ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ ក្មួយៗត្រូវខិតខំ សិក្សារៀនសូត្រ ឲ្យក្លាយទៅជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 09:05 ព្រឹក អ្នកអាន 237

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បាន ក្រើនរំលឹក ដល់ ក្មួយៗសិស្សានុសិស្សទាំងអស់ កុំឲ្យប្រព្រឹត្ត នូវអំពើ អ្វីដែល ប្រាសចាកនឹងច្បាប់ ដោយត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីធ្វើខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ។

លោកអ៊ុន ចាន់ដា បន្តថា ក្មួយៗគឺជាអ្នកកាន់កូនសោ សម្រាប់បើកជោគវាសនារ បស់ខ្លួន នាពេលអនាគត ដូច្នេះមានតែការអប់រំ និងចំណេះដឹងទេ ដែលអាចបើកផ្លូវ ឲ្យក្មួយៗ ទាំងអស់ ទទួលបានអនាគត ដ៏រុងរឿង។ ចំណេះវិជ្ជា និងសីលធម៌ ក៏ជាទ្រព្យសម្បត្តិ ដែលមិនចេះរីងស្ងួត ព្រមទាំងបង្កើតនូវកិត្តិយស និងភាពថ្លៃថ្នូរដល់ក្មួយៗ និងក្រុមគ្រួសារផងដែរ។

លោកថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០១៥-២០២០ និងទិវាដឹងគុណគ្រូ នៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ ម្សិលមិញ។

លោកអ៊ុន ចាន់ដា ក៏បានថ្លែងសំណូមពរដល់មាតាបិតា ឬអាណាព្យាបាលសិស្ស សូមបញ្ជូនកូនចៅដែលគ្រប់អាយុ ដល់វ័យសិក្សា ឲ្យចូលរៀនបានគ្រប់ៗគ្នា ត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនកូនចៅ ឲ្យខិតខំរៀនសូត្រ ទាំងក្នុងសាលា និងក្រៅសាលា ឲ្យបានគ្រប់ពេលវេលា។ ជាពិសេស ត្រូវយកចិត្តទុកដាក់ ក្នុងការអប់រំកូនចៅ លើផ្នែកសីលធម៌ រស់នៅប្រចាំថ្ងៃ ដើម្បីកុំឲ្យពួកគេក្លាយ ទៅជាក្មេងទំនើង ដែលដើរមិនចូលផ្ទះ មិនចូលសាលា និងដើរបង្កបញ្ហាក្នុងសង្គមជាតិ និងតាមដានកូនចៅជាប្រចាំ កុំឲ្យ ពួកគេធ្លាក់ខ្លួន ទៅប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងអំពើអនាចារផ្សេងៗទៀត ត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើជិះរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់ គ្រប់ពេលវេលា នៃការធ្វើដំណើរ។

លោកអភិបាលខេត្ត ក៏អំពាវនាវ ដល់ មាតាបិតា អាណាព្យាបាលសិស្ស ក៏ដូចជា សប្បុរសជននានា និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តតាមរយៈការជួយជួសជុល ការសាងសង់អគារសិក្សា បណ្ណាល័យ បង្គន់អនាម័យ តបណ្តាញទឹកស្អាត ការធ្វើទីលានកីឡានានា និងថែរក្សាការពារទ្រព្យសម្បត្តិរួមទុកសម្រាប់ ឲ្យ កូនចៅបានចូលសិក្សារៀនសូត្របានយូរអង្វែង និងគង់វង្ស យូរអង្វែង ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,667 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,749 នាក់