះ? នៅទីនេះខ្ញុំមិនអាចបញ្ជាក់លម្អិត ពីមូលហេតុផលជោគជ័យ ឬ បរាជ័យទេក្នុងការធ្វើជំនួញនោះ ប៉ុន្តែខ្ញុំអាចបញ្ជាក់បានថា ភាពប្រថុយប្រថាននៃការធ្វើជំនួញគឺ ឋិតលើ គុណភាព ការងារតែប៉ុណ្ណោះ។ និពន្ធដោយលោក សឿន តុលា ស្ថាបនិកនៃក្រុមហ៊ុន ផាផាយ៉ា និចស្តេប ឯ.ក

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,810 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,980 នាក់