ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បែកធ្លាយរឿងអាស្រូវ នៅមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ប៉ុន្តែប្រធានមន្ទីរបដិសេធថា មិនពិត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:18 ព្រឹក អ្នកអាន 307

ខេត្តបន្ទាយមានជ័យ៖ថ្មីៗនេះមានបណ្ដាញផ្សព្វផ្សាយមួយចំនួន បានចេញផ្សាយរឿង អាស្រូវ នៅមន្ទីរអប់រំ ខេត្តបន្ទាយមានជ័យ ក្នុងការចំណាយថវិកាជាតិ ជាង ៣០០០ លានរៀល ទិញសម្ភារ: និងការងារសំណង់។ ប៉ុន្តែករណីនេះ ត្រូវបានប្រធានមន្ទីរអប់រំយុវជន និង កីឡា ខេត្តបន្ទាយមាន លោកឈូ ប៊ុន រឿង បានធ្វើការបដិសេធ ថាមិនពិត។

លោកឈូ ប៊ុន រឿង ប្រធានមន្ទីរអប់រំយុវជន និង កីឡា ខេត្តបន្ទាយមាន បានប្រាប់អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ តាមប្រព័ន្ធតេលេក្រាម យ៉ាងខ្លីថា (មិនពិតទេ)។ បើទោះបីអង្គភាពបណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ បានព្យាយាម សូមបកស្រាយ ជាសង្ខេប យ៉ាងណាក៏ដោយ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ភាពមិនប្រក្រតី ក្នុងការចំណាយថវិកាជាតិ របស់មន្ទីរអប់រំ យុវជន និង កីឡា ខេត្តបន្ទាយមានជ័យ ដែលមានលោក ឈូ ប៊ុន រឿង ជាប្រធានមន្ទីរ និងលោកស្រី ផ្លុង គឹមហួន ជា អនុប្រធានមន្ទីរ ហើយក៏ជាដៃស្ដាំ របស់លោកប្រធានមន្ទីរ កំពុងបែកធ្លាយរឿងអាស្រូវ ជុំវិញការចំណាយ ថវិកា សម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ នេះ។

ប្រភពបានរាយការណ៍ថា ចំណុចសម្ខាន់ នៃការចំណាយ ភាពមិនប្រក្រតី របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០១៩ រួមមាន៖ (១)ការទិញម៉ាស៊ីនថតចម្លង និងម៉ាស៊ីព្រីនធ័រ អស់ប្រាក់ជាង៩០០លានរៀល (២) ការចំណាយទិញ តុកៅអី សិស្សបឋមសិក្សា និងមធម្យម អស់ប្រាក់ជាង៣០០លានរៀល (៣) ទិញក្រដាសរ៉ាម ទឹកថ្នាំម៉ាស៊ីនព្រីនធ័រ ទឹកថ្នាំថតចម្លង ក្រណូ សឺមី ប៊ិច អស់ប្រាក់ជាង១២០លានរៀល (៤ )ការចំណាយទិញខោអាវកីឡា ស្បែកជើង បាល់ទាត់ បាល់ទះ សំណាយ អស់ប្រាក់ជាង៩០លានរៀល។

ក្រៅពីនេះ នៅមានការចំណាយ លើផ្នែកសំណង់ អស់ប្រាក់ ខ្ទង់១៩០០លានរៀល ប៉ុន្តែតួរលេខ នៃការចំណាយនេះ ទឹកប្រាក់ចំណាយ មួយចំនួនធំ ត្រូវបានគេសង្ស័យ ចំណាយមិនប្រក្រតី។

ពាក់ព័ន្ធព័ត៌មាននេះ លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា មិនបានធ្វើការអត្ថាធិប្បាយ បកស្រាយបានទេ ដោយបង្វែសំណួរ ឲ្យទំនាក់ទំនង ទៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តបន្ទាយមានជ័យ វិញ។

សូមរំលឹកថា លោកឈូ ប៊ុន រឿង ត្រូវប្រកាសតែងតាំង ឡើងធ្វើជា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៨ ជំនួសលោក ស្តើង តុង ហឹង បានចូលនិវត្តន៍។

ដោយឡែកនៅថ្ងៃ ទី ១៨ខែធ្នូ ឆ្នាំ២០១៧ លោកឈូ ប៊ុន រឿង និងលោកស្រី ផ្លុង គឹមហួន ត្រូវបាន ប្រកាសចូលកាន់ មុខតំណែង ជាអនុប្រធាន មន្ទីរអប់រំយុវជន និង កីឡា ខេត្តបន្ទាយមានជ័យ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,329 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,499 នាក់