ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

យូ ហេង មេគយខេត្តបាត់ដំបង មានអំណាច ឃុបឃិតគ្នា ជាមួយជំនិតៗ បើកដៃឲ្យមាន ទំនិញគេចពន្ធ យ៉ាងពេញបន្ទុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 12:30 ល្ងាច អ្នកអាន 398

ខេត្តបាត់ដំបង៖បន្ទាប់ពីបានតំណែងជា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង មក លោកយូ ហេង ល្បីល្បាញ កាន់តែខ្លាំង ករណីភាពមិនប្រក្រតី ដែលអាចពាក់ព័ន្ធ ជាមួយមន្ត្រីគយ ជាជំនិតៗរបស់ខ្លួន ក្នុងការឃុបឃិត ជាមួយឈ្មួញ ឲ្យនាំទំនិញគេចពន្ធ ពីប្រទេសថៃ ចូលមកខ្មែរ តាមច្រកនានា នៃខេត្តបាត់ដំបង។

តាមសេចក្ដីរាយការណ៍ ពីតំបន់ច្រកអូរអន្លក់ នៃស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា លោក នួន ង៉ែតមេគយនិងរដ្ឋាករ ច្រកអូរអន្លក់ មានតួនាទីភារកិច្ច ក្នុងការប្រមូលពន្ធចូលរដ្ឋ ត្រូវបានគេងសង្ស័យថា បានឃុបឃិតគ្នា ជាមួយមេរបស់ខ្លួន គឺលោកយូ ហេង មេគយខេត្តបាត់ដំបង ដើម្បីឃុបឃិតជាមួយឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីប្រទេសថៃមកកម្ពុជា នៅពេលយប់ យ៉ាងគគ្រឹកគគ្រេង មិនខ្លាចញញើត ទៅនឹងអង្គភាពប្រឆាំងអំពើពុករលួយ ឡើយ។

គេបានឲ្យដឹងថា សព្វថ្ងៃនេះ លោក នួន ង៉ែត កំពុងសប្បាយប្រមូលលុយ ពីក្រុមឈ្មួញនាំចូលទំនិញ នឹងក្រុមឈ្មួញនាំចេញអង្ក នឹងកន្ទួក ដែលគេមើលឃើញថា បច្ចុប្បន្ន ក្រុមឈ្មួញកំពុងសម្រុកនាំចេញ ពីកម្ពុជា ទៅប្រទេសថៃ តាមច្រកខាងលើនេះ ដូចទឹកបាក់ទំនប់ ទាំងថ្ងៃទាំងយប់ ។

សេចក្ដីរាយការណ៍បានបន្តថា លោក នួន ង៉ែត ធ្វើអ្វីៗ តាមអំពើចិត្តទាំងនោះបាន ទំនងមានការបើកភ្លើងខៀវ ពីលោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង ជាខ្នងបង្អែកផងដែរ ។ដូច្នេះហើយ ក៏មានការអំពាវនាវ ដល់លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាពិនិត្យមើល និងចាត់វិធានការទប់ស្កាត់ ភាពមិនប្រក្រតីរបស់លោក នួន ង៉ែត មេគយ ច្រកអូរអន្លក់ ស្រុកកំរៀង នឹងលោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបងនេះ ជាបន្ទាន់ផង ចៀសវាងការរិះ ពីសំណាក់មហាជនថា ត្រីច្រវា ចញ្ចឹមត្រីឆ្ដោ ទើបរក្សាភាពស្ងប់ស្ងាត់ ធ្វើមិនដឹងមិនឮបែបនេះ។

ប្រភពពីមន្ត្រីខេត្តដំបង ដោយសមិនបញ្ចេញឈ្មោះ បានលួចខ្សឹបឲ្យដឹងថា លោក យូ ហេង កំពុងធ្វើ ការងារប្រមូលពន្ធ តាមរបៀបជិះសេះលែងដៃ រៀបចំខ្សែទុយោ ឲ្យកាន់ការងារ ប្រមូលលុយខ្មៅ លើតុក្រោមតុ។ ដោយលោក យូ ហេង មិនត្រឹមតែ មិនទាន់ធ្វើ កំណែទម្រង់ ភាពអសកម្ម ក្នុងចំណោមមន្ត្រីគយ ដែលធ្វើឲ្យអ្នករកស៊ី ដឹកជញ្ជូនទំនិញក្តៅក្រហាយនោះទេ លោកថែមទាំងរក្សាទុកមន្ត្រី ដែលចេះប្រមូលលុយ និងចេះអែបអប ឲ្យកាន់ការងារសេដ្ឋកិច្ច ថែមទៀត ងាយស្រួលក្នុងការក្ដោបសេដ្ឋកិច្ច?។

ប្រភពបានបន្តថា មួយរយ:នេះ លោក យូ ហេង កំពុងរងនូវការរិះគន់ ពីក្រុមឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ អំពីការចាត់ចែង ឲ្យមន្ត្រីជាដៃជើងរបស់ខ្លួន ប្រមូលសេដ្ឋកិច្ច តាមរយៈការធ្វើស្ថិតិ ដើម្បីកេណ្ឌក្រុមឈ្មួញដែលរកស៊ី បង់ពន្ធមិនគ្រប់ និងការនាំចូលទំនិញខុសច្បាប់។
ខណៈមានការសង្ស័យថា បានចំណាយលុយច្រើនម៉ុនដុល្លា ដើម្បីបានតំណែង? ហើយក៏បង្កើតឲ្យមានយុទ្ធសាស្ត្រ ទាញយកលាភសក្ការៈទាំងបំពាន ទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីស្រង់ដើម។

ប្រភពបានបន្ថែមថា សកម្មភាពនាំចូលទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ កំពុងកើតឡើងខ្លាំង នៅច្រកអូរអន្លក់ និងច្រកមួយចំនួនទៀត នៃអាណាចក្រ ខេត្តបាត់ដំបង ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹក ក្នុងមួយខែៗ។ ហើយក្រុមឈ្មួញបាននាំចូល ទំនិញបង់ពន្ធមិនគ្រប់ តាមរយៈអំពើសូកប៉ាន់ ពោលគឺជំនាញគយ បង្កើតឲ្យមាននូវ បំបាត់ពន្ធនាំចូល មានទ្រង់ទ្រាយ កាន់តែធំជាងមុន ដោយសារមានភ្លើងខៀវ ពីលោក យូ ហេង។ ហើយទំនិញដែលហូរចូល មកពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង រួមមាន គ្រឿងបន្លាស់ រថយន្ត ម៉ូតូ សំបកកង់រថយន្ត ប្រេងម៉ាស៊ីន និងទំនិញខុសច្បាប់ ផ្សេងទៀត ភាគច្រើនបង់ពន្ធមិនគ្រប់?។

ប្រភពដដែលបានឲ្យដឹងទៀតថា ល្បិចបន្លំពន្ធរបស់ជំនាញគយ គឺស៊ីដោយស្របច្បាប់ គ្រាន់តែលួចបន្លំបង្កាន់ដៃ នាំចូលពីប្រភេទ ទំនិញនាំចូលបង់ពន្ធខ្ពស់ មកបង់ពន្ធជា ប្រភេទទំនិញចម្រុះ ហើយការបង់ពន្ធទំនិញចម្រុះនេះទៀត គឺបង់យ៉ាងច្រើន ត្រឹមពាក់កណ្តាលប៉ុណ្ណោះ?។ ហើយជាធម្មតា ទាំងច្រកតំបន់ ច្រកទ្វេភាគី និងច្រកអន្តរជាតិ ឈ្មួញអាចដឹកទំនិញ ឆ្លងកាត់ច្រកព្រំដែន ចាប់ពីវេលាម៉ោង ៧ព្រឹក និងបញ្ឈប់ម៉ោងរដ្ឋបាល ត្រឹមម៉ោង ៦ល្ងាច ។ ប៉ុន្តែមន្ត្រីគយពុករលួយ បានអនុញ្ញាតឲ្យរថយន្តធុនធំឆ្លងកាត់ តាំងពីម៉ោង ៣-៤ទៀបភ្លឺ? មិនត្រឹមតែខុសច្បាប់រដ្ឋបាលប៉ុណ្ណោះទេ រាល់សកម្មភាព ហូរចូលទំនិញបែបនេះ ត្រូវបានគេដាក់ការសង្ស័យថា ជាទំនិញគេចពន្ធ ឬទំនិញខុសច្បាប់។
ជុំវិញករណីនេះ នារសៀលថ្ងៃនេះ បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការបកស្រាយ ពីលោកយូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង នៅឡើយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,185 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,146 នាក់