ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកយឹម ឆៃលី៖ យើងប្តេជ្ញាចិត្តខ្ពស់ ក្នុងការដោះស្រាយ បញ្ហា ជូនប្រជាពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 04:56 ល្ងាច អ្នកអាន 183

ខេត្តកំពង់ចាម៖លោកយឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័ កសិកម្មនិងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ចាម បានថ្លែងថា ការខិតខំប្រឹងប្រែង របស់ក្រុមការងារតាមក្រុង ស្រុកទាំងអស់ ក្នុងការរៀបចំវេទិកាសាធារណៈ ជួបជុំជាមួយបងប្អូន ប្រជាពលរដ្ឋយើង ដើម្បីស្តាប់នូវកង្វល់ និងបញ្ហាផ្សេង ៗ ដែលបងប្អូនជួប ប្រទះនៅមូលដ្ឋាន និងការប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូន។ ថ្វីត្បិតតែកង្វល់ និងបញ្ហាទាំងអស់នោះ យើងមិនអាចដោះស្រាយបានទាំងអស់ ក្នុងពេលតែមួយ តែយើងទាំងអស់គ្នា មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការដោះស្រាយ បញ្ហាទាំងអស់ជូនប្រជាជន។

ថ្លែងយ៉ាងដូច្នេះក្នុងឱកាស បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងាររយៈពេល៩ខែ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ព្រឹកមិញ។

លោកយឹម ឆៃលី បន្តថា យើងទាំងអស់គ្នាមើលឃើញ ពីសមិទ្ធផលរីកចម្រើន លើគ្រប់វិស័យ នៅទូទាំងខេត្ត ដែលជាផ្លែផ្កាបានមកពីកត្តាដ៏សំខាន់២ មិនអាចខ្វះបាន គឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោហ៊ុន សែន។

លោកបានធ្វើការណែនាំថា បញ្ជីបញ្ហាប្រឈម និងសំណើនានា របស់ប្រជាជន រយៈពេល៩ខែ មានសំណូមពរ៩៩ ដែលក្ដោបលើវិស័យ១៣ ដូចនេះស្នើសុំដល់ ប្រធានក្រុមការងារ និងជាប្រធានស្ថាប័នតាមវិស័យឬ ជាតំណាងស្ថាប័នជំនាញ យកទៅសិក្សា និងឆ្លើយតបទៅនឹងសំណូមពរ និងសំណើរបស់ប្រជាជន និងធ្វើរបាយការណ៍ មកលេខាធិការដ្ឋានខេត្ត បញ្ជាក់តើមានបញ្ហាប្រឈម និងសំណូមពរប៉ុន្មានត្រូវបានដោះស្រាយរួច និងមានប៉ុន្មានដែលមិនទាន់ដោះស្រាយរួច ឬ មិនអាចដោះស្រាយបាន ដោយសារហេតុផ្សេងៗ ដើម្បីយើងរាយការណ៍ ជូនរាជរដ្ឋាភិបាល។ ម្យ៉ាងវិញទៀត សូមឲ្យក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ពិនិត្យតាមដានលើការ គ្រប់គ្រង ផ្សារនៅតាមក្រុង ស្រុក ដែលរាជរដ្ឋាភិបាល បានសម្រេច ប្រគល់ឲ្យសមាគមអាជីវករផ្សារ ជាអ្នកគ្រប់គ្រង ជំនួយការវិនិយោគពីវិស័យឯកជន។

អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាផ្ទាល់ខ្លួនរបស ថ្នាក់ដឹកនាំក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តកំពង់ចាម បានជួយដោះស្រាយ នូវក្តីកង្វល់ ការលំបាកនានា របស់បងប្អូន ប្រជាពលរដ្ឋ និងបានចូលរួមកសាង សមិទ្ធផលនានា ជាពិសេស បានផ្សព្វផ្សាយគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងកម្មវិធីសំណេះសំណាល តាមបណ្តាក្រុង-ស្រុក ឃុំ-សង្កាត់ សរុបបានចំនួន៥៤៨លើក មានអ្នកចូលរួមចំនួន ១៥៣,៧៩៥នាក់។ ក្រុមការងារ បានប្រមូលចងក្រង បញ្ហាប្រឈម របស់ប្រជាពលរដ្ឋ និងសហគមន៍នៅមូលដ្ឋានក្នុងទូទាំងខេត្ត ដែលបានលើកឡើង ដូចជា៖ ក្តីកង្វល់ សំណើ សំណូមពរ និងតម្រូវការផ្សេងៗ សរុបមានចំនួន៩៦ករណី លើវិស័យ១៣ ក្នុងនោះបញ្ហា ដែលបានដោះស្រាយរួច មានចំនួន៣៥ករណី, កំពុងដោះស្រាយ ចំនួន២២ករណី និងមិនទាន់បានដោះស្រាយ ចំនួន៣៩ករណី។ ក្នុងចំណោមវិស័យទាំង១៣ មានវិស័យចំនួន៤ ដែលប្រជាពលរដ្ឋលើកឡើងច្រើនជាងគេ គឺ៖ វិស័យអប់រំ យុវជន និងកីឡា, វិស័យសាធារណៈការ និងដឹកជញ្ជូន វិស័យធនធានទឹកនិងឧតុនិយម, និងវិស័យឧស្សាហកម្ម និងសិប្បកម្ម (ស្មើនឹង៦១,៤៥%នៃបញ្ហាសរុប)។ ចំពោះបញ្ហា ដែលមិនទាន់បាន ដោះស្រាយ ចំនួន៣៩ករណី (ស្មើ៤០,៦៣%) ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្ត បានចងក្រង យកមកធ្វើការពិនិត្យ ពិភាក្សារកលទ្ធភាពដោះស្រាយ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ទៅតាមសមត្ថកិច្ចរៀងៗខ្លួន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,343 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,425 នាក់