ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងផ្លូវ! ប្រធានមន្ទីរសាធារណការ ខេត្តសៀមរាប ប្រឈមនឹងការ រិះគន់ កាន់តែខ្លាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 01:08 ល្ងាច អ្នកអាន 2487

ខេត្តសៀមរាប៖បណ្ដាញសារព័ត៌មានបានផ្សាយថា ចាប់តាំងពី លោកគី វីរិន្ទ ទទួលបានតំណែង ជាប្រធានមន្ទីរសាធារណការខេត្តសៀមរាប ជំនួសលោក គឹម ប៉ុណ្ណា រួចមកគឺលោក គី វីរិន្ទ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ នៅមិនទាន់ឃើញ សកម្មភាព លោកគី វីរិន្ទ ចេញមុខ ធ្វើផ្លូវ ជួសជុលផ្លូវ នៅឡើយទេ។

ហេតុនេះហើយ ទើបកន្លងមកមានសេចក្ដីអំពាវនាវ ឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដកលោក គី វីរិន្ទ ចេញពីតំណែងប្រធានមន្ទីរសាធារណការ ខេត្តសៀមរាប វិញជាបន្ទាន់ កុំទុកលោក គី វីរិន្ទ លំអខេត្តសៀមរាប ឥតប្រយោជន៍តទៅទៀត។

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប បានលើកឡើងថា ផ្លូវជាច្រើនខ្សែនៅ ក្នុងក្រុងសៀមរាប និងតាមបណ្ដាស្រុក មួយចំនួនដែលខូចស្ទើរអស់ទៅហើយនោះ មិនទាន់ឃើញលោក គី វីរិន្ទ គិតគូរជួសជុលឡើងវិញនៅឡើយទេ។ ប្រការនេះហើយដែលបានបង្ហាញយ៉ាងច្បាស់ថា លោក គី វីរិន្ទ ជាមន្ត្រីអសមត្ថភាព។

ដូច្នេះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល គួរពិនិត្យឡើងវិញ ចំពោះ ភាពអសកម្ម របស់លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

លោក គី វីរិន្ទ ធ្លាប់បានប្រាប់អ្នកសារព័ត៌មាន ថារឿងផ្លូវ នៅខេត្តសៀមរាប មិនទាន់ធ្វើនោះ ដោយសារតែ មិនទាន់មានលុយ និងខែភ្លៀង។ ប៉ុន្តែពេលនេះ មិនមាន ភ្លៀង នោះទេ ចុះហេតុអ្វី លោកប្រធានមន្ទីរសាធារណការ ខេត្តសៀមរាប មិនចុះធ្វើផ្លូវ???

សូមបញ្ជាក់ថា លោកគី វីរិន្ទ ទទួលបានតំណែង ជាប្រធានមន្ទីរសាធារណការខេត្តសៀមរាប ជំនួសលោក គឹម ប៉ុណ្ណា កាលរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

នាឱកាសនោះ លោកស៊ុន ចាន់ថុល បានណែនាំឲ្យប្រធានមន្ទីរថ្មី ត្រូវធ្វើខ្លួនជាអ្នកបម្រើរាស្រ្ត មិនត្រូវធ្វើជា ចៅហ្វាយនាយរបស់រាស្ត្រទេ។ នឹងបានជំរុញឱ្យប្រធានមន្ទីរថ្មី រៀបចំផែនការការងារ១០០ថ្ងៃ ដើម្បីអនុវត្តន៍ ក៏ដូចជាបង្ហាញស្នាដៃ ការងារក្នុងតំណែង និងភារកិច្ចថ្មីដែលថ្នាក់លើប្រគល់ជូន។

មុនឡើងជា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តសៀមរាប លោក គី វីរិន្ទ ជាប្រធានមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ អតីតប្រធានមន្ទីរសាធារណការ ខេត្តឧត្ដរមានជ័យ និងធ្លាប់ជាអនុប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,898 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,980 នាក់