ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គ្រួសារសព កុមារា ដែលរថយន្តបុក នៅស្តុប សាលាបឋមសិក្សា ហ៊ុន សែន គ្រួស ទទួលអំណោយ ពីកាកបាទក្រហម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 02:10 ល្ងាច អ្នកអាន 1043

ខេត្តសៀមរាប៖លោក ស៊ុំ សំអន លោកនាយក សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅពីល្ងាចថ្ងៃទី៦ខែវិច្ឆិកា ម្សិលមិញ បាននាំយកអំណោយ មនុស្សធម៌ សាខា ចូលរួមរំលែក មរណទុក្ខ គ្រួសារក្មួយប្រុស អ៊ុំ ឡៃប៉ន អាយុ៩ឆ្នាំ ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សា ហ៊ុន សែន គ្រួស ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមុខសាលាពេលចេញពីរៀន វេលាម៉ោងប្រហែល ១១និង៣០នាទី។
សពកំពុងតម្កល់ និងរៀបចំបុណ្យតាមប្រពៃណីនៅវត្តគោកចក ក្រុងសៀមរាប ហើយត្រូវបានបូជា នៅរសៀលថ្ងៃនេះ។

ក្នុងឱកាសចូលរួមរំលែកទុក្ខនេះ លោកនាយកសាខា បានពាំនាំនូវការ ចូលរួមរំលែក មរណទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោកទៀ សីហា ប្រធានគណៈកម្មាធិការសាខា សូមចូលរួមរំលែកទុក្ខ និងសោកស្តាយជាទីបំផុត ជាមួយលោកឪពុក អ្នកម្ដាយក្មួយប្រុស ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ត្រឹមតែមួយពព្រិចភ្នែកបែបនេះ។

លោកក៏បានបួងសួងសូមឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្តក្មួយប្រុស សូមបានទៅកាន់សុខតិភព កំបីឃ្លៀងឃ្លាតឡើយ។
សម្ភារ: ដែលបានចូលរួមក្នុងពិធីបុណ្យសពមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ ចានស្រាក់១ អាវយឺត២ ប្រេងឆា១ដប ទឹកត្រី១យួរ ទឹកបរិសុទ្ធ៤កេស អង្ករ១០០គីឡូក្រាម ថវិកា៤លានរៀល និងសម្ភារ:មួយចំនួនទៀត។

សូមរំលឹកថាហេតុការណ៍ ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង ១១ជាង ព្រឹកថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ លើដងផ្លូវជាតិលេខ៦ នៅចំណុចស្តុបសាលាបឋមសិក្សា ហ៊ុន សែន គ្រួស ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ បង្កឡើងដោយ រថយន្តម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ ២Z០៦៥២៊

ប្រភពបន្តថា នៅវេលាម៉ោងខាងលើ ពេលដែលសិស្សានុសិស្សចេញពីសាលា ហើយត្រូវបានឆ្លងកាត់ផ្លូវ ទៅតាមការបញ្ជាដោយស្វ័យប្រវត្តិនៃភ្លើង សញ្ញាចរាចរណ៍ ក៏ស្រាប់តែរថយន្តបង្ក បានបើកបរយ៉ាងលឿនដើមី្ប ឆ្លងកាត់ភ្លើងសញ្ញាចរាចរណ៍ ដែលកំពុងចេញសញ្ញាពណ៌ក្រហម បានទៅបុក កុមារា រងគ្រោះ ដែលកំពុងជិះកង់ឆ្លងផ្លូវ ដោយអូសជាច្រើនម៉ែត្រ បណ្តាល ឲ្យបាត់បង់ជីវិតភ្លាមៗ។

បើតាមប្រភពអ្នកដែលបានឃើញហេតុការណ៍នេះ ក៏បានឲ្យដឹងទៀតថា ពួក គាត់បានឃើញ រថយន្តបង្កហេតុ បើកបរយ៉ាងលឿន ព្រមទាំងនិយាយទូរសព្ទទៀតផង ទើបបង្កឲ្យមានករណីនេះកើតឡើង។

ក្រោយពេលដែលរថយន្ត បុកអូស ក្មេងរងគ្រោះ និងកង់នៅក្រោមរថយន្ត ដោយទៅមុខទៀតមិនរួច តៃកុងក៏បានបើកទ្វាររថយន្ត ចុះរត់ពីកន្លែងកើតហេតុ។ តែក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការ ចាប់ឃាត់ខ្លួនបាន ព្រមទាំងបានបញ្ជូនខ្លួន និង រថយន្តបង្កទៅកាន់ស្នងការខេត្តភ្លាមៗ។

សមត្ថកិច្ចបញ្ជាក់ជនបង្ក ដែលឃាត់ខ្លួនមានឈ្មោះភុំ សំអាត ភេទប្រុសអាយុ៤០ ឆ្នាំ ទីលំនៅភូមិម៉ក់ហ៊ើន ឃុំគោកនិមិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនបង្កត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្នហើយ ដោយរងចាំបន្តនិតិវិធីទៅទៀតក្រោយសាកសួរចប់។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯកជឹម សុវណ្ណ នាយការិយាល័យ នគរបាលចរាចណ៍ផ្លូវគោក នៃស្នងការនគរបាល ខេត្តសៀមរាប បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅព្រឹកមិញថា ជនបង្ក រូបនោះ នៅស្នងការខេត្ត ដោយសមត្ថកិច្ច កំពុងតែរៀបចំ សំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមផ្លូវច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,058 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,342,140 នាក់