ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន អញ្ជើញជួប អនុប្រធាន សភាជាតិ សាធារណរដ្ឋ អ៊ីស្លាមប៉ាគីស្ថាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 04:52 ល្ងាច អ្នកអាន 219

ភ្នំពេញ៖សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកមិញ បានអញ្ជើញទទួល ជួបពិភាក្សា ការងារជាមួយ លោក Qasim Khan Suri អនុប្រធានសភាជាតិនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

នៅក្នុងជំនួបនេះ សម្តេច ហ៊ុន សែន ជំរុញឲ្យភាគីទាំងពីរ បន្តពង្រឹងកិច្ចសប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំទូលាយ។ សម្តេចតេជោ បានចាត់ទុកវត្តមានរបស់ លោក និងគណៈប្រតិភូប៉ាគីស្ថាននៅកម្ពុជា គឺឆ្លុះបញ្ចាំងនូវសាមគ្គីភាពក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិក និងជាផ្តល់នូវកិត្តិយស និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា និងប៉ាគីស្ថាន។

លោក Qasim Khan Suri អនុប្រធាន ប៉ាគីស្ថានបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ គឺមានកិច្ចសហប្រតិបត្តិការយូរលង់មកហើយ ដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាបន្ថែមទៀត។ ក្រៅពីនេះក៏ចង់ឲ្យមានកិច្ចសហប្រតិបត្តិការក្របខណ្ឌតំបន់ ពិសេសក្នុងក្របខណ្ឌអាស៊ាន។
លោក បានអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោត ២០១៨ កន្លងទៅនេះ និងរីករាយដែលបានឃើញសមទិ្ធផលអភិវឌ្ឍជាច្រើនរបស់កម្ពុជា។ លោកអនុប្រធានសភាប៉ាគីស្ថានក៏បានកោតសរសើរពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការរីកចំរើនដ៏ធំធេងនៅកម្ពុជា ជាមួយការអភិវឌ្ឍគ្រប់វិស័យ។ អ្វីដែល លោក ចង់បានគឺបង្កើនការផ្លាស់ប្តូរទស្សនកិច្ចពីគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌសភា និងសភា និងទស្សនកិច្ចថ្នាក់ដឹកនាំទៅវិញទៅមកផងដែរ។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជានិងប៉ាគីស្ថាន មានទំនាក់ទំនងនឹងគ្នាជាយូរមកហើយ ពិសេសប៉ាគីស្ថានគឺបានទទួលឯករាជ្យតាំងពីឆ្នាំ១៩៥២ ពោលគឺមុនប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។ សម្តេចតេជោ ចង់ឲ្យភាគីទាំងពីរស្វែងរកមធ្យោបាយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសគឺកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិនិយោគជាដើម។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានចំនួនតិចតួចនៅឡើយ ដូច្នេះសម្តេចតេជោ ចង់ភាគីទាំងពីរជំរុញឲ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរអោយមានការកើនឡើងថែមទៀត។ ពាក់ព័ន្ធទៅនឹងវិស័យវប្បធម៌ និងវិស័យអប់រំវិញ សម្តេចតេជោ អរគុណចំពោះប៉ាគីស្ថាន ដែលបានផ្តល់អាហារូបករណ៏ដល់និស្សិតកម្ពុជា និងមន្ត្រីកម្ពុជាកន្លងមក អោយទទួលបានការបណ្តុះបណ្តាលនៅប៉ាគីស្ថាន។

ពាក់ព័ន្ធទៅនឹងវិស័យនយោបាយ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅនេះកម្ពុជា បានគាំទ្រប៉ាគីស្ថានក្នុងការក្លាយជាប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងចង់ក្លាយជាដៃគូពេញលេញរបស់អាស៊ាននៅពេលខាងមុខនេះ។ នៅក្នុងកិច្ចពិភាក្សាកាលពីព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញថ្នាក់ដឹកនាំកំពូលប៉ាគីស្ថានមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយ សម្តេចតេជោ ហ៊ុន សែន នឹងរកពេលវេលាសមស្របណាមួយដើម្បីអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,598 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,429 នាក់