ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រទេសហុងគ្រី នឹងបញ្ជូនអ្នកជំនាញការ មកជួយ កម្ពុជា ក្នុងការសិក្សា លើបញ្ហាទឹកស្អាត បញ្ហាសំរាម ទាំងសំរាមសំណល់រឹង និងសំណល់រាវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 08:28 ល្ងាច អ្នកអាន 228

ភ្នំពេញ៖លោកយ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃប្រទេស ហុងគ្រី បានបង្ហាញពីការចូលរួម របស់ ប្រទេសហុងគ្រី ជាមួយនឹងការអភិវឌ្ឍ របស់កម្ពុជា នោះគឺលោកនឹងបញ្ជូនអ្នកជំនាញការ របស់ហុងគ្រី ដើម្បីមកជួយកម្ពុជាក្នុងការសិក្សា លើបញ្ហាទឹកស្អាត លើបញ្ហាសំរាម ទាំងសំរាមសំណល់រឹង និងសំណល់រាវ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធ នឹងការអភិវឌ្ឍទីក្រុង។ បន្ទាប់ពីការសិក្សាហើយ ក្រុមអ្នកជំនាញ របស់ហុងគ្រី នឹងផ្ដល់ជូននិងណែនាំនូវបច្ចេកវិទ្យា និងដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហា ទឹកស្អាត បញ្ហាសំណល់រឹង សំណល់រាវនៅកម្ពុជាយើង។ លើសពីនេះទៅទៀត ដើម្បីជំរុញ ការអភិវឌ្ឍន៍ កម្ពុជា រយៈពេលវែង ទាំងសង្គម ទាំងធនធានមនុស្ស ទាំងសុខភាពផងនោះ ។ លោកបានលើកឡើងសារជាថ្មីទៀតថា ប្រទេសហុងគ្រី នៅតែបន្តគាំទ្រ កម្ពុជា និងស្នើសុំឱ្យមិនឱ្យមានការ ដកហូត EBA ពីកម្ពុជាផងដែរ។

ប្រធានាធិបតីនៃប្រទេស ហុងគ្រី បានអះអាងយ៉ាងដូច្នេះ នៅល្ងាច ថ្ងៃទី២៨ ខែតុលានេះ ក្នុងជំនួនពិភាក្សាការងារជាមួយ ជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

សម្ដេចហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកប្រធានាធិបតីហុងគ្រី ចំពោះអ្វីដែលលោកបានលើកឡើង។ សម្តេចតេជោបានមានប្រសាសន៍ថា ជំនួបរបស់យើងជាលើកទី៣នេះ គឺជាការភ្ជាប់ទំនាក់ទំនង ក៏ដូចជាការកសាងទំនាក់ទំនង និងពង្រឹងទំនាក់ទំនងយើងឡើងវិញ។ ទំនាក់ទងកម្ពុជា និងហុងគ្រីមានអស់រយៈពេលជាង៦០ឆ្នាំមកហើយ។

សម្តេចតេជោ ក៏បានជម្រាបជូន អំពីប្រវត្តិសាស្ត្រ របស់កម្ពុជា យ៉ាងសង្ខេបថា កម្ពុជាកន្លងមក តែងតែមានការបែកបាក់គ្នា ហើយរហូតមកដល់ប៉ុន្មាន ឆ្នាំក្រោយនេះ កម្ពុជាក៏ទទួលបាន សុខសន្តិភាព និងស្ថេរភាពពេញលេញ ថែមទាំងមានកំណើនសេដ្ឋកិច្ចរហូតដល់ជាង៧%។

សម្តេចតេជោក៏បានថ្លែងអំណរគុណ ជូនចំពោះប្រទេស ហុងគ្រីដែលបានផ្ដល់នូវការ គាំទ្រដល់ កម្ពុជា ជាពិសេស លើឯកសារ ដែលបានចុះហត្ថលេខាកន្លងមកនោះ គឺទី១)គម្រោងតេជោភូមិ១០០ ទី២)សកម្មភាពដោះមីន ដើម្បីជំរុញអោយកម្ពុជាក្លាយ ជាប្រទេសគ្មានមីននៅឆ្នាំ២០២៥ និងទី៣)អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាចំនួន១៥ក្នុង១ឆ្នាំ។ ពាក់ព័ន្ធនឹងបញ្ហាទឹក និងសំរាម សម្ដេចតេជោ បានស្នើសុំឲ្យភាគីហុងគ្រី បញ្ជូនអ្នកជំនាញដើម្បីមកធ្វើការសិក្សា ផ្តល់យោបល់ និងចូលរួមសហការ ជាមួយកម្ពុជា លើទាំងបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង និងសំណល់រាវ។

សម្ដេចតេជោ បានមានប្រសាសន៍ថា យើងត្រូវផ្តល់អទិភាព លើកិច្ចសហប្រតិបត្តិការនេះ ទៅលើបញ្ហាសំណល់រឹង និងសំណល់រាវ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀត ទៅតាមដងសមុទ្រ និងតាមដងទន្លេមេគង្គ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តល់ការងារនេះ ជូនដល់ក្រសួងបរិស្ថាន ដើម្បីបន្តការពិភាក្សា ជាមួយនឹងភាគីហុងគ្រី ដើម្បីស្នើឲ្យភាគីហុងគ្រី បញ្ជូនអ្នកជំនាញការ មកកម្ពុជាក្នុងសិក្សា និងពិភាក្សារួមគ្នាជាមួយ ក្រសួងបរិស្ថាន ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,684 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,854 នាក់