ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកសារព័ត៌មាន ជើងចាស់ ផ្តួចផ្តើមបង្កើត «គណៈកម្មាធិការ កម្ពុជា វាយតម្លៃ សេរីភាព សារព័ត៌មាន»

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:22 ល្ងាច អ្នកអាន 286

ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលមានលោកហ៊ុយ វណ្ណ: ប្រធាននិងជា អ្នកសារព័ត៌មាន ជើងចាស់មួយរូប បានផ្តួចផ្តើមបង្កើត «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន» ហៅកាត់ថា (ស៊ីម៉ា) មានឈ្មោះជាភាសាអង់គ្លេស The Cambodian Committee for Media Assessment (CCMA) ដើម្បីជាយន្តការថ្មីមួយដើរតួនាទីសរសេររបាយការណ៍ វាយតម្លៃអំពីស្ថានភាព និងលំហរសេរីភាពសារព័ត៌មាន នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ស.ស.ស.ក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន ផ្តើមចេញពីលទ្ធផលសមាជលើកទី២របស់ស.ស.ស.ក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវិស័យសារព័ត៌មាននៅប្រទេសកម្ពុជា ដែលយើងរៀបចំយន្តការវាយតម្លៃខ្លួនឯង ឆ្លុះបញ្ចាំងពីខ្លួនឯង ហ៊ានទទួលស្គាល់ការពិតដើម្បីកែលម្អ ក៏ដូចជាស្នើសុំផ្នែកពាក់ព័ន្ធ ឲ្យចូលរួមកែលម្អ ទាំងអស់គ្នា ដើម្បីធ្វើឲ្យគុណភាពសារព័ត៌មាន កាន់តែប្រសើរឡើង ដើម្បីធ្វើឲ្យលំហរសេរីភាពនៅ ប្រទេសកម្ពុជា កាន់តែទូលំទូលាយ ធ្វើឲ្យសារព័ត៌មាន មានតួនាទីកាន់តែសំខាន់ នៅក្នុងដំណើរការ ប្រជាធិបតេយ្យ និងរួមចំណែកអភិវឌ្ឍ សង្គមជាតិ មួយមានវិបុលភាព សុខដុមរមនា និងចីរភាព។
ស.ស.ស.ក បានគូសបញ្ជាក់ថា «យើងជាអ្នកសារព័ត៌មាន និងជាពលរដ្ឋ របស់ប្រជាជាតិមួយ យើងមិនគួរនៅស្ងៀម បន្តស្តាប់និងអានតែរបាយការណ៍ របស់ភ្នាក់ងារ បរទេសវាយតម្លៃពីខាងក្រៅ អំពីគុណតម្លៃសារព័ត៌មាន នៅកម្ពុជានោះឡើយ។ យើងត្រូវតែឈរលើការពិតឆ្លុះបញ្ចាំង ចេញពីខ្លួនយើងជាមុន ដើម្បីយកជាមូលដ្ឋានប្រៀបធៀប ជាមួយនឹងរបាយការណ៍បរទេស ដើម្បីរកឲ្យឃើញនូវសុច្ចរិតភាព នៃរបាយការណ៍នីមួយៗ ហើយយកមកកែលម្អ។ យើងទទួលស្គាល់ថា៖ តួនាទីសារព័ត៌មាន ដែលមានគុណភាព សេរី និងប្រកបដោយវិជ្ជាជីវៈ គឺមានគុណតម្លៃរួមចំណែក ជួយដល់សង្គម មួយមានអភិបាលកិច្ចល្អ និងធ្វើឲ្យលំហរ ប្រជាធិបតេយ្យ កាន់តែទូលំទូលាយ»។

សូមជម្រាបថា នៅក្នុងឱកាសអញ្ជើញ ជាអធិបតីបិទសមាជលើកទី២ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងគាំទ្រគំនិតផ្តួចផ្តើមនេះ ដោយលោកមានប្រសាសន៍បន្ថែមថា៖ «បរទេសដែលសរសេររបាយការណ៍អំពីសេរីភាពសារព័ត៌មាន គឺមួយចំនួនមិនមែនជាអ្នកកាសែត ឬអ្នកសារព័ត៌មានផងទេ។ ចង់ឲ្យតួនាទីសារព័ត៌មានចូលរួមចំណែកលើកកិត្តិយសជាតិ គឺត្រូវចាប់ផ្តើមពីការលើកកិត្តិយស អ្នកសារព័ត៌មានជាមុន»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា៖ អ្នកសារព័ត៌មានកម្ពុជា នឹងចូលរួមជាមួយបេសកកម្មនេះ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងនាមជា អនុប្រធានវេទិកាព័ត៌មាន ICAPP ក៏មានក្តីសង្ឃឹមដែរថា៖ នៅអនាគតដ៏ឆាប់ គណៈកម្មាធិការនេះ នឹងអាចពង្រឹងខ្លួនជាមួយ ដៃកាន់ទង់ជាតិ កម្ពុជា ចូលទៅជាសមាជិក អ្នកសង្កេតការណ៍ ក្នុងយន្តការសហភាពអន្តរសភា IPU និងជាអ្នកសង្កេតការណ៍ ក្នុងយន្តការព័ត៌មាន របស់ អង្គការសហប្រជាជាតិ (UN)៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,508 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,590 នាក់