ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ប្រកាស សូមអធ្យាស្រ័យ ជាមុន ចំពោះបញ្ហា កង្វះថាមពលអគ្គិសនី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 11:50 ព្រឹក អ្នកអាន 385

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ អភ័យទោស ទុកមុនចំពោះបងប្អូន ប្រជាពលរដ្ឋ និងពាណិជ្ជករ ចំពោះកង្វល់នៃកង្វះអគ្គិសនី ដែលអាចកើតមានឡើងនាមពេលខាងមុខ។ ការផលិតអគ្គិសនីដោយថាមពលទឹក អាចជួបនឹងបញ្ហាដោយសារកម្រិតទឹកធ្លាក់ចុះទាបទៅៗ។

វារីអគ្គិសនីគឺត្រូវការទឹក រីឯសូឡា (solar) គឺត្រូវការពន្លឺព្រះអាទិត្យ ។ តាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល កាលម្សិលមិញ គឺការផលិតថាមពលអគ្គិសនីដើរដោយកម្លាំងទឹកដែលមានកម្លាំងប្រមាណ ១,៣២៨ មេហ្គាវ៉ាត់ ធ្លាក់ចុះមកត្រឹម ១៨៤ -១៨៧ មេហ្គាវ៉ាត់តែប៉ុណ្ណោះ ដែលការធ្លាក់ចុះនេះមិនទាន់ដល់ខែប្រាំងផង ដូច្នេះយើងអាចនឹងប្រឈមនឹងបញ្ហាក្នុងការផលិតអគ្គិសនី។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជាទិញថាមពលអគ្គិសនីប្រមាណ ២០០មេហ្គាវ៉ាត់ពីប្រទេសឡាវដើម្បីដោះស្រាយបញ្ហានេះ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានបញ្ជាទិញម៉ាស៊ីនផលិតថាមពល អគ្គិសនីចំនួន២ ដែលមានអនុភាពផលិតកម្លាំង ៤០០ មេហ្គាវ៉ាត់ ដែលនឹងដាក់នៅទីតាំងល្វាឯម ខេត្តកណ្តាល ដើម្បីដោះស្រាយកង្វះអគ្គិសនី នៅក្នុងរាជធានីភ្នំពេញ។ យើងសង្ឃឹមថាការរៀបចំតម្លើងនឹងរួចរាល់នៅខែមេសា ឬឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថវិកាប្រមាណជិត ៤០០ លានដុល្លាអាមេរិក (ម៉ាស៊ីនអគ្គិសនី ២០០មេហ្គាវ៉ាត់ ទិញមកពីប្រទេសអាល្លឺម៉ង់ និង ម៉ាស៊ីអគ្គិសនី ២០០ មេហ្គាវ៉ាត់មួយទៀតទិញមកពីប្រទេសហ្វាំងឡង់។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យ លោកស៊ុយ សែម រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បង្កើនចំនួនកម្មករធ្វើការងារទាំងយប់ទាំងថ្ងៃនៅការដ្ឋាន ដើម្បីឈានឲ្យគម្រោងរៀបចំអគ្គីសនីនេះអាច បានដំណើរការលឿនឆាប់ៗ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ម្ចាស់សណ្ឋាគារទាំងឡាយ សូមប្រើប្រាស់ម៉ាស៊ីន អគ្គិសនីផ្ទាល់ខ្លួនបណ្តោះអាសន្នសិន ក្នុងករណីមានបញ្ហាអគ្គិសនី ទម្រាំរដ្ឋាភិបាលរៀបចំរួចរាល់ហើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,235 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,342,317 នាក់