ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ខ្លួន យាយតា២នាក់ នៅក្រុងសៀមរាប ក្រោមរូបភាព ដើររៃអង្គាស បោកយកប្រាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:05 ព្រឹក អ្នកអាន 6130

 ខេត្តសៀមរាប៖យាយនិងតា ចំនួន២នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ខ្លួន ក្រោមរូបភាព ឆបោក ប្រើប្រាស់លិខិតក្លែង ដើររៃអង្គាស បោកយកប្រាក់ ពិប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់នគរបាល ដែលអង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅ ព្រឹកថ្ងៃ២៨ខែតុលានេះ បានបញ្ជាក់ថាករណីនេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះសន សំអុល ភេទប្រុស អាយុ៥៥ឆ្នាំ បានយកក្រដាស កម្មវិធីបុណ្យកឋិនទាន ដង្ហែរទៅកាន់វត្តរត្តនះទ្វីបកែវកំបោរ តែកម្មវិធីបុណ្យប្រារព្ធធ្វើនៅវត្តស្វាយរមៀត ដោយបានដើររៃអង្គាស បោកយក ប្រាក់ពីប្រជាពលរដ្ឋ។

របាយការណ៍បន្តថា ខណៈពេល ជនសង្ស័យរូបនេះ កំពុងធ្វើសកម្មភាព ក៏មានលោកគ្រូព្រះនាម នឿម វុទ្ធី ព្រះចៅអធិការវត្តបារាយមហាទីរតនារាម ហៅវត្តស្វាយរមៀត បាននិមន្តមកមុខអង្គរវត្ត ក៏ប្រទះឃើញ ជនសង្ស័យ ដើរកាន់លិខិតបុណ្យ រៃអង្គាសប្រាក់ ពីភ្ញៀវ នៅមុខប្រាសាទអង្គរ ពេលនោះ ព្រះចៅអធិការខាងលើ ក៏បានពិនិត្យមើល លិខិតបុណ្យ ហើយក៏មានកម្មវិធីបុណ្យ នៅវត្តស្វាយរមៀត ដូចក្រដាស់បុណ្យ របស់ជនសង្ស័យ ដែរ។

របាយការណ៍បន្តទៀតថា តែក្រដាស កម្មវិធីបុណ្យ របស់ជនសង្ស័យ អ្នកផ្តើមបុណ្យ សុទ្ធសឹង តែព្រះចៅអធិការ មិនដែលស្គាល់ ដោយឃើញ លិខិតបុណ្យ មិនប្រក្រតី បែបនេះ ព្រះចៅអធិការ ក៏បានរាយការណ៍ ទៅសមត្ថកិច្ច ដើម្បីជួយអន្តរាគន៍។

បន្ទាប់មក សមត្ថកិច្ច ក៏បាននាំជនសង្ស័យ ខាងលើ មកសាកសួរ។ ក្រោយពីសាកសួរ ជនសង្ស័យ បានសារភាពថា កន្លងមក ខ្លួនពិត ជាបានយកលិខិត កម្មវិធីបុណ្យក្លែងបន្លំ រៃអង្គាស យកប្រាក់ ពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០៣ ខែតុលាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែឆ្នាំ២០១៩។ ប្រាក់ដែលបានពីការរៃអង្គាសនេះ គឺប្រហែល៣០ម៉ឺនរៀល និងយកចាយវាយផ្ទាល់ខ្លួន ១៥ម៉ឺនរៀល ឯ១៥ម៉ឺនរៀលទៀតខ្លួន ប្រគល់ឲ្យបក្ខពួក ទី១ឈ្មោះ អឹម សីហា ហៅសង្ហា ភេទប្រុសអាយុ៥៥ឆ្នាំ ទី២ឈ្មោះ យ៉ុន កៀ ភេទប្រុសអាយុ ៦០ឆ្នាំ និងទី៣ ឈ្មោះ ឌី សាន ភេទស្រី អាយុ ៥៥ឆ្នាំ ស្នាក់បន្ទប់ជួលក្បែរគ្នា ក្នុងក្រុងសៀមរាប។

ជនសង្ស័យ បានសារភាពទៀតថា សំបុត្របុណ្យនេះ មិនដឹង ឈ្មោះយ៉ុន កៀ ឬឈ្មោះឌី សាន និងឈ្មោះអឹម សង្ហា ហៅសង្ហា បានសំបុត្របុណ្យនេះ មកពីណា ដោយខ្លួនមិនបានដឹងថា អ្នកណាជាអ្នកធ្វើនោះទេ។ តែខ្លួនបានសំបុត្របុណ្យនេះ ពីអ្នកទាំង៣ខាងលើ។ ជនសង្ស័យថា ពួកខ្លួនគឺជាពលរដ្ឋ ដែលមិនមានតួនាទីអ្វី ក្នុងវត្តស្វាយរមៀត នឹងវត្តកំបោរឡើយ ប៉ុន្តែនៅពេលកំពុងធ្វើសកម្មភាព ក៏ត្រូវបានជួប ព្រះចៅអធិការវត្តបារាយមហាទីរតនារាម ហៅវត្តស្វាយរមៀតផ្ទាល់តែម្តង។

របាយការណ៍បានបញ្ជាក់ថាទៀតថា ក្រោយពេលឃាត់ខ្លួន សង្ស័យខាងលើបានម្នាក់រួចមក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ច បន្តនាំជនសង្ស័យបានម្នាក់ទៀត ស្ត្រីឈ្មោះឌី សាន ដែលជាបក្ខពួក យកមកសាកសួរ។

ស្ត្រីឈ្មោះឌី សាន បានសារភាព ប្រាប់សមត្ថកិច្ចថា កន្លងមកខ្លួន ពិតជា បានយកលិខិត កម្មវិធីបុណ្យ ក្លែងបន្លំរៃអង្គាស យកប្រាក់ ពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែឆ្នាំ២០១៩។ ដោយបានប្រាក់សរុបចំនួន៣០ម៉ឺនរៀល។ ហើយបានយកមក ចាយផ្ទាល់ខ្លួនចំនួន១០ម៉ឺនរៀល ចំណែកប្រាក់២០ម៉ឺន រៀលទៀត ខ្លួនប្រគល់ឲ្យឈ្មោះឈ្មោះ អឹម សីហា ហៅសង្ហា។ ចំណែកសំបុត្របុណ្យគឺឈ្មោះ អឹម សីហា ហៅសង្ហា ជាអ្នកធ្វើឲ្យពួកខ្លួន ដើររៃអង្គាស។

សូមបញ្ជាក់ថាជនសង្ស័យ ត្រូវបានចាប់ខ្លួនថ្ងៃទី២៥ខែតុលា ឆ្នាំ ២០១៩ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ករណី ឆបោក (ប្រើប្រាស់លិខិតក្លែងដើររៃអង្គាសបោកយកប្រាក់)។

គួររម្លឹកថាកន្លងទៅនៅក្រុងសៀមរាប តែងតែឃើញ លោកតា លោកយាយ មួយចំនួន បានដើររៃអង្គាសប្រាក់ ពីប្រជាពលរដ្ឋ តាមផ្ទះនិងតាមហាងកាហ្វេនានា ដោយប្រើរូបភាព សំបុត្របុណ្យ ផ្សេងៗ។ ដូច្នេះប្រជាពលរដ្ឋ ដែលឃើញ ហេតុការណ៍បែបនេះ សូមពិនិត្យឲ្យបាន ម៉ត់ចត់ ចៀសវាង ការចាញ់បោកដោយប្រការណាមួយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,158 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,328 នាក់