ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បច្ចុប្បន្នកម្ពុជា មានរោងចក្រ ផលិតស៊ីម៉ង់តិ៍ ចំនួន៥ហើយ អាចផលិតស៊ីម៉ង់តិ៍ បានជិត៨លានតោន ក្នុងមួយឆ្នាំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 12:37 ល្ងាច អ្នកអាន 318

គិតត្រឹមចុងឆ្នាំ២០១៩នេះ បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតស៊ីម៉ង់តិ៍ ចំនួន៥ហើយ រាប់ទាំងរោងចក្រ ស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរ ការជាផ្លូវការ នៅព្រឹកនេះ ហើយរោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត ៨លានតោនក្នុងមួយឆ្នាំ។

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ព្រឹកមិញ បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរ ការរោងចក្រផលិត ស៊ីម៉ង់តិ៍
របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង មានទីតាំងស្ថិត នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

តាមរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែម បានឲ្យដឹងថា រោងចក្រស៊ីម៉ង់តិ៍ ថៃប៊ុនរ៉ុង នេះសាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍ បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់ បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោន ក្នុងមួយឆ្នាំ។
វត្តមានរោងចក្រស៊ីម៉ង់ ថៃ ប៊ុនរ៉ុងនេះ បានរួមចំណែកយ៉ាងសំខាន់ ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាព របស់ប្រជាពលរដ្ឋ។ រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ ដល់បុគ្គលិក ប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិ បរទេសប្រមាណ ៣៥នាក់ផង។ បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតស៊ីម៉ង់តិ៍ ចំនួន៥ហើយ រាប់ទាំងរោងចក្រ ស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរ ការជាផ្លូវការ នៅព្រឹកនេះ ហើយរោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត ៨លានតោនក្នុងមួយឆ្នាំ។


សម្តេចតេជោបានបង្ហាញនូវក្តីមោទភាពបំផុត ចំពោះប្រទេសកម្ពុជា ដែលបាន បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ផ្ទាល់ខ្លួននៅទីនេះ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា នេះជាសមិទ្ធផលថ្មី បន្ថែមលើសមិទ្ធផលដែលយើងមានស្រាប់ ហើយការបង្កើតរោងចក្រនេះ គឺជាការបង្កើតឧស្សាហកម្ម ធុនធ្ងន់មួយ របស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែក នៃវិស័យសំណង់ ដែលកំពុងមានការកើនឡើង នាពេលបច្ចុប្បន្ននេះ ជាពិសេសការសាងសង់សំណង់អាគារផ្សេងៗ ដែលជាតម្រូវការ របស់ប្រជាពលរដ្ឋ និងគ្រប់វិស័យនានា។ ខេត្តកំពតយើងមានរោងស៊ីម៉ងត៍ ចំនួន៤ រួមទាំងរោងចក្រផលិត វារីអគ្គិសនី១ផងដែរ ដែលកំពុងធ្វើ សកម្មភាព យ៉ាងសកម្ម នៅក្នុងប្រទេសកម្ពុជាយើង។ សម្តេចតេជោបានមានប្រសាន៍បន្តថា ស៊ីម៉ង់ត៍ គឺជាតម្រូវការដ៏ចាំបាច់ នៅលើពិភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ ទាំងអស់សុទ្ធតែត្រូវ ការប្រើប្រាស់ស៊ីម៉ង់ត៍ ដូចជាអគារបុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវប្រភេទបេតុងជាដើម។

សម្តេចតេជោ បានកោតសរសើរ ចំពោះក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតផលិតផលក្នុងស្រុក ដើម្បីបំពេញតម្រូវការ អ្នកប្រើប្រាស់ និងធ្វើការនាំចេញផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីជំរុញ ឲ្យក្រុមហ៊ុន ត្រូវចូលរួមថែទាំ និងជុសជុល ផ្លូវដែលខូចខាតផង ពីព្រោះផ្លូវថ្នល់ទាំងអស់ បានបម្រើដល់ការ ដឹកជញ្ជូនស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនខ្លួន ទៅកាន់គោលដៅ អតិថិជនគ្រប់ទីកន្លែងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ចាក់ថា ខេត្តកំពត គឺជាខេត្ត ដែលបានបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៦ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដែលរាជរដ្ឋាភិបាលបានដាក់ចេញហើយពេលនេះខេត្តកំពតបានប្រែក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរលើគ្រប់វិស័យ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ព្រោះជាខេត្តជាប់តំបន់សមុទ្រ ។ ខេត្តកំពតក៏ជាខេត្តដែលមានផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិលទៅកាន់បណ្តាខេត្តផ្សេងៗទៀតផង។ ខេត្តកំពតយើងមានវារីអគ្គសនីនៅភ្នំកំចាយ ដែលមានអនុភាពប្រមាណ ១៩៣ មេហ្គាវាត់ ដែលកំពុងបម្រើ និងផ្គត់ផ្គង់អគ្គិសនីដល់គោលដៅអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ អំពីវិធានការដោះស្រាយ និងការពារ ក្នុងពេលដែលកម្ពុជាខ្វះខាតអគ្គិសនីប្រើប្រាស់ នាពេលខាងមុខ ជាពិសេសសម្តេចតេជោ បានឲ្យក្រសួងរ៉ែ និងថាមពលគិតគូរ និងបង្កើនថាមពលអគ្គិសនី ហើយសម្តេចបានមានប្រសាសន៍ថា ៥ឆ្នាំទៀតកម្ពុជាយើង នឹងបង្កើនការ តបណ្តាញ អគ្គសនី នៅគ្រប់ ទីកន្លែងទាំងអស់។
សម្តេចតេជោនាយករដ្ឋមន្ត្រី សន្យាថានឹងនៅរួមដំណើរជាមួយប្រជាពលរដ្ឋកម្ពុជាក្នុងការដឹកនាំប្រទេសមិនតិចជាង១០ឆ្នាំទៅមុខទៀត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,524 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,485 នាក់