ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុនសែន អរគុណដល់ព្រឹទ្ធាចារ្យ សិល្បករ ចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួម ក្នុងការថែរក្សា នូវសិល្បៈ មួយនេះឲ្យបានគង់វង្ស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 09:25 ព្រឹក អ្នកអាន 228

 (ភ្នំពេញ)សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។
សម្ដេចហ៊ុនសែន បន្តថាចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។
សម្ដេចតេជោបញ្ជាក់ថា អរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សា នូវសិល្បៈមួយនេះអោយបានគង់វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមបងប្អូនជនរួមជាតិបន្តថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,936 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,457,897 នាក់