ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 05:12 ល្ងាច អ្នកអាន 187

នៅព្រឹកថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០១​៩​ដដែលនេះ​ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២​ រួចមក​ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន​ បានអញ្ជេីញចូលរួមបើក​កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧​ ជាមួយនឹង​ ឯកឧត្តម​ រ៉ូប៊ែរ អូប្រៀន បេសកជនពិសេស ឯកឧត្តមប្រធា​នា​ធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។

នៅក្នុង​កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋ​អាមេរិក លើក​ទី៧ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និង តំណាងឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើរបៀបវារ:ដែលបានគ្រោងទុក ពិសេសបានធ្វើ​ការ​ពិនិត្យនិងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើ​ការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំរីក​ចម្រើនទ្វេឡើងថែមទៀត។ នៅក្នុងកិច្ចប្រជុំ​កំពូលនោះដែរ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានសង្កត់​ធ្ងន់​នូវសារ:សំខាន់ នៃការជំរុញភាពជាដៃគូជាមួយដៃគូសន្ទនា ដៃគូសន្ទនា​តាមវិស័យ ដៃគូអភិវឌ្ឍ និង​ភាគី​ខាងក្រៅដទៃទៀត តាមរយ:ក្របខណ្ឌនិមួយៗ និងការអនុវត្តផែនការសកម្មភាពទាំងឡាយ នៃ​កិច្ចសហប្រតិបត្តិការនានា។

មេដឹកនាំអាស៊ាន បានលើកទឹកចិត្តឲ្យសហរដ្ឋអាមេរិក ឲ្យបន្តគាំទ្រការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ដំ ណាក់កាលទី៣ ដែលផ្តោតសំខាន់លើការតភ្ជាប់ ដើម្បីជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេស សមាជិកអាស៊ាន និងជំរុញការតភ្ជាប់តំបន់សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ មេដឹកនាំអាស៊ានក៏បានវាយតម្លៃខ្ពស់ ចំពោះកម្មវិធីជំនួយបច្ចេកទេសថ្មី រវាងអាស៊ាន និង ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក ស្តីពីកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ក្នុងតំបន់អាស៊ាន តាមរយ:នវានុវត្តន៍ពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ឆ្នាំ២០១៩-២០២៣ ដែលនឹងបន្តជួយលើកកម្ពស់ការកសាងសហគមន៍អាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹក​នាំអាស៊ាន សហរដ្ឋអាមេរិក បានឈានទៅចេញផ្សាយសេចក្តីប្រកាសរបស់ ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន សហរដ្ឋអាមេរិក លើកទី៧ និងបានអនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន សហរដ្ឋ​អាមេរិក ស្តីពីសន្តិសុខថាមពល។

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,679 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,761 នាក់