ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

វិធានការក្ដៅ អភិបាលស្រុកបន្ទាយស្រី ថា រោងរាប់រយខ្នង សង់ថ្មីៗ លើដីរដ្ឋ ត្រូវប្រឈមមុខ នឹងផ្លូវច្បាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:30 ល្ងាច អ្នកអាន 1904

ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានអះអាងថា (ជើងភ្នំគូលែន) រោងរាប់រយដែលមិនមានមនុស្សស្នាក់នៅ គ្មានជញ្ជាំង គ្មានគ្រែ និងទើបតែសង់ថ្មី នៅលើដីសាធារណៈ របស់រដ្ឋ គឺជាការភស្តុតាងជាក់ស្តែង នៃចលនាទន្ទ្រាន វាទទីដោយ អនាធិបតេយ្យ ដែលនឹងត្រូវប្រឈមមុខ នឹងផ្លូវច្បាប់។

បើតាមលោកឃឹម ហ្វីណង់ បានបញ្ជាក់ថា ថ្មីៗនេះរដ្ឋបាលស្រុក បានចេញសេចក្តីជូនដំណឹង ដល់ប្រជាជនដែលកំពុង តែបានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ ស្ថិតនៅក្នុងចំណុចភូមិសាស្ត្រ ក្បែរផ្លូវឡើង ជើងភ្នំគូលែន (ភូមិត្បែងលិចនិងភូមិស្រះខ្វាវ នៃឃុំត្បែង) ឲ្យបញ្ឈប់ជាបន្ទាន់ នូវការឆ្លៀតឱកាស បំផុសចលនា ពង្រីកបន្ថែមការទន្ទ្រាន ការរុករានហ៊ុមពទ្ធ័ ចាប់យកដីដោយខុសច្បាប់ ក្រោមរូបភាព ជាការសាងសង់ រោងបន្ថែម ដែលមានចរឹតលក្ខណៈ ដូចខាងលើនេះ។

រដ្ឋបាលស្រុក បាននិងកំពុងដោះស្រាយ បញ្ហាវិវាទដីធ្លី នៅក្នុងតំបន់នេះ ហើយក៏បានធ្វើការស្រង់ ស្ថិតិទិន្នន័យកំណត់ចំនួនគ្រួសារ និងខ្នងផ្ទះ ក្នុងតំបន់នេះ ដើម្បីរកចំណាត់ការ ណាមួយនា ពេលកន្លងមកនេះ ប៉ុន្តែរដ្ឋបាលស្រុក ហាមដាច់ខាត មិនឲ្យមានការពង្រីក សកម្មភាព ដោយអនាធិបតេយ្យ បែបនេះទេ។ ស្ថានភាពដើមយោងទៅតាមទិន្នន័យ ដែលមានស្រាប់ គឺជាលក្ខណ ចាំបាច់ដើម្បីបន្តនិតិវិធី ស្វែងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋទាំងនោះ។

រដ្ឋបាលស្រុក ស្នើដល់ប្រជាជន ដែលបានចូលរួមប្រព្រឹត្ត សកម្មភាពទាំងនេះ ស្ម័គ្រចិត្ត សហការ រុះរើរោងទាំងនេះ (ដែលមិនមែនជាផ្ទះ) ដោយខ្លួនឯងនិងដោយសន្តិវិធី និងសូមអំពាវនាវដល់ សាធារណៈ ជនទាំងអស់ មេត្តាចូលរួមការពារ សម្បត្តិបេតិកភណ្ឌ ប្រវត្តិសាស្ត្រ របស់យើងទាំងអស់គ្នា តាមរយៈការមិនចូលរួម សកម្មភាពទិញ-លក់ដីរដ្ឋដែលខុសច្បាប់នេះ។ អាជ្ញាធរមានសមត្ថកិច្ច នឹងមិនផ្តល់ជូនការ ផ្ទេរកម្មសិទ្ធិ រឺទទួលខុសត្រូវចំពោះរាល់បញ្ហា ដែលអាច នឹងកើតមានឡើយ។

បញ្ជាក់ដោយសារ ការផ្តល់ជូនលិខិត ទៅដល់ដៃ ប្រជាពលរដ្ឋ នៅទីនោះ មានការយឺតយ៉ាវ រដ្ឋបាលស្រុកនឹងទុក ពេលបន្ថែម ជូនមួយរយៈ ពេលខ្លីទៀត ដើម្បីធ្វើការរុះរើ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,838 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,920 នាក់