ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ជួបជាមួយ អនុរដ្ឋមន្ត្រី និងជាប្រធាន អគ្គលេខាធិការ នៃកងទ័ពប្រជាជន វៀតណាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:44 ព្រឹក អ្នកអាន 285

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី៣០ ខែតុលា ម្សិលមិញ បានទទួលជួបពិភាក្សាការងារជាមួយ​ លោក Phan Van Giang អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គលេខាធិការនៃកងទ័ពប្រជាជនវៀតណាម។

ក្នុងជំនួបនេះ លោក Phan Van Giang បានគោរពជម្រាបជូន​ សម្ដេចតេជោនាយករដ្ឋមន្ត្រីដោយបានពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខពី​ នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ។
លោកក៏បានរាយការណ៍ជូនសម្ដេចតេជោថា លោកនឹងជួបពិភាក្សាការងារជាមួយនឹង​ លោក វង្ស ពិសេន នៅថ្ងៃនេះ ហើយក៏បានជម្រាបជូនសម្ដេចតេជោ ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម គឺបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដូចជាលើការរៀបចំសមយុទ្ធ ពេលដែលមាន គ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្តទៅនៅខែ១២ខាងមុខ បញ្ហាសន្តិសុខ ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំដែន និងការស្វែងរកអដ្ឋិធាតុ រួមជាមួយនឹងការហ្វឹកហាត់បណ្ដុះបណ្ដាល នាយទាហានយោធាជាដើម។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ នាយករដ្ឋមន្ត្រីវៀតណាម ហើយសម្ដេចក៏បានសំដែងអំណរគុណចំពោះរបាយការណ៍ ដែលបានលើកឡើង ក្នុងជំនួបនេះ។
សម្ដេចតេជោ​ ក៏បានសម្ដែងនូវក្តីរីករាយផងដែរ ដែលបានដឹងពីទំនាក់ទំនងរវាងវិស័យកងទ័ពនៃប្រទេសទាំងពីរនារយៈពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្នដែលទំនាក់ទំនងនេះបាននាំនូវផលប្រយោជន៍ជូនដល់ប្រជាជនដែលកំពុងរស់នៅតាមព្រំដែនផងដែរ។
ចំពោះការរៀបចំសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយវិញនោះ សម្តេចតេជោបានមានប្រសាសន៍ថា នេះជាការអនុវត្តមួយដែលផ្ដល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនៅពេលដែលមានគ្រោះមហន្តរាយ កើតមានឡើងដូចជាភ្លើងឆេះព្រៃ និងទឹកជំនន់ជាដើម។
ដូច្នេះការអនុវត្តសមយុទ្ធនេះ គឺកងទ័ពកម្ពុជាត្រូវចូលទៅកាន់ទឹកដីវៀតណាម ហើយកងទ័ពវៀតណាម ត្រូវចូលមកកាន់ទឹកដីកម្ពុជា ដើម្បីចៀសវាង ដល់ការយល់ច្រឡំគ្នា នឹងធ្វើឲ្យមានការយល់ដឹង ដោយទូលំទូលាយផងដែរ។

សម្ដេចតេជោ បានផ្ដល់អនុសាសន៍ ឲ្យមានសកម្មភាពមនុស្សធម៌ក្នុងសមយុទ្ធនេះ គឺភាគីកម្ពុជាអាចចូលទៅព្យាបាលប្រជាជនវៀតណាម ហើយប្រជាជនវៀតណាម អាចចូលមកព្យាបាល នៅក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមនៅពេលដែលមានគ្រោះមហន្តរាយ ហើយក៏អាចជំរុញ ឱ្យមានកម្មវិធី​ កីឡា សិល្បៈ ផងដែរ។ សំខាន់ជាងនេះគឺធ្វើយ៉ាងណាបន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងជំរុញបង្កលក្ខណៈ ណាឲ្យប្រជាជន នៃប្រទេសទាំងពីរ អាចប្រកបអាជីវកម្មតាមព្រំដែនបានដោយងាយស្រួលផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,775 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,857 នាក់