ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភ្ញៀវមកលេង ខេត្តសៀមរាប ថយចុះ ជាងឆ្នាំមុន សំរាមក៏ថយចុះដែរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 10:36 ព្រឹក អ្នកអាន 1842

ខេត្តសៀមរាប៖មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា នៅឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប ទទួលបាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ២៧ម៉ឺននាក់ មានការថយចុះ១៣,០៤ភាគរយ។ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៥ម៉ឺននាក់ និងភ្ញៀវទេសចរ អន្តរជាតិ មានចំនួន២៦.៥៧៧នាក់។ ភ្ញៀវទេសចរទំាងនេះ បានទៅទស្សនា ការប្រណំាទូក នៅតាមបណ្តោយ ស្ទឹងសៀមរាប និងដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។

ពាក់ព័ន្ធករណីនេះ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់ថា បើទោះបីឆ្នាំនេះ មានការថយចុះចំនួនភ្ញៀវទេសចរ បន្តិច ប៉ុន្តែចំពោះថ្លៃម្ហូបអាហារ និងសេវាស្នាក់នៅ គឺអត់មានឡើងថ្លៃនោះទេ ហើយការរៀបចំបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏បានបង្កបរិយាកាស សប្បាយរីករាយ ផងដែរ។ ចំណែកការងារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ បានប្រព្រឹត្ត ទៅក្នុងលក្ខខណ្ឌ ល្អប្រសើរ ដោយគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិច ដោយអំពើហិង្សា អំពើឆក់ប្លន់ និងបាតុភាព គួរឱ្យកត់សម្គាល់ឡើយ។

លោកទៀ សីហា ថា ស្ថានភាពអនាម័យបរិស្ថាន ក៏មានសភាពល្អប្រសើរ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជាតាមបណ្តោយ ស្ទឹងសៀមរាប មានការថយចុះ នូវការបោះចោល សំរាម និងកាកសំណល់ផ្សេងៗ ដោយបងប្អូន ប្រជាពលរដ្ឋ មានការយល់ដឹង ពីផលប្រយោជន៍ នៃការថែរក្សា បរិស្ថាន អនាម័យច្រើនជាងមុន។

អភិបាលខេត្ត បានបញ្ជាក់ទៀតថា ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺបានរៀបចំធ្វើទៅតាមប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ក៏ដូចជាផ្តល់ឱកាសដល់ ប្រជាពលរដ្ឋខ្មែរ បានជួបជុំគ្នាសប្បាយរីករាយ ជាពិសេស គឺចង់បង្ហាញ ឱ្យភ្ញៀវទេសចរ អន្តរជាតិបានឃើញ និងឈ្វេងយល់ អំពីវប្បធម៌ខ្មែរទៀតផង។ សម្រាប់ភ្ញៀវទេសចរ មកទស្សនា ខេត្តសៀមរាប គឺទី១-ខេត្តសៀមរាប មានរមណីយដ្ឋានកម្សាន្ត ច្រើន។ ទី២-ខេត្តសៀមរាប មានរៀបចំប្រណំាងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចនៅរាជធានីភ្នំពេញដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,939 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,457,900 នាក់