ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន អញ្ជើញចូលរួម រំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 05:55 ល្ងាច អ្នកអាន 349

ភ្នំពេញ៖សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃនេះ បានអញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលព្រះអង្គបានយាងសោយទីវង្គតកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងមន្ត្រីនៃរាជរដ្ឋាភិបាលទាំងអស់បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខជាមួយ អង្គសម្តេចម៉ែ និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រមទាំងញាតិវង្សានុវង្ស ចំពោះការបាត់បង់សម្តេចរាជបុត្រី នាពេលនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកការសុគតរបស់សម្តេចរាជបុត្រីព្រះរៀម គឺជាការបាត់បង់នូវឥស្សរជនខ្មែរ ដ៏ឆ្នើមមួយព្រះអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពល ពេញមួយព្រះជន្មរបស់សម្តេច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ តាមរយៈស្នាព្រះហត្ថក្នុងការការពារ ថែរក្សា និងអភិវឌ្ឍ សិល្បៈ វប្បធម៌ ប្រពៃណីជាតិ ពិសេសកេរ្តិ៍ដំណែលវប្បធម៌ របាំអប្សរាខ្មែរ មានតម្លៃជាប្រវត្តិសាស្ត្រ ដែលត្រូវបានអង្គការ យូណេស្កូទទួលស្គាល់ និងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមលំអោនកាយឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ឌ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សូមព្រះអង្គទ្រង់ យាងទៅកាន់ព្រះបរមសុគិតភព កុំបីឃ្លៀងឃ្លាតឡើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,392 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,353 នាក់