ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ល្បីមេគយច្រកម៉ឺនជ័យ ឃុបឃិត ឲ្យឈ្មួញ នាំចូលទំនិញ គេចពន្ធ យ៉ាងពេញបន្ទុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:42 ព្រឹក អ្នកអាន 267

ភ្នំពេញ៖សេចក្ដីរាយការណ៍ពីខេត្តព្រៃវែង បានឲ្យដឹងថា បច្ចុប្បន្ននៅច្រកម៉ឺនជ័យ មានក្រុមឈ្មួញនិងក្រុមអាជីវករនាំចូលទំនិញ គេចពន្ធ តាមច្រកនេះ យ៉ាងពេញបន្ទុក ដោយសារមានការឃុបឃិត បើកដៃពី សំណាក់សមត្ថកិច្ចជាច្រើនស្ថាប័ន។

បើតាមការអះអាង របស់ក្រុមឈ្មួញនិងក្រុមអាជីវករ ដែលនាំចូលទំនិញតាមច្រកទ្វេភាគីម៉ឺនជ័យ បានឲ្យដឹងថា ការដែលពួកគាត់អាចនាំចូលទំនិញគេចពន្ធបានរលូន គឺដោយសារមានការឃុបឃិត បើកដៃពីសំណាក់សមត្ថកិច្ចគយនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហើយពួកគាត់បង់លុយតាមការកំណត់។ ក្នុងនោះមេគយច្រកម៉ឺនជ័យ ឈ្មោះ គង់ សឺឌី ត្រូវបានក្រុមឈ្មួញ និងក្រុមអាជីវករបញ្ជាក់ថា តម្រូវឲ្យពួកគាត់បង់លុយ តាមការកំណត់ ហើយបើឈ្មួញឬអាជីវករណា មិនបង់លុយតាមការកំណត់ទេនោះ ត្រូវប្រឈមនឹងការលំបាកជាមិនខាន។

សេចក្ដីរាយការណ៍ពីអាជីវករ មួយចំនួនបានឲ្យដឹងថា នៅពេលពួកគាត់ដឹកទំនិញ ប្រភេទគ្រឿងជ័រ ដូចជាកៅអី និងឧបករណ៍ផ្សេងៗទៀត តាមរថយន្តចំណុះ២តោនកន្លះចូលតាមច្រកម៉ឺនជ័យ ហើយយកទៅលក់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ត្រូវបង់លុយឲ្យស្នាក់ការច្រកម៉ឺនជ័យ ចំនួន១០ម៉ឺនរៀល បង់ឲ្យសមត្ថកិច្ចគយ២០ម៉ឺនរៀល សរុបអស់៣០ម៉ឺនរៀលទើបចេញផុតពីមាត់ច្រក។

ទន្ទឹមនឹងនេះ ក្រុមអាជីវករដែលនាំចូលផ្លែឈើ តាមរថយន្តកូរ៉េចំណុះ១តោនកន្លះ បានឲ្យដឹងថា ក្នុងមួយជើងពួកគេបង់លុយឲ្យប្រធានសា្នក់ការច្រកម៉ឺនជ័យ ចំនួន១០ម៉ឺនរៀលនិងបង់ឲ្យសមត្ថកិច្ចគយ១៥ម៉ឺនរៀល ហើយនៅពេលចេញផុតពីច្រកម៉ឺនជ័យ ត្រូវបង់លុយឲ្យគយចល័តលើផ្លូវជាតិលេខ៨ ក្នុងឃុំដូនកឹង ចំនួន៣០ម៉ឺនរៀលថែមទៀត។

ក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងថា រាល់ការបង់លុយរបស់ពួកគាត់ មិនដែលទទួលបាន បង្កាន់ដៃឬវិក្កយបត្រអ្វីទេ ព្រោះសមត្ថកិច្ចគ្រប់ ស្ថាប័ន ស្គាល់ពួកគាត់យ៉ាងច្បាស់រួចទៅហើយ។

ចំណែកក្រុមឈ្មួញ ដែលនាំចូលបន្លែ តាមរថយន្តធំៗ ចំណុះ៥តោនឡើង ទៅបានបញ្ជាក់ថា ក្នុងមួយជើងពួកគាត់ត្រូវបង់លុយឲ្យប្រធាន ស្នាក់ការច្រកម៉ឺនជ័យ ចំនួន១១ម៉ឺនរៀល និងបង់លុយឲ្យ សមត្ថកិច្ចគយចំនួន៤០ម៉ឺនរៀល ហើយបង់ឲ្យគយចល័ត នៅប៉ុស្ដិ៍ផ្លូវជាតិលេខ៨ ឃុំដូនកឹង ចំនួន៣០ម៉ឺនរៀលផ្សេងទៀត។

ដូច្នេះមុខរបររបស់ពួកគាត់ សល់ផលចំណេញ តិចតួចបំផុត ព្រោះសម្រាប់រថយន្តដឹកបន្លែ ចំណុះ៥តោនត្រូវចំណាយអស់ ប្រមាណជាង១លានរៀល ទើបអាចទៅដល់គោលដៅ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមឈ្មួញនិងក្រុមអាជីវករ បានលើកឡើងថា លោក គង់ សឺឌី ដែលជាមេគយច្រកម៉ឺនជ័យ សប្បាយប្រមូលលុយ តាមរបៀបពុករលួយ ហើយប្រធានស្នាក់ការច្រកម៉ឺនជ័យ ព្រមទាំងសមត្ថកិច្ចតាមដងផ្លូវក៏គាបយកលុយ ពីពួកគាត់តាមអំពើចិត្តដែរ។ បញ្ហានេះជារឿងដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយ តទៅទៀតទេ ព្រោះទង្វើ របស់សមត្ថកិច្ចគយ នៅច្រកម៉ឺនជ័យ ធ្វើឲ្យរដ្ឋ ត្រូវខាតបង់ចំណូល ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។

អង្គភាពបណ្ដាញ សារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ បកស្រាយពីលោក គង់ សឺឌី មេគយច្រកម៉ឺន បាននៅឡើយទេ នៅព្រឹកនេះ ដោយមិនមានលេខទូរសព្ទ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,304 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,386 នាក់