ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រសួងសាធារណការ គ្រោងចំណាយ ថវិកា ៣លានដុល្លារ ដើម្បីលុបបំបាត់ ស្លាកលេខ សេះហោះ ឬក្លែងក្លាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 04:38 ល្ងាច អ្នកអាន 530

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើលិខិតមួយផ្ញើជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំថវិកាប្រមាណ ៣លានដុល្លារ សម្រាប់ការផ្ដល់ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលមានស្លាកលេខឡានចាស់គ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ។ នេះបើតាមការឲ្យដឹងពីលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ម្សិលមិញ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលេខស្លាកឡានចាស់គ្មាន QR កូដ សូមអញ្ជើញទាំងអស់មកដូរយកស្លាកថ្មី ដែលមាន QR កូដ។ ពេលមកដូរនោះត្រូវធ្វើបច្ចុប្បន្នភាពឈ្មោះ ផ្ទះកាត់នៅកន្លែងណា កាត់ឈ្មោះហើយ ប៉ុន្ដែអត់យកលុយទេ ធ្វើឲ្យព្រី ដែលរាជរដ្ឋាភិបាលយើងត្រូវចេញឲ្យប្រហែល ៣លានដុល្លារអាមេរិក បង់ឲ្យតែក្រុមហ៊ុន KTS ដែលមកជាន់លេខទេ គឺធ្វើឲ្យទទេ ដល់បងប្អូនប្រជាពលរដ្ឋយើង ជាអំណោយរបស់រាជរដ្ឋាភិបាល”។
ការលើកឡើង របស់រដ្ឋមន្រ្ដីក្រសួងសាធារណការ បន្ទាប់ពីពេលថ្មីៗកន្លងមកនេះ សមត្ថកិច្ចបានរកឃើញ និងចាប់បានអ្នកធ្វើស្លាកលេខក្លែងក្លាយចំនួន ៧កន្លែង ដែលជាកន្លែងធ្វើស្លាកលេខនគរបាល, លេខខ.ម, លេខកងរាជអាវុធហត្ថ លេខភ្នំពេញ និងលេខខេត្ដ ដែលទាំង៧កន្លែងនេះ គឺជាកន្លែងជាន់លេខសេះហោះ ឬស្លាកលេខក្លែងក្លាយ។
ជាមួយគ្នានេះលោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ដើម្បីកុំឲ្យមានស្លាកលេខសោះហោះ ឬក្លែងក្លាយប្រើប្រាស់បន្ដទៀតនៅក្នុងប្រទេសកម្ពុជា គឺចាំបាច់ត្រូវប្ដូរមកលេខថ្មី ដែលមាន QR កូដ ដើម្បីផ្ដល់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ស្លាកលេខត្រឹមត្រូវ និងទទួលបាននូវទិន្នន័យល្អទាំងអស់ សម្រាប់ការគ្រប់គ្រងស្លាកលេខយានយន្ដ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,687 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,470 នាក់