ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង ថា សកម្មភាព នៃការវិលត្រឡប់ របស់សម រង្ស៊ី នាពេលនេះ គឺខុសស្រឡះ កាលពីឆ្នាំ២០១៣

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:45 ល្ងាច អ្នកអាន 401

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅរសៀល ថ្ងៃនេះថា
ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ !
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ !
ថ្មីៗនេះមានការរិះគន់ពីមជ្ឈដ្ឋានខ្លះ ចំពោះការចាត់វិធានការច្បាប់ របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការចាប់ខ្លួនជនសង្ស័យ ដែលបានចូលរួមក្នុងសកម្មភាព នៃការធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយជ្រកក្រោមគម្រោងផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់អតីតថ្នាក់ដឹកនាំមួយចំនួន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះថាជាទង្វើរំលោភសិទ្ធិមនុស្ស។
សម្ដេច ស ខេង បន្តថា

ក្នុងនាមជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល មួយរូប ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ ជូនជនរួមជាតិ ជាថ្មីម្តងទៀតថាការចាត់វិធានការច្បាប់ចំពោះសកម្មភាព ទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំ រាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្ស ក្នុងសង្គមប្រជាធិបតេយ្យ នោះឡើយ។

បងប្អូនជនរួមជាតិយើង បានជ្រាបស្រាប់ហើយថា ការប្រកាសជាសាធារណៈនិង ជាបន្តបន្ទាប់របស់ ទណ្ឌិត សម រង្ស៊ី អំពីគំរោងផែនការ ដែលគេហៅថា ការវិលមកកម្ពុជាវិញ នាថ្ងៃ៩វិច្ឆិកាឆ្នាំ២០១៩ ដោយបានធ្វើការអំពាវនាវម្តងហើយម្តងទៀត ឲ្យកងទព័ជាតិផ្ដាច់ខ្លួនដើម្បីប្រឆាំង នឹងរាជរដ្ឋាភិបាល ការបង្កើតមូលនិធិសំរាប់ទ្រទ្រង់កងទ័ពខុសច្បាប់របស់ខ្លួន ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួល រំលំរាជរដ្ឋាភិបាល ការថ្លែងជាសាធារណៈប្រមាថមាក់ងាយ ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត នៃជាតិយើង និងទាមទារឲ្យព្រះអង្គដាក់រាជ្យ នោះគឺពិតជាពុំមែនជាសកម្មភាព ដែលត្រូវប្រត្តិបត្តិជាធម្មតា ក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ ។
ហេតុនេះគំរោងផែនការវិលចូល កម្ពុជាវិញបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកគឺជាគំរោង នៃចលនាឧទ្ទាមសុទ្ធសាធ ហើយដែលនឹងនាំ ទៅដល់ការបំផ្លាញ សុខសន្តិភាព និងការបំបែកបំបាក់ជាតិ ដែលអាចបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរ មិនអាចប៉ាន់ស្មានបាន ចំពោះជាតិ និងប្រជាជនកម្ពុជាយើង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថា ខ្ញុំព្រះករុណាខ្ញុំ សូមរំលឹកជូនជនរួមជាតិថា សកម្មភាពនៃការវិលត្រឡប់ របស់ទណ្ឌិត សម រង្ស៊ី នាពេលនេះគឺ ខុសស្រឡះពីសកម្មភាព នៃការវិលត្រឡប់ មកកម្ពុជាវិញរបស់ សម រង្សីកាលពីឆ្នាំ២០១៣ ដែលនៅពេលនោះគាត់ ជាប្រធានគណបក្ស នយោបាយស្របច្បាប់ និង ទទួលបានការប្រោសព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ ហើយការវិលត្រឡប់ របស់គាត់នៅពេលនោះគឺ ដើម្បីមកចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។
ហេតុដូច្នេះហើយ នៅពេលនោះ អ្នកដែលមានសមានចិត្តអាច មានសិទ្ធិចូលរួមហែរហមគាត់គឺ ពុំមែនជាសកម្មភាពខុសច្បាប់នោះឡើយ ។ ប៉ុន្តែការវិលត្រឡប់ មកកម្ពុជានាពេលនេះគឺ សម រង្សី ស្ថិត ក្នុងស្ថានភាពជាទណ្ឌិត ហើយជាអ្នកដឹកនាំ គំរោងចលនាឧទ្ទាម ក្រៅច្បាប់ ថែមទៀតផង ។
ទន្ទឹមនេះគំរោងផែនការ វិលមកកម្ពុជាវិញ នាពេលនេះ គឺជាការប៉ុនប៉ង បង្កការអុកឡក រំខានដល់ការ រៀបចំពីបុណ្យឯករាជ្យជាតិ យើងក៏ដូចការចូលរួមសប្បាយរីករាយ របស់ប្រជាជនយើង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលព្រះករុណាព្រះមហាក្សត្រ នៃយើងព្រះអង្គតែងតែ យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបុណ្យទាំងនេះ ជារៀងរាល់ឆ្នាំ។

ជាចុងក្រោយនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់ អ្នកនយោបាយ និងបងប្អូនជនរួមជាតិ ទាំងអស់ ត្រូវរួបរួមគ្នាប្រឆាំងចំពោះ គំរោងផែនការ នៃចលនាឧទ្ទាមក្រៅច្បាប់ នាថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវចូលរួមក្នុងសកម្មភាពណា មួយរនៃផែនការនេះ ហើយជំនួសមកវិញ ដោយការចូលរួមអបអរសាទរ ពិធីបុណ្យឯករាជ្យជាតិ ការចូលរួមសប្បាយរីករាយ ក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ហើយនិងចូលរួមពិសារអំបុក ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរួបរួមគ្នាការពារ រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រការពារសុខសន្តិភាពនិងឯកភាពជាតិ៕
សូមអរព្រះគុណ និងអរគុណ!

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,581 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,751 នាក់