ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរស្រុកបន្ទាយស្រី កំពុងស្វែងរកសកម្មជន មួយក្រុមតូច ដែលបានបំផុសបំផុល ញុះញង់ ឲ្យមានចលនា តវ៉ា ក្រោមលេសថា មានការរុះរើ លំនៅដ្ឋានពិតប្រាកដ របស់ប្រជាពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 02:34 ល្ងាច អ្នកអាន 1124

ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានអះអាងថា
រដ្ឋបាលស្រុក កំពុងធ្វើការស្វែង រកសកម្មជន មួយក្រុមតូច ដែលបានបំផុសបំផុល ញុះញង់អោយមានចលនាតវ៉ា ក្រោមលេសថា មានការរុះរើលំនៅដ្ឋាន ពិតប្រាកដ របស់ប្រជាពលរដ្ឋ ថែមទាំងជំរុញ មិនឲ្យមានការ រុះរើដោយស្ម័គ្រចិត្ត និងសាងសង់បន្ថែម ដើម្បីយកមក ផ្តន្ទាទោសតាម ផ្លូវច្បាប់។

សូមបញ្ជាក់ថានៅព្រឹកមិញ អាជ្ញាធរស្រុកបន្ទាយស្រី បានសម្រេច ចុះប្រតិបត្តិការរុះរើ ក្រោមការដឹកនាំរបស់លោក រៀម ចន្ទមុនី ព្រះរាជអាជ្ញារង តំណាងអយ្យ ការអមសាលាដំបូង ខេត្តសៀមរាប ដោយមានការសហការរវាងកំលាំង គណៈបញ្ជាការឯកភាពស្រុក និងកំលាំងគណៈបញ្ជាការ ឯកភាពខេត្ត។

បើតាមអាជ្ញាធរបានបញ្ជាក់ថាការរុះរើ សំណង់ខុសច្បាប់ ដែលទើបតែសាងសង់ថ្មីៗ និងរោងអនាធិបតេយ្យគ្មានមនុស្សរស់នៅចំនួន៤៩ខ្នង ចេញពីតាមដងផ្លូវឡើង ទៅជើងភ្នំគូលែន ដែលជាតំបន់គម្របព្រៃឈើ /ឧទ្យានជាតិ និងជាដីសាធារណៈរបស់រដ្ឋ។ បន្ទាប់ពីបាន ពីមានការចុះ ទៅផ្អាកការសាងសង់ សំណង់ខុសច្បាប់ថ្មី ទាំងនោះចំនួន២លើកកន្លងមក។

អាជ្ញាធរបានបន្តថា ទោះបីជាមានការជូនដំណឹងលើកទី១ កាលពីថ្ងៃទី២៤តុលា២០១៩ ហើយក៏ដោយ ថែមទាំងមានការពន្យារពេលឱសានវាទ ការហៅតំណាងមកបំភ្លឺពិភាក្សា ការចុះទៅជួបផ្ទាល់ចំនួន២ដង និងក្រោយមានការសន្យាជាសាធារណៈថា នឹងរុះរើដោយស្ម័គ្រចិត្ត ក៏នៅតែមានបងប្អូន ប្រជាពលរដ្ឋ មួយចំនួន បានទទួលការញុះញង់ឲ្យ នៅបន្តរក្សាទុកសំណង់ ខុសច្បាប់ទាំងនោះ ហើយថែមទាំងមានការបំផុសបំផុល ឲ្យមានការលួចសាងសង់បន្ថែមថ្មីទៀត។

គួរបញ្ជាក់ថា អាជ្ញាធរមិនបានប៉ះពាល់ លំនៅដ្ឋានពិត ប្រាកដរបស់បងប្អូន ប្រជាពលរដ្ឋ នៅក្នុងការរុះរើនេះឡើយ ហើយក៏មិនដែលបណ្តោយ ឲ្យប្រជាជនណា គ្មានទីជំរកដែរ។ រាល់សំណង់ ដែលបានរុះរើ សុទ្ធសឹងតែជាសំណង់លួច ធ្វើខុសច្បាប់ លក្ខណៈបំភ័ន្តភ្នែក និងអាចក្លាយទៅជាលំនៅ ដ្ឋានរឹងមាំ ប្រសិនបើមិនមាន វិធានការទប់ស្តាត់ទាន់ពេលវេលា។

រដ្ឋបាលស្រុកបន្ទាយស្រី នឹងបន្តរកចំណាត់ការណា មួយសមស្រប ចំពោះប្រជាជន ដែលមាន លំនៅដ្ឋានពិតប្រាកដនៅទីនោះ ប៉ុន្តែរាល់ការធ្វើរបង ហ៊ុមពទ្ធ័ ទន្ទ្រានវាទ សាងសង់ថ្មី និងសង់បន្ថែមទាំងឡាយ ត្រូវបានហាមឃាត់ជាដាច់ខាត។

អាជ្ញាធរសង្ឈឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ នៅទីនោះ ក៏ដូចជាសាធារណៈជន ទូទៅ នឹងចូលរួមជាមួយ ក្នុងបេសកកម្ម ការពារឧទ្យានជាតិ ភ្នំគូលែន និងតំបន់នៅជុំវិញនោះ ឲ្យរួចផុតពីការទន្ទ្រាន ចាប់យកដីដោយខុសច្បាប់នេះ ដើម្បីដណ្តើ មយកមកវិញ នូវភាពរៀបរយ នៃការគ្រប់គ្រង តំបន់នេះ ទុកជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,400 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,231 នាក់