ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ បំភ្លឺចំពោះការផ្សាយព័ត៌មាន មិនពិត របស់វិទ្យុអាស៊ីសេរី ដែលបានចោទប្រកាន់ លើសម្តេច ស ខេង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 08:12 ល្ងាច អ្នកអាន 269

 ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីបំភ្លឺចំពោះការផ្សាយព័ត៌មានមិនពិតជាវីដេអូរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ដែលបានចោទប្រកាន់មកលើ សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាបាន បញ្ជាឲ្យចាប់ខ្លួនរាល់មុខសញ្ញា ដែលចូលរូមទទួលដំណើរលោក សម រង្ស៊ី ដោយមិនយល់មុខ ទោះ ជា ជនពិការ អ្នកស្រែចំការ ឬអ្នកដែលគ្រាន់តែបញ្ចេញមតិនៅលើបណ្តាញសង្គម Facebook ក៏ដោយ។
នៅក្នុងសេចក្តីបំភ្លឺ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានការសោកស្តាយចំពោះពាក្យខ្វះការពិត និងគ្មានគុណធម៌ ហើយចាត់ទុកថា ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីបែបនេះ អាចនាំឲ្យសាធារណជនមានការយល់ច្រឡំលើការដឹកនាំរបស់សម្តេចក្រឡាហោម និងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា៖ សម្តេចក្រឡាហោម ស ខេង ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ តែងតែគោរពជាដរាបតាមរដ្ឋធម្មញ្ញកម្ពុជា ជាពិសេសលើមាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាដែលចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពក្នុងការ បញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មានសេរីភាពក្នុងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀត ប្រើសិទ្ធិនេះដោយរំលោភឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។
ជាមួយគ្នានេះ ក្នុងនាមជា អ្នកទទួលខុសត្រូវលើស្តាប័នបម្រើឲ្យការងារថែរក្សាសន្តិសុខ សណ្តាប់ ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចក្រឡាហោមតែងតែណែនាំដល់មន្ត្រីក្រោមវិវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវជៀសវាងដាច់ខាតនូវការប្រើប្រាស់អំពើហិង្សា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅតែទទូចអំពាវនាវឲ្យវិទ្យុអាស៊ីសេរី ត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ ថ្លៃថ្នូរ មានការទទួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើឱ្យសាធារណជនបានទទួលទូវព័ត៌មានពិត និងត្រឹមត្រូវ ដែលមានផលប្រយោជន៍ដល់សង្គមជាតិកម្ពុជា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,083 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,044 នាក់