ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ មជ្ឍដ្ឋាននានា បានយល់កាន់តែច្បាស់ អំពីតម្លៃសន្តិភាព គ្មានសន្តិភាព គឺគ្មានអ្វីៗ ទាំងអស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 08:38 ព្រឹក អ្នកអាន 462

ភ្នំពេញ៖នាយករដ្ឋមន្ត្រី កម្ពុជា សម្ដេច ហ៊ុន សែន នៅព្រឹកនេះ បានបញ្ចេញសារនៅលើទំព័រហ្វេសបុក ដែលមានអត្ថន័យដូចខាងក្រោម៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

នាយករដ្ឋមន្ត្រីបានលើកឡើងថា ព្រះរាជពិធីបុណ្យ អុំទូក៣ថ្ងៃ បានបញ្ចប់ ប្រកបដោយ បរិយាកាស សប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន និងភ្ញៀវទេសចរអន្តរជាតិបានយល់កាន់តែច្បាស់ អំពីតម្លៃសន្តិភាព ក៏ដូចជាកេរ្ត៍ដំណែល នៃទំនៀមទម្លាប់ប្រពៃណី ដ៏ល្អឯករបស់កម្ពុជាយើង។ គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់។

នាយករដ្ឋមន្ត្រីបន្តថា ខ្ញុំសូមអរគុណដល់សមត្ថកិច្ច និងកងកម្លាំងប្រដាប់ អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួម ថែរក្សាការពារ សន្តិសុខ សុវត្ថិភាពសាធារណៈ ជូនដល់បងប្អូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យ មានឱកាសបានសប្បាយ រីករាយ នៅទូទាំងប្រទេស។ ខ្ញុំក៏សូមអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ឋនានា រួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូពេទ្យ សិល្បៈករ សិល្បៈការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តា ក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមចំណែក នៅក្នុងការរៀបចំ ព្រះរាជពិធីបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃ កន្លងមកនេះ ជូនបងប្អូន ប្រជាពលរដ្ឋ បានសប្បាយរីករាយ ប្រកបដោយភាព អធិកអធម្មបំផុត។ ការចូលរួម របស់បងប្អូន គឺកំពុងជំរុញ ឲ្យសង្គម កម្ពុជា យើងកាន់តែ រីកចម្រើនទៅមុខ។
សូមជូនពរឲ្យ ការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយយុវជន និងកូនក្មួយកម្មករកម្មការនី មានសុខសុវត្ថិភាពតាមផ្លូវ ពេលវិលត្រឡប់ មកកាន់លំនៅដ្ធាន និងកន្លែងធ្វើការរៀងៗ ខ្លួនរបស់កូនក្មួយ ទាំងអស់គ្នា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,643 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,474 នាក់