ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តសៀមរាប សម្រេចបង្កើតរោងសន្និធិ លក់ចែកចាយផល អនុផលព្រៃឈើប្រភេទធំ (ច្រកចេញចូលតែមួយ) មួយកន្លែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 12:15 ល្ងាច អ្នកអាន 375

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប នៅព្រឹកមិញ នេះបានសម្រេច ឯកភាពគ្នា  ទីមួយ បង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើប្រភេទធំ (ច្រកចេញចូលតែមួយ) មួយកន្លែងក្នុងខេត្ត និងទីពីរ ស្នើសុំគោលការណ៍ ពីក្រសួង ដើម្បីបង្កើតរោងសន្និធិ លក់ចែកចាយផល អនុផលព្រៃឈើមួយចំនួន នៅតាមបណ្តាក្រុង ស្រុក តាមការចាំបាច់ ដែលមានប្រភពពីដីសម្បទានក្រោមរូបភាពជា ច្រកចេញចូលតែមួយ ដើម្បីឱ្យប្រជាពលរដ្ឋ មានឈើប្រើប្រាស់ ដោយមិនធ្វើការដឹកជញ្ជូនឆ្ងាយពេក។

ការប្រជុំសម្រេចនេះ ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដែលធ្វើឡើង នៅរដ្ឋបាលខេត្តសៀមរាប និងមានការចូលរួមពី មន្ត្រី ស្រុកទាំង ១២ តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ និងការិយាល័យជំនាញ នានា។

កិច្ចប្រជុំនេះផងដែរ ដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធនឹងលិខិតលេខ ១៤០៣ សជណ.កធ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ របស់ទីស្តីការគណ:រដ្ឋមន្រ្តី ដែលបានទទួលការយល់ព្រមពីរាជរដ្ឋាភិបាលដូចខាងក្រោម :
១.អនុញ្ញាតឱ្យបង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើប្រភេទធំ (ច្រកចេញចូលតែមួយ) ចំនួន ១កន្លែងនៅតាមរាជធានី ខេត្តនីមួយៗទូទាំងប្រទេស ដែលមានទីតាំងស្ថិតនៅជិតទីប្រជុំជនរាជធានី ខេត្ត។
រោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើប្រភេទធំ លក់ចែកចាយផល អនុផលព្រៃឈើទៅឱ្យរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើផ្សេងៗទៀតនៅក្នុងរាជធានី ខេត្តនោះ។ ការអនុញ្ញាតឱ្យបង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើប្រភេទធំ (ច្រកចេញចូលតែមួយ) ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
២.ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការប្រើប្រាស់ផល អនុផលព្រៃឈើ (កំណត់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចត្រូវផ្គត់ផ្គង់ឈើ និងតម្រូវការប្រើប្រាស់ឈើរបស់រាជធានី ខេត្ត) ដែលមានប្រភពពីសម្បទានដីសេដ្ឋកិច្ច ដើម្បីចែកចាយឲ្យរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើប្រភេទធំ (ច្រកចេញចូលតែមួយ) នៅតាមបណ្តារាជធានី ខេត្ត។
៣.លុប និងមិនអនុញ្ញាតឲ្យបង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើនៅតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,038 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,498,874 នាក់