ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៦

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 12:00 ព្រឹក អ្នកអាន 262

នៅព្រឹកថ្ងៃដដែលនេះដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ រួចមក សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌាលើកទី១៦ ដែលបានប្រារព្ធពិធីបើកជាផ្លូវការរបស់ខ្លួន ក្រោមវត្តមាន របស់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី ដែលធ្វើឡើងនៅ ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៦ប្រមុខរដ្ឋ

ប្រមុខរដ្ឋាភិបាលអាស៊ាន និងឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅវឌ្ឍនភាព និងការរីកចម្រើននានា នៃទំនាក់ទំនងរវាងអាស៊ាន-ឥណ្ឌា ក្នុងរយ:ពេលជាង១៦ឆ្នាំកន្លងមក។ នៅក្នុងកិច្ចប្រជុំកំពូល ប្រចាំឆ្នាំនេះដែរ មេដឹកនាំឥណ្ឌា បានលើកយកមកពិភាក្សាពីបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វីក ក្នុងនោះឥណ្ឌា បានលើកឡើងពីការជាប់ពាក់ព័ន្ធរបស់ខ្លួន ដោយមានការច្របាច់បញ្ចូលជាមួយគោលនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Polocy) តាមរយៈវិស័យចំនួន៤ គឺការការពារសន្តិសុខមហាសមុទ្រឥណ្ឌា សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឲ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយនឹងការធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន។

ថ្លែងទៅកាន់មេដឹកនាំអាស៊ាន-ឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាសូមគាំទ្រដល់ការពិភាក្សាដើម្បីរៀបចំនូវផែនការសកម្មភាពថ្មី ឆ្នាំ២០២១-២០២៥ ជាឯកសារសម្រាប់អនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការរួម ដែលនឹងផ្តល់ផលប្រយោជន៍ឲ្យអាស៊ាន និងឥណ្ឌា។
ជាមួយគ្នានេះ កម្ពុជាសូមលើកទឹកចិត្តអាស៊ាន និងឥណ្ឌា ផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹង និងពង្រីកពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន និងឥណ្ឌា បន្ថែមទៀត ដើម្បីសម្រេចឲ្យបាននូវគោលដៅពាណិជ្ជកម្ម ២០០ពាន់លានដុល្លា នៅឆ្នាំ២០២២ ពិសេសទៅទៀតនោះ កម្ពុជាសូមលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែម លើការតភ្ជាប់ជារូបវ័ន្ត និងឌីជីថល រវាងអាស៊ាននិងឥណ្ឌា ជាពិសេសសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម តាមរយៈការផ្តល់ជំនួយហិរញ្ញប្បទាន និងជំនួយបច្ចេកទេសផ្សេងៗ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា លើកទី១៦នេះដែរ មេដឹកនាំអាស៊ាន ឥណ្ឌា បានឈានទៅចេញសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា លើកទី១៦ ក្នុងបរិយាកាសរីករាយ និងរ៉ាក់ទាក់បំផុត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,874 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,956 នាក់