ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកថោង ខុន ប្រកាសដាក់ តំបន់ ផាប់ស្ទ្រីត ក្នុងក្រុងសៀមរាប ជាតំបន់គ្មានផ្សែងបារី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 12:57 ល្ងាច អ្នកអាន 894

ខេត្តសៀមរាប៖លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ស្តីពី «ទីក្រុងគ្មានផ្សែងបារី ធ្វើឲ្យទេសចរណ៍ កាន់តែល្អប្រសើរ និងអភិរក្សបេតិកភណ្ឌយើង» នៅសណ្ឋាគារ អប្សរា ផាលែស ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញ បានជម្រុញ ឱ្យក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងឡាយ ពិសេស រដ្ឋបាលខេត្តសៀមរាប ត្រូវខិតខំប្រែក្លាយ មណ្ឌលកម្សាន្ត ផាប់ ស្ទ្រីត «Pub Street» នៅក្រុងសៀមរាប ទៅជាតំបន់ទេសចរណ៍ គ្មានផ្សែងបារី និងមានបរិស្ថានស្អាត។

រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជា «មាសបៃតង» ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងការពារបរិស្ថាន និងអភិរក្សវប្បធម៌ ប្រពៃណី ប្រាង្គប្រាសាទនានា ដែលជាសម្បត្តិបេតិកភណ្ឌមិនអាចកាត់ថ្លៃបាន។

លោក ថោង ខុន បញ្ជាក់ថា បរិស្ថាន គ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ គឺជាគោលការណ៍មួយ ដែលក្រសួងទេសចរណ៍បានប្រកាន់ខ្ជាប់ ដើម្បីចូលរួមលើកកម្ពស់ក្នុងការទប់ស្កាត់ផលប៉ះពាល់សុខភាព និងបរិស្ថាន ដែលកើតឡើងពីផលិតផលថ្នាំជក់។ ជាក់ស្តែង រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើការងារដោយផ្ទាល់ជាមួយផ្នែកពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ ក្នុងន័យធានាឲ្យបានថា «កម្ពុជាកំពុងអភិវឌ្ឍន៍វិស័យទេសចរណ៍មួយ ដែលគ្មានផ្សែងបារី សក្តិសមជាមាសបៃតង ដែលបានចូលរួមកសាងសេដ្ឋកិច្ចបៃតង និងសហគមន៍បៃតង»។

លោករដ្ឋមន្ត្រី ថោង ខុន បន្ថែមទៀតថា ដើម្បីជំរុញគាំទ្រឲ្យទីក្រុងគ្មានផ្សែងបារី រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់ ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅឆ្នាំ២០១៥ ព្រមទាំងអនុក្រឹត្យ ប្រកាស សារាចរ និងសេចក្តីណែនាំនានា ក្នុងការជំរុញឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយ ដែលគ្មានផ្សែងបារី ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រដ្ឋមន្ត្រីទេសចរណ៍ បានបន្តទៀតថា ការបង្កើតទីក្រុងទេសចរណ៍គ្មានផ្សែងបារី ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍បៃតង នៅតាមសហគមន៍ទេសចរណ៍ តាមតំបន់ប្រាង្គប្រាសាទ និងតំបន់អេកូទេសចរណ៍ធម្មជាតិនានា។

លោកបានជម្រុញ ឱ្យការពង្រីកវិសាលភាពនេះ បានទៅដល់សហគមន៍ទេសចរណ៍ បន្ថែមទៀត ពីព្រោះការរៀបចំសហគមន៍ទេសចរណ៍គ្មានផ្សែងបារី គឺពិតជាបានចូលរួមចំណែកលើកកម្ពស់ និងធ្វើឲ្យវិស័យទេសចរណ៍កាន់តែល្អប្រសើរ ប៉ុន្តែយើងគួរយកចិត្តទុកដាក់ពង្រីកដែនកំណត់នៃបរិស្ថានគ្មានផ្សែងបារីឲ្យមានវិសាលភាពធំទូលាយ ដូចជានៅតាមទីសាធារណៈនៅតាមកន្លែងធ្វើការ នៅតាមវត្តអារាម និងនៅតាមកន្លែងផ្សេងៗទៀត ដើម្បីប្រែក្លាយទីក្រុងយើងទាំងមូលជាទីក្រុង ដែលគ្មានផ្សែងបារី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,611 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,572 នាក់