ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព្រាប គារ៉ាត់(ហៅគយសិដ្ឋ) ល្បីល្បាញ បើកដៃឲ្យមាន ទំនិញគេចពន្ធ យ៉ាងគគ្រឹកគគ្រេង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 05:55 ល្ងាច អ្នកអាន 573

ភ្នំពេញ៖មានការលើកឡើងថាលោកព្រាប គារ៉ាត់(ហៅគយសិដ្ឋ) ប្រធានស្នាក់ការគយតំបន់៦ ទប់ស្កាត់បង្ក្រាបបទល្មើសរត់ពន្ធ បានកំពុងមានភាពល្បីល្បាញ ឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ ឲ្យមានអំពើរត់ពន្ធ ទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ យ៉ាងគគ្រឹកគគ្រេងបំផុត។ជាហេតុនាំឲ្យមានការរិះគន់យ៉ាងខ្លាំង។

សេចក្ដីរាយការណ៍បានប្រាប់អង្គភាព បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅល្ងាចថ្ងៃនេះថា ទំនិញសម្ភារៈប្រើប្រាស់ គ្រឿងបរិភោគ នំចំណីត្រីសាច់ វៀតណាម កំពុងវាយលុក លើទីផ្សារស្រុកខ្មែរ យ៉ាងច្រើនក្នុងមួយថ្ងៃៗ។ ដោយឈ្មួញប្រើប្រាស់ រថយន្តតូចធំ រ៉ឺម៉កម៉ូតូ គ្រប់ប្រភេទ រាប់សិបគ្រឿងក្នុងមួយថ្ងៃៗ

សម្រុកដឹកជញ្ជូនទំនិញ គេចពន្ធនិងបង់ពន្ធមិនគ្រប់ ទាំងថ្ងៃទាំងយប់ ចេញពីប្រទេស វៀតណាម ចូលមកខ្មែរ តាមច្រកទ្វារព្រំដែននានា ក្នុងខេត្តត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង ដើម្បីចែកចាយនៅលើទីផ្សារ។

ប្រការបែបនេះ ជាហេតុនាំឲ្យគយចល័តផ្ទៃប្រទេសតំបន់៦ ដែលមាន លោកព្រាប គារ៉ាត់(ហៅគយសិដ្ឋ) ជាប្រធាន មានតួនាទី បង្ក្រាបទប់ស្កាត់ បទល្មើសរត់ពន្ធ ប្រមូលក្ដោបក្ដាប់ សេដ្ឋកិច្ច គ្រប់ច្រកល្ហក យកលុយពីក្រុមឈ្មួញ យកធ្វើមាន ធ្វើបានសម្រាប់ បក្ខពួកខ្លួន ដោយមិនញញើតអ្វីទាំងអស់ ជាថ្នូរនិងការបើកភ្លើងខៀវមិនបង្ក្រាបមិនចាប់ផាកពិន័យរាល់ទំនិញគេចពន្ធ។ លើសជាងនេះទៅទៀត គយចល័តតំបន់៦ បានពង្រាយកូនចៅឲ្យចាំយកលុយពីទំនិញគេពន្ធ តាមច្រកទ្វារព្រំដែន ទ្វេភាគី ច្រកតំបន់ និងច្រករបៀង នានា គ្មានចន្លោះឡើយ។
សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា នៅពេលក្រុមឈ្មួញ ដឹកទំនិញ ចេញមកដល់ផ្លូវជាតិធំៗ ហើយ ត្រូវបង់លុយជូនគយចល័តតំបន់៦ យ៉ាងច្រើនលើសគយព្រំដែនទៀត បើទោះបីជាយកលុយពីរត្រួតក៏ដោយ?

ជាក់ស្ដែង អាជីវករអ្នកដឹកទំនិញ គ្រឿងជ័រ កៅអី ខ្សែបាវ តាមរថយន្តកូរ៉េ ចំណុះ២តោនកន្លះចេញពីវៀតណាម ចូលមកលក់ នៅខេត្តត្បូងឃ្មុំ និងកំពង់ចាម បានអះអាងប្រាប់ អ្នកសារព័ត៌មានថា ខ្លួនដឹកមួយជើងបង់លុយ ឲ្យស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគី ម៉ឺនជ័យ ចំនួន១០ម៉ឺនរៀល និងបង់ឲ្យការិយាល័យគយច្រកទ្វារម៉ឺនជ័យចំនួន២០ម៉ឺនរៀល។ លុះចេញផុតហើយ ត្រូវបង់ឲ្យប៉លិសសេដ្ឋកិច្ច តាមដងផ្លូវទៀត។
ប៉ុន្តែអ្វីដែលគាត់ហួសចិត្តបំផុតនោះ គឺមន្ត្រីគយចល័ត ផ្ទៃប្រទេស ផ្លូវជាតិលេខ៧ នៅឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានកំណត់យកលុយពីគាត់ មួយរថយន្ត៦០ម៉ឺនរៀល ជាកំហិតរៀងរាល់ជើង។

ក្រុមអាជីវករ បានបង្ហើបប្រាប់ទៀតថា រាល់ការបង់លុយ ទាំងអស់ គឺគ្មានលិខិតឬ ក្រដាសស្នាមអ្វីឡើយ តែបើមិនបង់ឲ្យគេគេនិងចាប់ជាក់ជាមិនខាន ហេតុនេះទើបខ្លួនដឹកជញ្ជូន ទំនិញបណ្ដើរ បង់លុយបណ្ដើរ រហូតរាល់ថ្ងៃអញ្ចឹងទៅ។
បើតាមប្រភពបញ្ជាក់ទ់តថា ការដឹកទំនិញពីវៀតណាម មកភ្នំពេញ១ជើង
បង់លុយឲ្យគយចល័យ ផ្ទៃប្រទេស ប្រចាំផ្លូវជាតិលេខ៨ ឃុំដូនកឹង ស្រុកកំចាយមារ ចំនួន៥០ម៉ឺនរៀល
រួចបន្តបង់ឲ្យសាខាគយ និងរដ្ឋាករខេត្តព្រៃវែង នៅចំណុចខាងកើត រង្វង់មូលស្វាយអន្ទរ ចំនួន២៥ម៉ឺនរៀល
ទៀត។
ចំណែកការដឹកទំនិញ នំចំណីតាមរថយន្ត កូរ៉េចំណុះ២តោនកន្លះ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ខ្លួនដឹកទំនិញពីវៀតណាម ចូលមកបោះដុំនៅ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ក្នុងមួយជើង គយចល័ត ផ្លូវជាតិលេខ៨ គេកំណត់យកពីគាត់ ៤០ម៉ឺនរៀល ជាកំហិត ហើយត្រូវខលទូរសព្ទប្រាប់មុនទៀតផង។ ពោលគឺគោយន្ត កែច្នៃដឹកទំនិញ ពីវៀតណាម មួយជើងបង់ឲ្យ គយចល័ត ផ្លូវជាតិលេខ៨ ចំនួន២៥ម៉ឺនរៀល រថយន្តសាំយ៉ុងដឹកផ្លែឈើមួយជើងបង់៨ម៉ឺនរៀល រ៉ឺម៉កមួយជើង បង់៦ម៉ឺនរៀល។

ក្នុងនោះមួយថ្ងៃៗ មានក្រុមឈ្មួញរាប់សិបនាក់ បានប្រើរថយន្តតូចធំ រ៉ឺម៉ក គ្រប់ប្រភេទ សម្រុកដឹកទំនិញពីប្រទេសវៀតណាមទាំងថ្ងៃទាំងយប់។ ដូច្នេះប្រធានការិយាល័យតំបន់៦ ទប់ស្កាត់បង្ក្រាបបទល្មើស រត់ពន្ធ អាចប្រមូលក្ដោបសេដ្ឋកិច្ចរួម ពីទំនិញគេចពន្ធ បានលុយរាប់សិបម៉ឺនដុល្លារ ក្នុង១ខែៗ ដើម្បីដាក់ក្នុងហោប៉ៅ របស់ខ្លួននិងបក្ខពួក ដែលជាហេតុនាំឲ្យបាត់បង់ថវិកា ចំណូលចូលរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់។

ពាក់ព័ន្ធករណីនេះ អង្គភាព បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ បកស្រាយបំភ្លឺពី
លោក ព្រាប គារ៉ាត់ (ហៅគយសិដ្ឋ) ប្រធានស្នាក់ការតំបន់៦ ទប់ស្កាត់ បង្ក្រាបបទល្មើសរត់ពន្ធ បាននៅឡើយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,478 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,560 នាក់