ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានាធិបតីហុងគ្រី កំពុងបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:30 ព្រឹក អ្នកអាន 248

ភ្នំពេញ៖លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជា នៅយប់ថ្ងៃអាទិត្យនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែតុលាឆ្នាំ២០១៩។

ការអញ្ជើញបំពេញទស្សនកិច្ចរបស់ លោកប្រធានាធិបតីហុងគ្រី បានធ្វើឡើង តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

អំឡុងពេលទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង បន្ទាប់ពីនោះ លោកប្រធានាធិបតី នឹងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

ប្រធានាធិបតីហុងគ្រី នឹងមានជំនួបពិភាក្សាការងារជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលនៅក្នុងជំនួបនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួមនឹងត្រូវបានលើកយកមកពិភាក្សា។
ក្រៅពីនេះលោកប្រធានាធិបតី និងភរិយា នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន នៅក្នុងខេត្តសៀមរាបផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,891 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,061 នាក់