ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្ត បុកកូនសិស្ស កំពុងជិះកង់ អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 09:00 ល្ងាច អ្នកអាន 17870

ខេត្តសៀមរាប៖សាក្សីនិយាយថា យុវសិស្សម្នាក់ បានស្លាប់ដោយរថយន្តបុក ហើយអូសជាច្រើនម៉ែត្រ ទាំងភ្លើងស្តុបចេញពណ៌ក្រហម។
មន្ត្រីនគរបាលចរាចរណ៍ អោយដឹងថា ហេតុការណ៍នោះកើតឡើង នៅវេលាម៉ោង ១១និង ២០នាទីព្រឹកថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ លើដងផ្លូវជាតិលេខ៦ នៅចំណុចស្តុបសាលាបឋមសិក្សា ហ៊ុន សែន គ្រួស ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ។ បង្កឡើងដោយ រថយន្តម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ២Z០៦៥២បើកបុក កង់ ក្មេងរងគ្រោះ នៅចំណុចស្តុបសាលាបឋមសិក្សា ហ៊ុន សែន គ្រួស បណ្តាលឲ្យសិស្សប្រុសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ។

ប្រភពបន្តថា នៅវេលាម៉ោងខាងលើ ពេលដែលសិស្សានុសិស្សចេញពីសាលា ហើយត្រូវបានឆ្លងកាត់ផ្លូវ ទៅតាមការបញ្ជាដោយស្វ័យប្រវត្តិនៃភ្លើង សញ្ញាចរាចរណ៍ ក៏ស្រាប់តែរថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ បានបើកបរយ៉ាងលឿន ដើមី្បឆ្លងកាត់ភ្លើងសញ្ញាចរាចរណ៍ ដែលកំពុងចេញសញ្ញាពណ៌ក្រហម បានទៅបុកលើសិស្សដែលកំពុងជិះកង់ឆ្លងផ្លូវ ដោយអូសជាច្រើនម៉ែត្រ បណ្តាល ឲ្យបាត់បង់ជីវិតភ្លាមៗតែម្ដង។ ក្មេងរងគ្រោះមានឈ្មោះ អ៊ុំ ឡៃប៉ន អាយុ៩ឆ្នាំ ជាសិស្សសាលាបឋមសិក្សា ហ៊ុន សែនគ្រួស។

តាមអ្នកដែលបានឃើញហេតុការណ៍នេះក៏បានឲ្យដឹងទៀតថា ពួកគាត់បានឃើញរថយន្តបង្កហេតុបើកបរយ៉ាងលឿន ព្រមទាំងនិយាយទូរសព្ទទៀតផង ទើបបង្កឲ្យមានករណីនេះកើតឡើង ។ ក្រោយពេលដែលរថយន្តបុកអូសក្មេងរងគ្រោះ និងកង់នៅក្រោមរថយន្ត ដោយទៅមុខទៀតមិនរួច ក៏បានបើកទ្វាររថយន្តចុះរត់ពីកន្លែងកើតហេតុ។ តែក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការ ចាប់ឃាត់ខ្លួនបាន ព្រមទាំងបានបញ្ជូនខ្លួន និង រថយន្តបង្កទៅកាន់ស្នងការខេត្តភ្លាមៗ។

សមត្ថកិច្ចបញ្ជាក់ថា ជនបង្កដែលឃាត់ខ្លួនមានឈ្មោះភុំ សំអាត ភេទប្រុសអាយុ៤០ ឆ្នាំ ទីលំនៅភូមិម៉ក់ហ៊ើន ឃុំគោកនិមិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនបង្កត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្នហើយ ដោយរងចាំបន្តនិតិវិធីទៅទៀតក្រោយសាកសួរចប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 47,596 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,341,678 នាក់